កម្ពុជានឹងបង្កើតកងពលតូចថ្មីមួយទៀតនៅខេត្តស្ទឹងត្រែង ក្រោយពីមានការឈ្លានពានពីភាគីឡាវ
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៦ សីហានេះ បានធ្វើដំណើរតាមឧត្ថម្ភាគចក្រ ពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីពិនិត្យ និងសួរសុខទុក្ខកងទ័ពនៅទីនោះ។ ប៉ុន្តែទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសថា លោកនឹងបង្កើតកងពលតូចអន្តរាគមន៍ពិសេសថ្មីមួយទៀត ដើម្បីឲ្យប្រចាំការនៅក្នុងខេត្តស្ទឹងត្រែង។ បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសពីការបោះទីតាំងកងទ័ពជើងទឹក ឲ្យទៅប្រចាំការនៅទីនោះផងដែរ។ សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការបង្កើនចំនួនកងទ័ពនៅព្រំដែនឡាវនេះ មិនមែនជាគោលដៅដើម្បីធ្វើសង្រ្គាមនោះទេ។
កងពលតូចអន្តរាគមន៍ពិសេសថ្មីនេះ មានលេខ ១២៨ ឬ ហៅថា “កងពលតូចថ្មើរជើងលេខ១២៨”។ កងពលតូចថ្មើរជើងថ្មីនេះ នឹងចំណុះឲ្យយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ នេះបើតាមការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ខណៈដែលលោកកំពុងធ្វើដំណើរតាមឧត្ថម្ភាគចក្រ ពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី ១៦ សីហានេះ។ ក្រៅពីបានប្រកាសពីគម្រោងបង្កើតកងពលតូចថ្មើរជើងថ្មីនេះហើយ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោះទីតាំងកងទ័ពជើងទឹកកម្ពុជា ឲ្យទៅប្រចាំការនៅក្នុងខេត្តភាគឥសាន នៃប្រទេសកម្ពុជានេះដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី នៅមិនទាន់អាចបញ្ជាក់ពីរចនាសម្ព័ន្ធកងពលតូចថ្មីនេះនៅឡើយទេ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ការបង្កើតឡើងនូវកងពលតូចថ្មីនេះ គឺដើម្បីបន្ថែមការការពារតំបន់ព្រំដែនកម្ពុជានៅក្នុងខេត្តស្ទឹងត្រែង នៅក្នុងរង្វង់ផ្ទៃដី៥០គីឡូម៉ែត្រការ៉េ។ កងកម្លាំងនេះ គឺជាកងកម្លាំងសន្តិភាព ដែលនឹងដើរល្បាតជាមួយកងម៉ារីនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន គ្រឿងញៀន និងជម្លោះប្រពៃណីផងដែរ។
ប៉ុន្តែ អ្វីជាការកត់សំគាល់ ការបង្កើនវត្តមានកងយោធាកម្ពុជានៅតំបន់ព្រំដែន កម្ពុជា-ឡាវ គឺបន្ទាប់ពីភាគីឡាវបានចូលមករំលោភឈ្លានពានទឹកដីកម្ពុជា នៅត្រង់អូតាង៉ាវ និងអូអាឡៃ ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង រួមទាំងការរារាំងការស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ពីសំណាក់យោធាឡាវកាលពីប៉ុន្មានថ្ងៃមកនេះ។ ប៉ុន្តែ ភាពតានតឹងរវាងភាគីទាំងពីរបានបញ្ចប់ទៅ កាលពីថ្ងៃទី ១២ សីហា បន្ទាប់ពីមានការចរចាដោះស្រាយតាមបែបកាទូតក្នុងកំរិតខ្ពស់ រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធដែរថា ការបន្ថែមវត្តមានកងទ័ពទាំងជើងគោកនិងជើងទឹកនេះ មិនមែនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាង (ឡាវ) នោះទេ តែគឺដើម្បីកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងតែប៉ុណ្ណោះ។
អ្វីជាការកត់សំគាល់ដែរនោះ នៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានគ្រងឯកសណ្ឋានយោធាជាថ្មីម្តងទៀត ក្នុងនាមជានាយឧត្តមសេនីយន៍ផ្កាយមាស៥ផុតលេខ ដោយបានធ្វើដំណើរតាមឧត្ថម្ភាគចក្រ ពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង។ ដំណើររបស់លោកនាយករដ្ឋមន្រ្តីនៅពេលនេះ ក៏បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីការរកឃើញសាកសពយោធាកម្ពុជាម្នាក់ ដែលសង្ស័យថា បានស្លាប់បាត់បង់ជីវិត ដោយសារតែការលិចទូក នៅក្នុងបេសកម្មការពារព្រំដែននៅទីនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ