លោកហ៊ុន សែន និងសម រង្ស៊ី ជួបពលករខ្មែររួមគ្នា នៅម៉ាឡេស៊ី
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី ប្រមុខបក្សប្រឆាំង នឹងជួបសំណេះសំណាលជាមួយពលករខ្មែរ នាថ្ងៃរសៀលថ្ងៃសៅរ៍ ទី២៥មេសាស្អែកនេះ នៅប្រទេសម៉ាឡេស៊ី។ នេះជាជំនួបដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ សុទ្ធតែអះអាងថា គឺដើម្បីបង្ហាញឲ្យពលរដ្ឋខ្មែរ នៅបរទេស បានឃើញនិងមានទំនុកចិត្ត លើវប្បធម៌សន្ទនារបស់ប្រមុខដឹកនាំបក្សទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នេះគឺជាលើកទី២ហើយ ដែលប្រមុខបក្សប្រឆាំង និងបក្សកាន់អំណាច សម្រេចដើររួមគ្នា ដើម្បីប្រជាពលរដ្ឋខ្មែរ។ គេនៅចាំបានថា កាលពីលើកទី១ គឺប្រមុខដឹកនាំទាំងពីរ បានអង្គុយលើវេទិកាព្រឹត្តិការណ៍អង្គរសង្ក្រាន្តរួមគ្នា នៅខេត្តសៀមរាប ក្នុងថ្ងៃចូលឆ្នាំខ្មែរ។ ហើយលើកទី២នេះ គឺនៅថ្ងៃទី២៥មេសា មេដឹកនាំទាំងពីរ បានសម្រេចរួមគ្នា សំណេះសំណាលជាមួយពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី។
ទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងក្របខណ្ឌការងារអាស៊ាន និងលោកសម រង្ស៊ី ត្រូវទៅទីនោះ ក្នុងបេសកកម្មការងារនយោបាយគណបក្សក៏ដោយ ក៏ប៉ុន្តែតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ ការជួបគ្នាលើកនេះ គឺដោយសារ មេដឹកនាំទាំងពីរ ចង់បង្ហាញប្រាប់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ឲ្យមានភាពកក់ក្តៅ ពីសុខសន្តិភាព និងការអភិវឌ្ឍ នៃរបត់នយោបាយ នៅកម្ពុជា។តាមលោកឈឹម ផលវរុណ ទោះបីជាគណបក្សទាំងពីរ មាននិន្នាការនយោបាយខុសគ្នាពិតមែន ប៉ុន្តែប្រមុខបក្សទាំងពីរ សុទ្ធតែមានឈាមជ័រជាខ្មែរ ដែលអាចនិយាយគ្នាបាន ហើយនយោបាយខ្មែរ ត្រូវតែមានវប្បធម៌សន្ទនា ដោយមិនយកតាមលំនាំនយោបាយបរទេសជាដាច់ខាត។
ចំនែកលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិវិញ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា ការដើររួមគ្នានៃប្រមុខបក្សប្រឆាំង និងបក្សកាន់អំណាចនេះ គឺមិនមែនមានន័យថាគណបក្សសង្គ្រោះជាតិ មានភាពទន់ជ្រាយ ជ្រេរខ្លួនទៅរកបក្សកាន់អំណាចនោះទេ។ បក្សប្រឆាំង នៅតែរក្សាជំហរ និងគោលនយោបាយរបស់ខ្លួនជានិច្ច។ តាមលោកយឹម សុវណ្ណ ភាពស្និទ្ធស្នាលនេះ គឺជាការថ្លឹងថ្លែងស្ថានការណ៍ ដើម្បីត្រៀមផ្ទេរអំណាចពីមេដឹកនាំមួយ ទៅមេដឹកនាំមួយទៀត។
គេនៅមិនទាន់ដឹងពីប្រធានបទ ដែលប្រមុខដឹកនាំបក្សទាំងពីរ នឹងលើកយកទៅពិភាក្សាពេលជួបគ្នា នៅប្រទេសម៉ាឡេស៊ីនោះទេ។ ប៉ុន្តែបើតាមលោកឈឹម ផលវរុណ បញ្ហាសុខទុក្ខរបស់ពលករខ្មែរ នៅម៉ាឡេស៊ី គឺជាប្រធានរឿងសំខាន់ដែលប្រមុខទាំងពីរ នឹងត្រូវពិភាក្សា។ ប្រមុខបក្សទាំងពីរ នឹងស្តាប់ពីទុក្ខកង្វល់ និងសំណូមពររបស់ពលករខ្មែរ នៅទីនោះ ហើយបន្ទាប់មកប្រមុខដឹកនាំទាំងពីរ នឹងពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ។
សូមបញ្ជាក់ថា ការជួបសំណេះសំណាលជាមួយពលករខ្មែរ នៅប្រទេសម៉ាឡេស៊ីនោះ នឹងធ្វើឡើង នៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃសៅរ៍ទី ២៥មេសា នៅសណ្ឋាគារ Hilton Double Tree Hotel ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ