កម្ពុជា

លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន លួច​ប្ដេជ្ញា​ថា ​លាលែង​ពី​តំណែង ប្រសិន​បើ​ផ្ទៀង​ផ្ទាត់​ផែនទី​បារាំង​មិន​ត្រូវ​គ្នា

លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន បំភ្លឺ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ថ្ងៃ​ទី​០៨ កញ្ញា ២០១៥
លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន បំភ្លឺ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ថ្ងៃ​ទី​០៨ កញ្ញា ២០១៥ RFI/Im Rachna
ដោយ៖ អ៊ឹម រចនា
១៨ នាទី

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ​បាន​លួច​ប្ដេជ្ញា​ថា ​នឹង​​លាលែង​ពី​តំណែង ហើយ​ដើរ​ចូល​ពន្ធនាគារ ប្រសិន​បើ​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​ពីបារាំង និង​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើ​ប្រាស់​ ​​មិន​ត្រូវ​គ្នា។ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​ពី​បារាំង​និង​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ប្រកាស​ថា ដូច​គ្នា​ទាំង​ស្រុង​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​តាម​ទូរទស្សន៍ជាតិ​កម្ពុជា ​ស្ដី​ពី​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា​និង​វៀតណាម នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋ​មន្ដ្រី​ក៏​បាន​ឆ្លៀត​ឱកាស​វាយ​ប្រហារ​ខ្លាំង​ៗ​ទៅ​លើ​បក្ស​ប្រឆាំង​ថា យក​ផែនទី​ទៅ​បោក​ប្រាស់​ប្រជាពលរដ្ឋ​កម្ពុជា​​។

ផ្សាយពាណិជ្ជកម្ម

«ខ្ញុំ​ព្រះ​ករុណា​បាន​ប្ដេជ្ញាចិត្ត​រួច​ហើយ​ថា ប្រសិន​បើ​ផែនទី​មក​ពី បារាំង​ខុស​គ្នា​ជាមួយ​ផែនទី​ដែល​ចុះ​ហត្ថលេខា​ជាមួយ​បារាំង ខ្ញុំ​ព្រះ​ករុណា​នឹង​ប្រកាស​លាលែង​ពី​តំណែង​ភ្លាម មិនធ្វើ​នាយករដ្ឋ​មន្ដ្រី​ត​ទៅ​ទៀត​ទេ ហើយ​ក៏​ស្ម័គ្រ​ចូល​ទៅ​កាន់​មន្ទីរ​ឃុំ​ឃាំង​រង់​ចាំ​តុលាការ​កាត់​ទោស​តែ​ម្ដង ព្រោះ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​ធេង​។»

 

នេះ​គឺ​ជា​ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ស្ដី​ពី​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា​និង​វៀតណាម​។

ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពីរដ្ឋាភិបាល​កម្ពុជា ទើប​បាន​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ខ្ចី​ពី​ប្រទេស​បារាំង​ចំនួន​២៦​ផ្ទាំង ជាមួយ​ផែនទី​ផ្លូវការ​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៣​កញ្ញា ដោយ​លទ្ធផល​បង្ហាញ​ថា ដូច​គ្នា​ទាំង​ស្រុង​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​នេះ​ដែរ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​បាន​ការពារ​ពី​ភាព​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​កិច្ច​ការងារ​កសាង​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង​។ លោក​ថា ការ​កំណត់​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​ធ្វើ​ឡើង​តាម​រយៈ​ផែនទី​បោន ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ សន្ធិសញ្ញា​និង​កិច្ច​ព្រម​ព្រៀង​​ឆ្នាំ​១៩៨៣ និង​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ គឺ​មិន​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ទឹក​ដី​ឡើយ​។

លោក​នាយក​រដ្ឋ​មន្ដ្រី​ក៏​បាន​ឆ្លៀត​ឱកាស​នេះ វាយ​ប្រហារ​ខ្លាំង​ៗ​ទៅ​លើផែនទី​របស់​បក្ស​ប្រឆាំង ថា​ជាផែនទី​ដែល​សាហាវ​ជាង​អសិរពិស និង​ជា​ផែនទី​ដែល​ធ្វើ​ឲ្យ​សមាជិក​របស់​ខ្លួន​ត្រូវជាប់​ពន្ធនាគារ​នា​ពេល​កន្លង​មក​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចោទ​ប្រកាន់​​បក្ស​ប្រឆាំង​ទៀត​ថា​​ ​បាន​យក​ផែនទី​ទៅ​បោក​ប្រាស់​ប្រជាពលរដ្ឋ ដើម្បី​កេង​យក​ផល​ចំណេញផល​ប្រយោជន៍​​នយោបាយ​​។ ជាមួយ​គ្នា​នោះ លោក​នាយក​រដ្ឋ​មន្ដ្រី​ក៏​មិន​ភ្លេច​​​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា ​ដែល​ហៅ​ផែនទី​ផ្លូវការ​របស់​រដ្ឋាភិបាល ថា​ជា​ផែនទី​ក្លែងក្លាយ ឬ​ផែនទី​ចោរ​ជាដើម​នោះ​ផង​ដែរ។ 

ចំពោះ​បញ្ហា​ព្រំដែន និង​បូរណភាព​ទឹក​ដី​កម្ពុជា​​នេះ លោក​សម រង្ស៊ី ធ្លាប់​បាន​បញ្ជាក់ថា មិនមែនជា​បញ្ហា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ហើយក៏​មិនមែនជា​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ​នោះដែរ​។ តែ​វា​ជា​បញ្ហា​រវាង​កម្ពុជា និង វៀតណាម។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ខ្មែរ​អ្នកស្នេហាជាតិ​ទាំងអស់ មិនត្រូវ​ចាញ់ល្បិច​បំបែកបំបាក់​របស់​បរ​ទេស​ឈ្លានពាន​ទេ ហើយ​ត្រូវ​រួបរួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា​ឲ្យ​បាន​គង់វង្ស៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI