កម្ពុជា-អាមេរិក

លោក​​ហ៊ុន សែន អរគុណ​សមាជិក​ព្រឹទ្ធសភា​អាមេរិកដែល​គាំទ្រ​ក្នុង​រឿង​ផែនទី​និង​ព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន RFI/Channa Siv
ដោយ៖ អ៊ឹម រចនា
១៧ នាទី

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​សរសេរ​លិខិត​ថ្លែង​អំណរគុណ ​លោក ដុន បេនតុន សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែល​បាន​គាំទ្រ​លោក នៅ​ក្នុង​រឿង​ផែនទី និង​ព្រំដែន​​។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៨​កញ្ញា ផ្ញើ​ជូន​សមាជិក​ព្រឹទ្ធសភា​អាមេរិក ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការ​គាំទ្រ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រូប​លោក និង​រដ្ឋាភិបាល​កម្ពុជា​។ 

ផ្សាយពាណិជ្ជកម្ម

«ខ្ញុំ​សូមសម្ដែង​នូវ​អំណរ​គុណ​ដ៏​ស្មោះ​ស្ម័គ្រ​ចំពោះ​សមានចិត្ត និង​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​របស់​ឯកឧត្តម ដែល​បាន​ផ្ដល់​ជូន​ខ្ញុំ សម្រាប់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា​»​។ នេះ​គឺ​ជា​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន សរសេរ​នៅ​ក្នុង​លិខិត​របស់​ខ្លួន ទៅ​កាន់​លោក ដុន បេនតុន សមាជិក​ព្រឹទ្ធសភា​អាមេរិក​។ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សរសេរ​លិខិត​នេះ ​បន្ទាប់​ពីបាន​ទទួល​លិខិត​ពី​​លោក ដុន បេនតុន ចុះ​ថ្ងៃ​ទី​១១​ខែ​កញ្ញា​។

 

ក្រៅ​ពីនេះ លោក​ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី បន្ត​ថា ការ​​ការ​យល់​ឃើញ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា ការ​វាយ​ប្រហារ​ទៅ​លើ​រូប​លោក និង​រដ្ឋាភិបាល​របស់​លោក លើ​បញ្ហា​ទាំង​នេះ គឺ​គ្មាន​មូលដ្ឋាន និង​មាន​ហេតុផល​នយោបាយ គឺ​ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រូប​លោក និង​រដ្ឋាភិបាល​កម្ពុជា​។

មិន​ត្រឹម​តែ​ថ្លែង​អំណរគុណ​ចំពោះ​លោក ដុន បេនតុន ទេ លោក​នាយក​រដ្ឋ​មន្ដ្រី​ក៏​បាន​ឆ្លៀត​ឱកាស​នេះ រៀបរាប់​ពី​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ការពារ​និង​ថែ​រក្សា​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជានា​ពេល​កន្លង​មក​​។ ជាការងារ​​ដែល​ក្នុង​នោះ​មាន​ដូច​ជា ការ​កំណត់​និង​បោះ​បង្គោល​ព្រំដែន ការ​ប្រើ​ប្រាស់​ផែនទី ការ​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ព្រម​ទាំង​​ការ​ផ្ទៀងផ្ទាត់​ផែនទី​ពី​អង្គការ​សហប្រជាជាតិ ក៏​ដូច​ជា​​ប្រទេស​បារាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

គួរ​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា សមាជិក​ព្រឹទ្ធ​សភា​អាមេរិក លោក ដុន បេនតុន បាន​ផ្ញើ​លិខិត​មួយ​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ន័យ​កោត​សរសើរ និង​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែនជាមួយ​វៀតណាម ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​។ នៅ​ក្នុង​លិខិត​នោះ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​រូប​នេះ បាន​គូស​បញ្ជាក់​ថា ការ​ការពារ​និង​ការ​រក្សា​បូរណភាព​ទឹក​ដី​របស់​ប្រទេស​ជាតិ ស្ថិត​ក្នុង​ចំណោមកាតព្វកិច្ច​សំខាន់​បំផុត ដែល​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​ត្រូវ​តែ​ធ្វើ​ ព្រោះ​បើ​តាម​លោក ដុន បេនតុន បើ​គ្មាន​ការ​កំណត់​ព្រំដែន​ប្រទេស​ជាតិ​ឲ្យ​បាន​ច្បាស់​លាស់​ទេ គឺ​គ្មាន​ប្រទេស​ណា​អាច​ការពារ​ផល​ប្រយោជន៍​មូលដ្ឋាន​របស់​ពលរដ្ឋ​ ឬ​ផ្ដល់​ការ​ដឹក​នាំ​ក្នុង​វិស័យ​សំខាន់​ៗ​បាន​ទេ​។

សមាជិក​ព្រឹទ្ធសភា​រូប​នេះ នៅ​ចុង​បញ្ចប់​នៃ​លិខិត ក៏​បាន​សម្ដែង​សេចក្ដី​សង្ឃឹម​ថា អារ្យធម៌​ខ្មែរ​បុរាណ នឹង​អាច​វិល​ត្រឡប់​ទៅ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្សះ​ផ្សារ ការ​ធ្វើ​ប្រជាធិបតេយ្យូបនីយកម្ម និង​ពាណិជ្ជកម្ម​អន្ដរជាតិ ដែល​នឹង​បង្កើន​គុណភាព​ជីវភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI