កម្ពុជាចិនគ្រោងចុះហត្ថលេខាលើឯកសារស្តីពីជំនួយចិន នៅក្នុងវេទិកាផ្លូវមួយ ខ្សែក្រវាត់មួយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥មេសានេះ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកា «ផ្លូវមួយ ខ្សែក្រវាត់មួយ» លើកទី២ នៅទីក្រុងប៉េកាំង រយៈពេល៥ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ។ តាមរយៈវេទិកា ខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ កម្ពុជានិងចិន គ្រោងចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។
តាមគម្រោងនៅក្នុងវេទិកា ខ្សែក្រវាត់មួយ ផ្លូវមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាពីមូលបទស្ដីពីការ«បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ បន្ទាប់មកទៀតនៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ លោកនាយករដ្ឋមន្ត្រីកម្ពុជា នឹងចែករំលែកទស្សនវិស័យលើមូលបទក្រោមឈ្មោះថា«ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។ ក្រៅពីនេះ លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រី លី ខឺឈាងនិងថ្នាក់ដឹកនាំចិនមួយចំនួនទៀត។
កម្ពុជាបានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់លោកប្រធានាធិបតី ស៊ី ជីនពីង នៅឆ្នាំ២០១៦។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា តាមរយៈវេទិកាផ្លូវមួយខ្សែក្រវាត់មួយនាពេលកន្លងមក កម្ពុជាទទួលបានប្រយោជន៍ដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ។ ប្រយោជន៍ទាំងនោះរួមមានៈ ការទម្លាក់ថវិការបស់ចិនក្នុងការអភិវឌ្ឍថាមពលវារីអគ្គិសនី ការតភ្ជាប់ផ្លូវល្បឿនលឿន និងក្ដីរំពឹងខាងមុខគឺការតភ្ជាប់ផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៦នៅតំបន់ទន្លេសាប។
អ្នកវិភាគមួយចំនួនបានរម្លឹកកម្ពុជាឲ្យប្រយ័ត្នប្រយែងនៅក្នុងការចង់សម្ព័ន្ធមេត្រីភាពនៃគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ។ ប្រយ័ត្នប្រយែងព្រោះថា ប្រទេសស្រីលង្កា ជាឧទាហរណ៍ដែលត្រូវចិនកាប់កាប់កំពុងផែទឹកជ្រៅរយៈពេល៩៩ឆ្នាំជាថ្នូរនឹងការទូទាត់បំណុលរបស់ចិន។
សូមបញ្ជាក់ជូនថា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសកលដែលបើកសម្ពោធជាផ្លូវការដោយប្រធានាធិបតីចិនលោក ស៊ី ជិនពីង តាមរយៈការរៀបចំជំនួបកំពូលលើកទី១ក្នុងឆ្នាំ២០១៧។ ជំនួបលើកទី១កាលណោះ ចូលរួមដោយប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល២៩រូប ខណៈជំនួបលើកទីពីរដែលមានរយៈពេលបីថ្ងៃនេះ មានការចូលរួមប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលក្រោយ៣៧រូប។ កម្មវត្ថុនៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយ គឺបង្កើនការតភ្ជាប់ផ្លូវពាណិជ្ជកម្មរវាងចិនជាមួយទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ។ នៅក្នុងគម្រោងនេះ មានការសាងសង់ កំពុងផែ ផ្លូវរថភ្លើង អាកាសយានដ្ឋាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ