កម្ពុជា-ច្បាប់

​កម្ពុជា​បន្ថែម​ឱកាស​លើក​លែង​ទោស​ដល់​ទណ្ឌិត លើ​ការ​លើក​លែង​ទោស​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព @FB/PM Hun Sen

នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ អ្នក​ទោស​ជាង​៣០០​នាក់ នឹង​ត្រូវ​ស្នើ​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស ដោយ​ផ្អែក​លើ​គោល​ការណ៍​ច្បាប់ និង​មនុស្ស​ធម៌​។ បញ្ជី​ឈ្មោះ​អ្នក​ទោស​ទាំង​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គណៈ​កម្មការ​ពិនិត្យ​ មុន​ដាក់​ឲ្យ​នាយករដ្ឋ​មន្ត្រី​សម្រេច​។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់ នេះ​គឺ​ជា​ការ​បន្ថែម​ឱកាស​ពិសេស​ថ្មី​មួយ​ទៀត​ លើ​កម្មវិធី​លើក​លែង​ទោស​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​។ 

ផ្សាយពាណិជ្ជកម្ម

ការ​បន្ថែម​ឱកាស​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​កម្ពុជា​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ចង់​ឲ្យ​មាន​ការ​លើក​លែង​ និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​កម្ពុជា​ ជា​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ផ្អែក​លើ​គោល​ការណ៍​ច្បាប់ និង​មនុស្ស​ធម៌​សុទ្ធ​សាធ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា បច្ចុប្បន្ន​បញ្ជី​ឈ្មោះ​អ្នក​ទោស​ចំនួន ៣១៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ប្រមាណ​ជា​១០០​នាក់ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គណៈ​កម្ម​ការ​ជាតិ ដើម្បី​ពិនិត្យ​មើល មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​សម្រេច​។ បន្ទាប់​មក នាយក​រដ្ឋ​មន្ត្រី នឹង​ស្នើ​ទៅ​កាន់​ព្រះ​មហា​ក្សត្រ ដើម្បី​សុំ​លើក​លែង​ទោស​។

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​បំផុត លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជា​មួយ​អ្នក​គាំទ្រ​នៅ​ឯ​សហ​រដ្ឋ​អាមេរិក​ថា ​ក្នុង​ឆ្នាំ​នេះ លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ជា​ទ្រង់​ទ្រាយ​ធំ​មួយ បន្ថែម​លើ​កម្មវិធី​លើក​លែង​ទោស​ប្រចាំ​ឆ្នាំ ដូច​ជា នៅ​ពេល​ភ្ជុំ​បិណ្ឌ បុណ្យ​ឯក​រាជ្យ​ជាតិ និង​នៅ​ពេល​ប្រារព្ធ​ខួប​២០​ឆ្នាំ​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ជា​ដើម​។ លោក​បន្ត​ថា ការ​លើក​លែង​ទោស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ខ្មែរ​រួប​រួម​គ្នា កុំ​ឲ្យ​បែក​បាក់​គ្នា និង​ឲ្យ​ជន​ទាំង​នោះ​បាន​ចេញ​មក​កែ​ប្រែ​ខ្លួន​នៅ​ខាង​ក្រៅ​ពន្ធ​នាគារ និង​កុំ​ឲ្យ​ប្រមាថ​មាក់​ងាយ​គ្នា​ត​ទៅ​ទៀត​។

លោក អ៊ូ ច័ន្ទ​រ័ត្ន​ អតីត​តំណាង​រាស្រ្តនៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ឬ​ទំលាក់​បទ​ចោទ​ប្រកាន់​ លើ​សកម្ម​ជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូល​ដ្ឋាន ដែល​កំពុង​ជាប់​ពន្ធ​នាគារ នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​នាក់ ​ធ្លាប់​កាន់​តួ​នាទី​ចាប់​ពីចៅ​សង្កាត់ មេ​ឃុំ ជំទប់​ទី​១ រួម​នឹង​បេក្ខ​ភាព​ក្រុម​ប្រឹក្សា​ស្រុក និង​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ ជា​ដើម កំពុង​ជាប់​ឃុំ នៅ​មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី ​២៩ កក្កដា​មក។

ប៉ុន្តែ លោក​ជិន ម៉ា​លីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា ក្រុម​គោល​ដៅ​ដែល​នឹង​ទទួល​បាន​ការ​លើក​លែង ​និង​បន្ធូរ​បន្ថយ​ទោស​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ ភាគ​ច្រើន គឺ​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ ស្ត្រី​មាន​កូន​នៅ​ជាមួយ​ក្នុង​ពន្ធ​នាគារ ចាស់​ជរា និង​អ្នក​ជំងឺ​នៅ​ក្នុង​ពន្ធ​នាគារ​ជា​ដើម​។ ក្រៅ​ពី​នេះ គឺ​អ្នក​ទោស​ដែល​បាន​កែ​ប្រែ​ខ្លួន​នៅ​ក្នុង​ពន្ធ​នាគារ តាម​រយៈ​ការ​វាយ​តម្លៃ​ពី​គណៈ​កម្ម​ការ​ថ្នាក់​ខេត្ត​ដល់​ថ្នាក់​ជាតិ និងរយៈ​ពេល​នៃ​ការ​អនុវត្ត​ទោស​របស់​ពួក​គេ​។

គួរ​ជំរាប​ជូន​ថា កន្លង​មក​កម្ពុជា​មាន​កម្ម​វិធី​លើក​លែង​ និង​បន្ធូរ​បន្ថយ​ទោស​ប្រចាំ​ឆ្នាំ​ចំនួន​៣​ដង​ប៉ុណ្ណោះ គឺ​នៅ​ក្នុង​ពិធី​បុណ្យ​ចំរើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ ពិធី​បុណ្យ​អុំ​ទូក និង​ពិធី​បុណ្យពិសាខ​បូជា​​។ តែ​លោក ជិន ម៉ាលីន បាន​អះ​អាង​ថា អំណឹះ​ត​ទៅ កម្ពុជា​នឹង​បន្ថែម​ឱកាស​ពិសេសៗ​ផ្សេង​ទៀត ដើម្បី​ស្នើ​ឲ្យ​មាន​ការ​លើក​លែង ​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដូច​ជា នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​ការ​ស្នើ​សុំ​លើក​លែង​ទោស​ដល់​ទណ្ឌិត​បន្ថែម​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក និង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI