លោកហ៊ុន សែនថា លោកជាអ្នកជំរុញឲ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា ខណៈការបកលើខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ នៅមានភាពចម្រូងចម្រាស់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃទី២៣តុលាម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅបកស្រាយ ចំពោះមុខសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ពោល គឺចំខួបគំរប់២៧ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា រូបលោក គឺជាអ្នកជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា។
ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី២៣ ខែតុលា ចំខួប២៧ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំឮកពីការចាប់កំណើតនៃកិច្ចព្រមព្រៀងសន្តិភាពនេះឡើង គឺផ្ដើមចេញពីជំនួបរវាង សម្ដេចព្រះនរោត្តម សីហនុ និងរូបលោក ទោះបីជាក្រុមភាគី ខ្មែរក្រហម និងក្រុមលោក សឺន សាន កាលពីដំបូងឡើយ មិនចង់ឲ្យមានការចរចាក៏ដោយ។
២៧ ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤របស់កម្ពុជា រួមមាន លោកហ៊ុន សែន ចលនាតស៊ូហ៊្វុនស៊ីនប៉ិចរបស់សម្តេចនរោត្តម សីហនុ រណសិរ្សសង្គ្រោះជាតិ លោកសឺន សាន និងក្រុមចលនាខ្មែរក្រហម បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ មានគោលដៅបី គឺទី១៖ រៀបចំឱ្យសន្តិភាព តាមរយៈបទឈប់បាញ់ និងរំសាយអាវុធក្នុងជួរទ័ពនៃភាគីជម្លោះ។ ទីពីរ៖ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការរៀបចំបោះឆ្នោត។ និងទីបី៖ ការការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា បានរៀបចំការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ ១៩៩៣ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។ ក្រៅពីការបោះឆ្នោត កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ក៏មានចែងដែរអំពីការធានាឱ្យកម្ពុជាមានប្រជាធិបតេយ្យ សេរីពហុបក្ស មានការគោរពសិទ្ធិមនុស្ស និងមានអធិបតេយ្យភាព បូរណភាពទឹកដីដែលគ្មានអ្នកណាអាចបំពានបានជាដើម។
យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ អ្នកនយោបាយខ្មែរនៅតែបកស្រាយផ្សេងគ្នាលើខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។ ថ្លែងនៅចំពោះមុខអ្នកគាំទ្រ លោក ហ៊ុន សែន លើកឡើងថា បើកាលណោះ លោកមិនយល់ព្រមទេ ក៏កិច្ចព្រមព្រៀងនេះ មិនអាចប្រសូតចេញបានឡើយ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចព្រមព្រៀងនេះ ថាមានតម្លៃជាប្រវត្តិសាស្រ្ត និងមរតករបស់លោក ក្នុងចំណោមមរតកជាច្រើនទៀត រួមមាន ការផ្តួលរំលំរបបខ្មែរក្រហមឆ្នាំ១៩៧៩ និងការចរចាបញ្ចប់សង្រ្គាមស៊ីវិលបានទាំងស្រុងជាមួយខ្មែរក្រហមក្នុងឆ្នាំ១៩៩៨។ លោក ហ៊ុន សែន ក៏ឆ្លៀតរំឭកពីការជ្រោមជ្រែងពីបរទេស និងឥស្សរជនខ្មែរមួយចំនួន ក្នុងនោះ លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការលីកាដូ ក្នុងការទាក់ទងជាមួយសម្តេចព្រះនរោត្តម សីហនុ ពេលចរចានៅទីក្រុងប៉ារីស។
សម្រាប់អតីតគណបក្សប្រឆាំង និងអ្នកវិភាគមួយចំនួន ការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្រោមហេតុផលនេះ អ្នកនយោបាយនៃអតីតគណបក្សសង្រ្គោះជាតិ ធ្លាប់បានស្នើឲ្យប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស កោះប្រជុំឡើងវិញ ដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជាបច្ចុប្បន្ន ។ ប៉ុន្តែ លោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗហើយថា ស្មារតីកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងអនុវត្តតាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ