លោក ហ៊ុន សែនថាសភាអឺរ៉ុបនិងសភាអាមេរិកគ្មានឥទ្ធិពលដាក់ទណ្ឌកម្មលើកម្ពុជាឡើយ
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃនេះ បានអះអាងថា សភាអាមេរិក និងសភាអឺរ៉ុប មិនអាចរុញឲ្យរដ្ឋាភិបាលរបស់ខ្លួនដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាបានទេ។ ការលើកឡើងបែបនេះរបស់លោក ហ៊ុន សែន គឺធ្វើឡើងបន្ទាប់ពីសភារបស់សហភាពអ៊ឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយឲ្យស្ថាប័នអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស (EEAS) រៀបចំបញ្ជីឈ្មោះមន្រ្តីកម្ពុជាទាំងឡាយណាដែលទទួលខុសត្រូវក្នុងការរំលាយគណបក្សសង្រ្គោះជាតិ និងអ្នកដែលរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ដើម្បីកម្រិតទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេដែលទុកនៅក្រៅប្រទេស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដោយ អ៊ឹង ប៊ុនថន
នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា នៅថ្ងៃសុក្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការសម្រេចរបស់សភាអាមេរិកនិងការសម្រេចរបស់សភាអឺរ៉ុប ថ្មីៗនេះ មិនមានន័យចាប់បង្ខំឲ្យរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលរបស់ប្រទេសអឺរ៉ុបផ្សេងទៀតអនុវត្តក្នុងន័យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលកម្ពុជាបានឡើយ។
លោក ហ៊ុន សែន បានអះអាងថា ទណ្ឌកម្មសេដ្ឋកិច្ចមិនមែនចេះតែធ្វើតាមការអំពាវនាវរបស់ក្រុមបក្សប្រឆាំងនោះទេ ដោយថាក្រុមអ្នកបញ្ជាទិញទំនិញពីកម្ពុជាបានចុះហត្ថលេខារួចរាល់អស់ហើយ។
បើតាមប្រមុខរដ្ឋាភិបាលខ្មែរ សភាអឺរ៉ុបធ្លាប់បានចេញសេចក្តីសម្រេចលើបញ្ហារបស់កម្ពុជាចំនួន៥ដងហើយតាំងពីឆ្នាំ២០១៤មក តែលោកថារដ្ឋាភិបាលអឺរ៉ុបមិនអនុវត្តតាមឡើយ។
ចំពោះរឿងនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ មានប្រសាសន៍ថា គេត្រូវរង់ចាំមើលសិនថាតើរដ្ឋាភិបាលរបស់ប្រទេសអឺរ៉ុបនិងរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ អនុវត្តតាមសំណើរបស់សភានៃប្រទេសទាំងពីរនេះនៅពេលណា។ ប៉ុន្តែលោកជឿថា ជាទូទៅ តាមបទពិសោធន៍កន្លងមក សភារបស់ប្រទេសលោកសេរីធំៗទាំងនេះ គឺមានឥទ្ធិពល និងមានយន្តការ តាមដានលើរដ្ឋាភិបាលក្នុងការជំរុញឲ្យអនុវត្តសេចក្តីសម្រេចរបស់សភា។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចដែលមានកម្រាស់៦ទំព័រ សភាអឺរ៉ុបបានអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបប្រើប្រាស់នូវគ្រប់មធ្យោបាយ ដើម្បីការពារនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា និងធានាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ជាមួយគ្នានេះសភាអឺរ៉ុបក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុប និងស្ថាប័នសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស(EEAS) ឲ្យរៀបចំបញ្ជីឈ្មោះមន្រ្តីកម្ពុជាទាំងឡាយណាដែលទទួលខុសត្រូវក្នុងការរំលាយគណបក្សសង្រ្គោះជាតិ និងអ្នកដែលរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ដើម្បីឈប់ផ្តល់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេតែម្តង។
គួរំលឹកថា ដំណោះស្រាយរបស់សភាអឺរ៉ុបនេះ គឺជាគំនាបថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុបបានប្រកាសព្យួរជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ព្រោះរឿងរំលាយគណបក្សសង្រ្គោះជាតិ។ មិនតែប៉ុណ្ណោះ សភាដែលតំណាងឲ្យជិត៣០ប្រទេសនៅអឺរ៉ុបនេះ ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកកឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងទម្លាក់ចោលរាល់បទចោទទាំងអស់ទៅលើលោកសម រង្ស៊ី និងតំណាងរាស្រ្តដទៃទៀតផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ