លោក ហ៊ុន សែន ព្រមានប្តឹងទារ២លានដុល្លារលើអ្នកដែលជេរប្រមាថជីវិតលោកតាមហ្វេសប៊ុក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃពុធនេះ បានព្រមានមិនលើកលែងដល់អ្នកដែលជេរប្រមាថដល់អាយុជីវិតរបស់លោកនៅតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងជំនួបជាមួយក្រុមកម្មករ-កម្មការិនី ជាង១ម៉ឺននាក់នៅក្នុងខេត្តកោះកុង លោកហ៊ុន សែន គ្រោងនឹងប្តឹងអ្នកជេរប្រមាថជីវិតរបស់លោកដោយនឹងទាមទារសំណងជំងឺចិត្តមិនតិចជាង២លានដុល្លារនោះទេ។
ពីខេត្តកោះកុង លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងឱ្យដឹងថា លោកកំពុងឱ្យមានក្រុមមេធាវីរបស់លោកសិក្សា និង ពិចារណាចំពោះអ្នកដែលតែងតែជេរប្រមាថកាតទានដល់អាយុជីវិតរបស់លោក ដើម្បីរៀបចំប្តឹងទៅកាន់តុលាការ។ លោកនាយករដ្ឋមន្រ្តីចង់ប្តឹងទាមទារសំណងជំងឺចិត្តពីរូបអ្នកជេរប្រមាថជីវិតរបស់លោកនោះ មិនតិចជាង២ ដុល្លារអាមេរិកឡើយ ដោយមិនប្តឹងយក១០០រៀលដូចលើកមុនទៀតនោះទេ។ បើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺលោកនឹងយកថវិកាទាំងអស់នោះទៅជួយដល់កុមារកំព្រា។
បើទោះបីមិនបញ្ចេញឱ្យចំឈ្មោះ ប៉ុន្តែលោកប្រមុខរដ្ឋាភិបាលកម្ពុជាទំនងជាចង់សំដៅទៅលើក្រុមលោកសម រង្ស៊ី។ ក្រុមលោកសម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស និងកំពុងធ្វើសកម្មភាពគៀងគរឱ្យអន្តរជាតិដាក់គំនាប និងទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញ។ ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បើទោះបីអ្នកជេរប្រមាថដល់អាយុជីវិតរបស់លោកកំពុងនៅក្រៅប្រទេសក៏ដោយ គឺលោកនឹងប្តឹងឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏បានប្រាប់ឱ្យអាជ្ញាធរនៅតាមបណ្តាខេត្តនានារកមើលទ្រព្យសម្បត្តិរបស់អ្នកជេរប្រមាថដល់អាយុជីវិតរបស់លោក ដើម្បីទុកឱ្យតុលាការកាត់ក្តីរឹបអូសថែមទៀត។
មកដល់ពេលនេះ ក្រុមមេធាវីរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រមូលភស្តុតាងនៃការជេរប្រមាថដល់អាយុជីវិតពីសំណាក់ក្រុមលោកសម រង្ស៊ី ចំនួន៣២សារហើយ។ ចំពោះលោកនាយករដ្ឋមន្រ្តី ក្រុមលោកសម រង្ស៊ី ធ្វើនយោបាយអ្វីមិនកើត បែរជាមកធ្វើនយោបាយបន់ឱ្យគេស្លាប់ ឫមានគ្រោះថ្នាក់ផ្សេងៗ។ នយោបាយបែបនេះ គឺមិនមែនជានយោបាយបង្រួបបង្រួមជាតិនោះឡើយ។ នេះបើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ក្រៅពីព្រមានប្តឹងក្រុមលោកសម រង្ស៊ី ពីរឿងបង្ហោះសារជេរប្រមាថដល់អាយុជីវិតនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រាប់ទៅដល់ក្រុមកម្មករ កម្មការិនីនៅខេត្តកោះកុងកុំឱ្យខ្វាយខ្វល់នឹងការឃោសនារបស់ក្រុមអតីតបក្សប្រឆាំងទាក់ទងនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុប។ សម្រាប់លោកហ៊ុន សែន កម្មករ កម្មការីនីគ្មានភាពចាំបាច់ត្រូវទៅភ័យព្រួយនឹងរឿងនេះទេ ព្រោះពួកគេកំពុងតែមានការងារធ្វើ និងមានប្រាក់ចំណូលដូចធម្មតានៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ