លោកហ៊ុន សែនចាត់តាំងលោក សៅ សុខា ជាអ្នកដឹកនាំការបង្ក្រាបក្រុមឈ្មួញរត់ពន្ធឈើទៅប្រទេសវៀតណាម
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់បញ្ជាឲ្យមានការបង្ក្រាបក្រុមឈ្មួញរត់ពន្ធឈើទៅប្រទេសវៀតណាម នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី១៥ មករានេះ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា លោកហ៊ុនសែន បានចាត់តាំងលោកសៅ សុខា ឲ្យធ្វើជាប្រធានដឹកនាំការបង្ក្រាបនេះផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានធ្ងន់ៗ ដល់ចៅហ្វាយខេត្ត ចៅហា្វយស្រុក មន្ត្រីនគរបាល កងរាជអាវុធហត្ថ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធដទៃទៀត លើបញ្ហាឈ្មួញឈើ ដែលត្រូវបានគេស្គាល់ថាជាលោកឧកញ៉ា លឹម ប៊ុនណា ហៅខ្នា និងលោកឧកញ៉ា លឹម សំអុល ដែលធ្វើការកាប់ ឬដឹកឈើទៅកាន់ប្រទេសវៀតណាម។ នេះគឺជាការលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផៃ ស៊ីផាន។
លោកផៃ ស៊ីផាន បានសរសេរឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រីមិនត្រឹមតែព្រមានធ្ងន់ៗនោះទេ ប៉ុន្តែថែមទាំងមានវិធានការដកហូតមុខតំណែង និងចាត់តាំងឲ្យលោកសៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើជាប្រធានដឹកនាំការបង្ក្រាបនេះ ដោយរួមមានទាំងការផ្តល់ឧទ្ធម្ភាកចក្រយោធាពីរគ្រឿង ក្នុងការអនុវត្តនៃការងារបង្ក្រាបនេះ រហូតដល់អនុញ្ញាតឲ្យមានការវាយប្រហារពីលើអាកាសប្រឆាំង និងការដឹកជញ្ជូនឈើខុសច្បាប់នេះផងដែរ។
សូមបញ្ជាក់ថា ព្រៃឈើកម្ពុជាត្រូវបានគេដឹងថារងនូវការកាប់បំផ្លាញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ យ៉ាងអនាធិបតេយ្យ។ ហើយបើគេធ្វើដំណើរទៅកាន់តំបន់ភ្នំនិងព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី រតនៈគិរី និងស្ទឹងត្រែងជាដើមនោះ គេនឹងឃើញមានរថយន្តធំៗ ចូលព្រៃកាប់ឈើ ហើយមានរថយន្តធំៗជាច្រើនតំរៀបគ្នានៅរង់ចាំទទួលឈើនៅតាមដងផ្លូវក្នុងតំបន់ព្រៃនោះ។ សកម្មភាពដឹកឈើនេះក៏បន្តមានរហូតដល់ម៉ូតូតូចៗផងដែរ ដែលអ្នកធ្វើដំណើរឆ្លងកាត់ខេត្តទាំងអស់នោះ ប្រទះឃើញមិនដែលដាច់ខានឡើយ។ ព្រៃឈើកម្ពុជាត្រូវបានគេដឹងថានាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេបំផុត និងបន្ទាប់មកទៀតគឺប្រទេសវៀតណាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ