កម្ពុជា

អាជ្ញាធរ និងគណៈកម្មការ​ចំនួន ៥​ត្រូវ​ផ្ទេរ​ចេញ​ពី​គណៈរដ្ឋមន្ត្រី

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister

​នៅ​ថ្ងៃ​ទី ២២​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាត់​ផ្តាច់​អាជ្ញាធរ និង​គណៈកម្មការ​ចំនួន ៥​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​គណៈរដ្ឋមន្ត្រី​ដែល​មាន​លោក សុខ អាន​បាន​កាន់​កាប់។ អាជ្ញាធរ​ទាំង​នោះ​រួម​មាន អាជ្ញាធរ​អប្សរា គណៈកម្មការ​គ្រប់​គ្រង​ផ្លូវ​ដែក​ជា​ដើម​នឹង​ត្រូវ​រុញ​បញ្ចូល​ទៅ​ឱ្យ​ក្រសួង​វប្បធម៌ និង​ក្រសួង​សាធារណៈ​ការ​គ្រប់​គ្រង​ជំនួស​វិញ។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុនិស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​ស្តី​បន្ទោស​ចំ​មុខ​តែ​ម្តង​ទៅ​លើ​អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​អត្ថាធិប្បាយ​ខុស​ចំពោះ​ការ​រៀប​ចំ​ និង​បែង​ចែក​អាជ្ញាធរ និង​គណៈកម្មការ​ដែល​ធ្លាប់​នៅ​ក្រោម​គណៈ​រដ្ឋមន្ត្រី។ ក្រៅ​ពី​នេះ​រាជ​បណ្ឌិត​សភា​កម្ពុជា និង​អាកាសចរណ៍​ស៊ីវិល គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ដដែល។ បន្ថែម​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ការ​ដំឡើង​ប្រាក់​បៀវត្សន៍​របស់​គ្រូ​បង្រៀន និង​មន្ត្រី​រាជការ​ផង​ដែរ។ ក្នុង​នោះ មន្ត្រី​រាជការ​នឹង​ទទួល​បាន​ប្រាក់​ចំនួន ៨៣​ម៉ឺន ៥​ពាន់​ ៣​រយ​រៀល​ក្នុង​មួយ​ខែ​សម្រាប់​ខែ​មេសា​ខាង​មុខ។ ដោយ​ឡែក​គ្រូ​បង្រៀន​វិញ​នឹង​ទទួល​បាន​ប្រាក់​បៀវត្សន៍​ចំនួន ៩៥​ម៉ឺន ៣​ពាន់ ៥​រយ​រៀល។សូម​ចុច​​ស្តាប់​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​រៀប​ចំ​ដោយ​ស៊ុន មេសា