ទស្សនកិច្ចរបស់លោកហ៊ុន សែននៅជប៉ុនមានលទ្ធផលល្អ តែមិនទាន់ដល់កំរិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឡើយ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេល៤ថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូរដ្ឋាភិបាលរបស់លោកបានត្រលប់មកដល់កម្ពុជាវិញហើយនៅព្រឹកថ្ងៃពុធនេះ។ ទស្សនកិច្ចពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា របស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅពេលនេះ ត្រូវបានលើកឡើងថា មានលទ្ធផលយ៉ាងគាប់ប្រសើរ ខណៈដែលកម្ពុជាទទួលបានការសន្យាផ្តល់ជំនួយដ៏សំខាន់ពីជប៉ុន ជាពិសេសការជួយកម្ពុជាឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
នៅក្នុងលិខិតដែលចេញផ្សាយជាសាធារណៈ នៅព្រឹកថ្ងៃពុធនេះ ក្រសួងការបរទេសកម្ពុជា បានលើកឡើងពីលទ្ធផលជាច្រើន ដែលផ្តើមចេញពីទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅប្រទេសជប៉ុន។ តាមក្រសួងការបរទេស ជំនួបទ្វេរភាគីរវាងលោកហ៊ុន សែន និងលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រព្រឹត្តទៅដោយផ្លែផ្កា ពោលគឺលោក ស៊ីនហ្សូ អាបេ បានសន្យាបានបញ្ជាក់ថាជប៉ុននឹងផ្តល់ការគាំទ្រ ដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ដោយបន្តផ្តល់ដល់កម្ពុជានូវហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន និងការផ្ទេរបច្ចេកវិទ្យាឲ្យកម្ពុជា។
បន្ថែមពីនេះ មេដឹកនាំជប៉ុន-កម្ពុជា ក៏បានឯកភាពគ្នាក្នុងការជម្រុញឲ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម កិច្ចសហការលើវិស័យកសិ-ឧស្សាហកម្ម លើកទឹកចិត្តអ្នកវិនិយោគទុន និងទេសចរជប៉ុនមកកម្ពុជា។ ជាមួយគ្នានេះ អ្វីដែលទទួលបានពីដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន នៅពេលនេះ គឺជំនួយជប៉ុនដល់កម្ពុជា សរុបចំនួន២៤០លានដុល្លារ ដែលក្នុងនោះត្រូវបានបែងចែកជាហិរញ្ញប្បទានឥតសំណងចំនួន៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញដំណាក់កាលទី៤។ មួយទៀតគឺការផ្តល់ឥណទានជប៉ុនចំនួន២០៩លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ដោយឡែក នៅពេលត្រលប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានសរសេរតាមហ្វេសប៊ុករបស់លោកដែរថា លោកក៏បានពិភាក្សាសុំជំនួយពីភាគីជប៉ុន ផងដែរលើគម្រោងអោយមានរថភ្លើងស្វ័យប្រវត្តិ (Sky Train) នៅទីក្រុងភ្នំពេញ។ ទស្សនកិច្ចនៅរោងចក្រកែច្នៃសំរាមរបស់រដ្ឋជប៉ុន ដើម្បីពិនិត្យមើលលទ្ឋភាពក្នុងការដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញដើម្បីកែច្នៃអោយមានប្រយោជន៍យកមកប្រើប្រាស់វិញដូចជប៉ុនកំពុងមានស្រាប់។ ការជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុនជាច្រើន ដែលចាប់អារម្មណ៍ពីការមកវិនិយោគនៅកម្ពុជា និងការបន្តខិតខំជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរអោយកើនឡើងជាង ២,០០០ លានដុល្លារនៅឆ្នាំខាងមុខ។
សូមបញ្ជាក់ថាទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅជប៉ុននាពេលនេះ បានធ្វើឡើង នៅក្នុងឱកាសខួប៦០ឆ្នាំនៃទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Nobusuke Kishi នៅកម្ពុជាកាលពីឆ្នាំ១៩៥៧ ដែលជាកិច្ចចាប់ផ្តើមនៃការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ និងខួប២៥ឆ្នាំនៃការចូលរួមរបស់កម្លាំងជប៉ុនក្នុងការថែរក្សាសន្តិភាពលើកដំបូងនៅកម្ពុជា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ