កម្ពុជា-ការងារ

ប្រមុខ​រដ្ឋ​ស្តី​ទី​និង​នាយក​រដ្ឋមន្រ្តី​ខ្មែរ តែង​តាំង​ទី​ប្រឹក្សា​អម​ក្រសួង​ការងារ​ជាង​១០០​នាក់​នៅ​ក្នុង​ខែ​សីហា​នេះ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister

នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៧​នេះ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​តែង​តាំង និង​ផ្តល់​ឋានៈ​ជា​ទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចំនួន​ជាង​១០០​នាក់។ ការ​តែង​តាំង និង​ផ្តល់​ឋានៈ​នេះ ធ្វើ​ឡើង​តាម​រយៈ​ព្រះ​រាជក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​សាយ ឈុំ ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី និង​ដោយ​អនុក្រឹត្យ​ដោយ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។

ផ្សាយពាណិជ្ជកម្ម

លោក​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​របស់​កម្ពុជា បាន​សម្រេច​តែង​តែង និង​ផ្តល់​ឋានៈ​ដល់​មន្ត្រី​ចំនួន​២៣​នាក់ ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​អម​ក្រសួង​ការងារ។ តាម​រយៈ​ព្រះ​រាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ មន្រ្តី​ទាំង​២៣​នាក់​នេះ ត្រូវ​បាន​តែង​តាំង​មាន​ឋានៈ​ស្មើ​អនុរដ្ឋ​លេខាធិការ​ចំនួន​២​នាក់ និង​មាន​ឋានៈ​ស្មើ​អគ្គនាយក​ចំនួន​២១​នាក់។ បើ​តាម​ព្រះ​រាជ​ក្រឹត្យ​ដដែល លោក​ប្រមុខ​រដ្ឋ​ស្តី​ទី បាន​បញ្ជា​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ត្រូវ​អនុវត្ត​ព្រះ​រាជក្រឹត្យ​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា​ត​ទៅ។

ដោយ​ឡែក​លោក​ហ៊ុន សែន ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​វិញ ក៏​បាន​សម្រេច​តែង​តាំង​មន្រ្តី​រាជការ​ចំនួន​៧៩​រូប​បន្ថែម​ទៀត​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​អម​ក្រសួង​ការងារ​ផង​ដែរ។ នៅ​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៧ ពោល គឺ​មុន​ចេញ​ព្រះ​រាជក្រឹត្យ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​តែង​តាំង​ពួក​គេ​ទាំង​នោះ​មាន​ឋានៈ​ស្មើ​អគ្គនាយក​រង​ទាំង​អស់។ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​រដ្ឋមន្រ្តី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​ត​ទៅ។

បើ​គិត​ទៅ​នៅ​ក្នុង​ខែ​សីហា​តែ​មួយ​នេះ ប្រមុខ​រដ្ឋស្តីទី និង​នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​ផ្តល់​ទី​ប្រឹក្សា​ដល់​ក្រសួង​ការងារ​ចំនួន​ដល់​ទៅ​១០២​នាក់។ ជុំវិញ​ការ​តែង​តាំង​ទី​ប្រឹក្សា​ដ៏​សន្ធឹក​សន្ធាប់​នេះ ក្រសួង​ការងារ មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បក​ស្រាយ​បាន​នោះ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ មេ​សហជីព​នៅ​កម្ពុជា​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ថ្មី​នេះ គឺ​ជា​សហជីព​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម យល់​ថា ការ​តែង​តាំង​សហជីព​ជា​ទីប្រឹក្សា​ក្រសួង​ការងារ​នេះ គឺ​ជា​ការ​យក​ចិត្ត​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រឹង​ប្រែង​ធ្វើ​ការ​កិច្ច​ការ​នានា​ក្នុង​ការ​ទាក់​ទាញ​ប្រជាប្រិយភាព​ពី​កម្មករ កម្មការនី​ខ្មែរ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ព្រោះ​ជិត​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ បើ​តាម​លោក​សន ជ័យ រដ្ឋាភិបាល​ក៏​គួរ​តែ​គិត​គូរ​បញ្ហា​សហជីព​ឯករាជ្យ​ផង​ដែរ ក្នុង​ន័យ​នេះ លោក​សន ជ័យ​មិន​មែន​ចង់​រដ្ឋាភិបាល​យក​ពួក​គេ​ធ្វើ​ទីប្រឹក្សា​ដែរ​នោះ​ទេ តែ​គ្រាន់​តែ​ចង់​រដ្ឋាភិបាល​ស្ដាប់​សំឡេង​របស់​សហជីព​ឯករាជ្យ​ផ្សេង​ទៀត​ផង ដើម្បី​ជា​ផល​ប្រយោជន៍​ដល់​កម្មករ កម្មការិនី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI