សន្និបាត CPP ពីរថ្ងៃ៖ លោក ហ៊ុន សែន ផ្ដល់ដំណោះស្រាយផងព្រមានផង
ចុះផ្សាយនៅថ្ងៃ៖
សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជារយៈពេលពីរថ្ងៃ បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃអាទិត្យទី១០ធ្នូនេះ។ ជាការកត់សម្គាល់នៅក្នុងសន្និបាតប្រចាំឆ្នាំនេះលោក ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស បានផ្តល់នូវដំណោះស្រាយផង និងវិធានការនៅចំពោះមុខផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមជាគណបក្សដឹកនាំប្រទេស បានផ្តល់ដំណោះស្រាយ និងធ្វើការសម្រេចចិត្តជាច្រើន ដែលអាចចាត់ទុកថា ជាដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ អ្វីដែលគេបានដឹង តាមរយៈការទម្លាយព័ត៌មានជាបន្តបន្ទាប់ពីក្នុងកិច្ចប្រជុំតាមរយៈបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់របស់លោក និងតាមរយៈមន្រ្តីជាន់ខ្ពស់គណបក្សផង។
ជាក់ស្តែងនៅថ្ងៃទី២នៃសន្និបាតគណបក្សនាថ្ងៃអាទិត្យទី១០មករានេះតែម្តង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្តីសម្រេចជាផ្លូវការ ស្តីពីការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ។ បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្តី ក៏បានសន្យាបញ្ចុះតម្លៃនៃការប្រើប្រាស់អគ្គិសនីរបស់ពលរដ្ឋខ្មែរផងដែរនៅឆ្នាំ២០១៧ ខាងមុខ។ បើតាមលោកនាយករដ្ឋមន្រ្តី ចាប់ពី ខែ មេសា ឆ្នាំ ២០១៧តទៅ ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញអគ្គិសនីរដ្ឋក្នុងបរិមាណ ពី៥០គីឡូវ៉ាត់ចុះក្រោម គឺបង់ថ្លៃត្រឹមតែ ៦១០រៀលតែប៉ុណ្ណោះ។
ក្រៅពីសេចក្តីសម្រេចគួរជាទីអបអរសាទរនៃប្រជាពលរដ្ឋកម្ពុជានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានព្រមានដកតំណែងឯកអគ្គរាជទូតខ្មែរប្រចាំនៅបរទេសណា ដែលមិនសកម្មក្នុងការផ្តល់សេវាដល់ពលរដ្ឋខ្មែរផងដែរ។ នេះបើតាមការសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមសន្និបាតរបស់គណបក្ស នៅថ្ងៃអាទិត្យ ទី១០មករានេះ។
ក្រៅពីនេះ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏បានរំឮកឡើងវិញ ពីសំណុំរឿងរបស់ក្រុមអ្នកដុតរថយន្តមន្រ្តីកងរាជអាវុធហត្ថ នៅពេលការបោះឆ្នោតជាតិឆ្នាំ ២០១៣ ថា អាជ្ញាធរនឹងមិនលើកលែងនោះឡើយ។ សូមបញ្ជាក់ថា រថយន្តមន្រ្តីកងរាជអាវុធហត្ថចំនួនពីរគ្រឿង ត្រូវបានមនុស្សមួយក្រុមវាយបំផ្លាញ និង ដុតកម្ទេចចោល នៅល្ងាចថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ នៅមុខវត្តស្ទឹងមានជ័យ។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានព្រមានខ្លាំងៗនិងចំៗ ដល់រដ្ឋមន្ត្រីណាដែលមានប្រពន្ធ មានកូន មានបងប្អូន ចូលមកលូកលាន់ដល់ការងាររបស់ក្រសួង ត្រូវតែដកខ្លួនចេញជាបន្ទាន់។
សូមបញ្ជាក់ថាសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជារយៈពេលពីរថ្ងៃនេះ គឺដើម្បីវាយតម្លៃសភាពការណ៍និងការងារគណបក្សក្នុងឆ្នាំ២០១៥និងទិសដៅភារកិច្ចឆ្នាំ២០១៦។ សន្និបាតនេះផ្ដោតជាសំខាន់ក្នុងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ រួមទាំងការដាក់បញ្ចូលបេក្ខភាពយុវជននិងនារីសម្រាប់ការបោះឆ្នោត ក្រុម ប្រឹក្សា ឃុំ សង្កាត់ ២០១៧ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ