វិធានការនានាត្រូវបានដាក់ចេញជុំវិញករណីរលំអាគារនៅឯខេត្តព្រះសីហនុ
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី២៣ ខែមិថុនា បានទៅដល់កន្លែងរលំអាគារក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្រ្គោះ។ ក្រៅពីវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន, វិធានការផ្សេងៗ របស់រដ្ឋាភិបាលក៏ធ្លាក់មកជាបន្តបន្ទាប់ ខណៈការកាយគំនរសំណល់អាគារបែកបាក់នៅសល់ប្រមាណ២៥ភាគរយទៀត។
ភ្លាមៗបន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ាននៅឯប្រទេសថៃ លោកនាយរកដ្ឋមន្ត្រីហ៊ុន សែន បានធ្វើដំណើរទាំងយប់ទៅកាន់ទីតាំងឧបទ្ទវហេតុបាក់រលំអាគារកម្ពស់៧ជាន់ ដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់ក្រុមការងារ ដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់ នៅក្នុងខេត្តព្រះសីហនុ។
អគារកម្ពស់៧ជាន់ ដែលមានម្ចាស់សំណង់ជាជនជាតិចិនបានបាក់រលំ កាលវេលាទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ គិតមកដល់ពេលនេះការរុករកសាកសព និងអ្នកមានជីវិតនៅតែបន្តធ្វើនៅក្រោមគំនរអាគារបាក់រលំដែលសេសសល់ប្រមាណ២៥ភាគរយទៀត ខណៈរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធបានដាក់ចេញវិធានការឆ្លើយតបនឹងបញ្ហានេះជាបន្តបន្ទាប់។
កាលពីថ្ងៃទី២៣ ខែមិថុនា រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ដែលមានសមាសសភាពពីស្ថានប័នជំនាញចំនួន១៥រូប មកពីក្រសួងរៀបចំដែនដី ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន អភិបាលខេត្តព្រះសីហនុ។
ភារៈកិច្ចរបស់គណៈកម្មការនេះគឺត្រួតពិនិត្យបទដ្ឋានបច្ចេកទេស ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់នៅខេត្តព្រះសីហនុ។ គណៈកម្មការនេះក៏មាននាទីត្រួតពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ និងធ្វើបច្ចុប្បន្នភាពសំណង់ដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម។
ចំណែកក្រសួងរៀបចំដែនដីកាលពីថ្ងៃម្សិលមិញ ក៏បានបង្កើតក្រុមការងារបច្ចេកទេសដែលមាន៨ក្រុម ដើម្បីគាំទ្រដល់គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅឯខេត្តព្រះសីហនុ។
សម្រាប់ខេត្តព្រះសីហនុវិញ ក៏មានការបង្កើតក្រុមការងារដើម្បីសង្រ្គោះមនុស្ស, រកជនពាក់ព័ន្ធដែលធ្វើឲ្យមានការធ្វេសប្រហែសលក្ខណៈបច្ចេកទេស និងការស្រាវជ្រាវបន្តបន្ទាប់ទៀត។ នេះបើតាមការបញ្ជាក់របស់លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ។
ក្រៅពីវិធានការខាងលើនេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ឲ្យសប្បុរសជននាំគ្នាជួយឧបត្ថម្ភដល់ជនរងគ្រោះដែលស្លាប់ និងរបួសក្នុងករណីបាក់រលំអាគារកំពស់៧ជាន់ នៅក្នុងខេត្តព្រះសីហនុ។ គិតរហូតមកដល់ពេលនេះ មានជំនួយដែលទទួលបានពីសប្បុរសជនមានប្រមាណ១លាន២សែនដុល្លារអាមេរិក និង១៨០លានរៀល។
សូមជម្រាបជូនថា ក្រោយពីបាក់រលំអាគារ ជនជាតិ៣នាក់ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានឈ្មោះ Chen Kun ជាម្ចាស់ការដ្ឋានសំណង់ ឈ្មោះ Deng Xing Gul ជាម្ចាស់ក្រុមហ៊ុនទទួលសាងសង់ និង ឈ្មោះ Gao Yu ជាអ្នកម៉ៅការបូកជញ្ជាំងអគារ ខណៈជនជាតិខ្មែរម្នាក់ ឈ្មោះ ញឹក ហ៊ុយ ដែលជួលដីឱ្យជនជាតិចិនសាងសង់អគារសម្រាប់ធ្វើសណ្ឋាគារនេះ ក៏ត្រូវនាំខ្លួនទៅសាកសួរដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ