លោក ហ៊ុន សែន ចេញទៅជប៉ុននៅថ្ងៃនេះ ខណៈអ្នកគាំទ្របក្សប្រឆាំងគ្រោងស្វាគមន៍លោកដោយបាតុកម្ម
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ីនៅក្នុងទីក្រុងតូក្យូ។ ប៉ុន្តែ ការទៅប្រទេសជប៉ុនលើកនេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជានឹងប្រឈមមុខនឹងការធ្វើបាតុកម្មប្រឆាំងរូបលោកពីសំណាក់អ្នកគាំទ្រអតីតបក្សប្រឆាំងមួយចំនួននៅទីនោះ។ ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងលោកនៅថ្ងៃទី៣០ ខែឧសភា។
គម្រោងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅក្នុងប្រទេសជប៉ុនពីសំណាក់អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិនេះ នឹងធ្វើឡើងនៅ៣ទីតាំងផ្សេងៗគ្នា។ ទីមួយ គឺនៅពីមុខទីតាំងរៀបចំសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ីនេះផ្ទាល់តែម្តង។ ទីពីរ ធ្វើឡើងនៅពីមុខក្រសួងការបរទេស និង ទីបី នៅពីមុខរដ្ឋសភាជាតិរបស់ជប៉ុន។
លោកហៃ វណ្ណា ប្រធានចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិប្រចាំនៅប្រទេសជប៉ុនបានប្រាប់បណ្តាញសារព័ត៌មានថា ការធ្វើបាតុកម្មនេះ គឺ ដើម្បីបង្ហាញថាអ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្នុងប្រទេសជប៉ុនមិនទទួលស្គាល់លោកហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាទេ។ លោកបានគូសបញ្ជាក់ថា ការមិនទទួលស្គាល់នេះ គឺដោយសារតែលោកហ៊ុន សែន ឡើងជានាយករដ្ឋមន្រ្តីតាមរយៈការបោះឆ្នោតដែលលោកចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
ឆ្លើយតបនឹងគម្រោងរៀបចំធ្វើបាតុកម្មប្រឆាំងលោកហ៊ុន សែន នៅជប៉ុននេះ លោកសុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនក្នុងនាមជាភ្ញៀវរបស់នាយករដ្ឋមន្រ្តីជប៉ុន។ ដូច្នេះហើយ ការធ្វើបាតុកម្មប្រឆាំងវត្តមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាណាមួយនឹងត្រូវសមត្ថកិច្ចជប៉ុនចាត់ការហើយ។
សូមជំរាបជូនថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងចំណាយពេល៤ថ្ងៃនៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨រហូតដល់ទី៣១ ឧសភា ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ស្តីពីអនាគតរបស់អាស៊ី។ ជាមួយគ្នានេះលោក ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ ផងដែរ។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងអភិវឌ្ឍន៍នៅប្រទេសកម្ពុជាចំនួន២ គឺ ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដែលមានការសាងសង់ស្ថានីយកុងតឺណឺដែលមានទឹកប្រាក់២០០លានយ៉េន និង ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សដែលមានទឹកប្រាក់ចំនួន ៣៣៩លានយ៉េន។ បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយតំណាងក្រុមហ៊ុនជប៉ុនជាង៣០០នាក់ ដើម្បីបង្ហាញពីសក្កានុពលនៃវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ