លោក ហ៊ុន សែន៖ ប្រជាធិបតេយ្យនិងសេរីភាពពិតប្រាកដ ពុំមែនស្ថិតលើពាក្យសំដីវាយតម្លៃណាមួយនោះឡើយ
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៨ មិថុនា នេះ បានរៀបចំមិទ្ទីងអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសនេះ ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើរការរស់ឡើងវិញរបស់ប្រជាជាតិ ពុំមែនស្ថិតនៅលើពាក្យសំដីវាយតម្លៃណាមួយនោះឡើយ។
ចុះផ្សាយនៅថ្ងៃ៖
គឺនៅចំពោះមុខអ្នកគាំទ្រគណបក្សកាន់អំណាចជាង៣ម៉ឺននាក់ នៅឯមជ្ឈមណ្ឌលកោះពេជ្រ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើរការរស់ឡើងវិញរបស់ប្រជាជាតិ។ វាក៏ស្ថិតនៅលើជោគជ័យនៃដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងការប្រតិបត្តិនូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ពុំមែនស្ថិតនៅលើពាក្យសំដីវាយតម្លៃរបស់បុគ្គល ឬ មជ្ឈដ្ឋានណានោះឡើយ។
ការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចនេះ បានធ្វើឡើងក្នុងពេលលោកកំពុងដឹកនាំសមាជិកគណបក្សកាន់អំណាចជាង៣ម៉ឺននាក់ ដើម្បីអបអរសាទរខួបលើកទី ៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ២២ មិថុនានេះ។ ប្រមុខបក្សកាន់អំណាច បានបន្ថែមទៀតថា កម្ពុជានឹងមិនត្រូវឱនក្បាលចំពោះការគាបសង្កត់ ឬការគំរាមកំហែងណាមួយ ពីសំណាក់បរទេសឡើយ។
ការគូសបញ្ជាក់របស់ប្រមុខបក្សកាន់អំណាចនេះ គឺជាការឆ្លើយតបដោយប្រយោល ទៅនឹងមជ្ឈដ្ឋាននានាដែលរួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម ដែលបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ស្តាលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈ ការដោះលែងប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងការបើកឲ្យដំណើរការអតីតគណបក្សសង្គ្រោះជាតិឡើងវិញ។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងពិចារណាថា តើនឹងត្រូវព្យួឬបន្តប្រព័ន្ធអនុគ្រោះពន្ធ EBA ឬ GSP ដែលជាប្រព័ន្ធអនុគ្រោះពន្ធដ៏ចាំបាច់ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការបើកផ្លូវឲ្យកម្ពុជានាំផលិតផលសម្លៀកបំពាក់ កាបូប និងស្បែកជើង និងផលិតផលផ្សេងៗទៀតលើកលែងតែអាវុធ ចូលទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដោយមិនយកពន្ធ។ ប៉ុន្តែយ៉ាងណាក៏ដោយ តាមរយៈមីទ្ទីងអបអរសាទរខួប៦៨ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ ប្រមុខបក្សកាន់អំណាច បានអះអាងជាថ្មីថា កម្ពុជានឹងមិនត្រូវឱនក្បាលចំពោះការគាបសង្កត់ ឬការគំរាមកំហែងណាមួយ ពីសំណាក់បរទេសឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ