សម្លេងបែកធ្លាយ៖ គណបក្សកាន់អំណាចនិងអតីតគណបក្សប្រឆាំងកំពុងស្វែងរកការចរចាគ្នា មុនសេចក្តីសម្រេចលើ EBA
ចុះផ្សាយនៅថ្ងៃ៖
សម្លេងបែកធ្លាយមួយដែលគេស្គាល់ថា ជាសម្លេងរបស់អ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងម្នាក់ បានលើកឡើងថា គណបក្សកាន់អំណាចនិងអតីតគណបក្សប្រឆាំង កំពុងស្វែងរកការចរចាគ្នាមួយ នៅមុនសេចក្តីសម្រេចលើ EBA។ ការចរចាគ្នា គឺធ្វើឡើងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ជាមួយលោក សម រង្ស៊ី ដោយមានការចូលរួមពីភាគីអន្តរជាតិផង។ ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច បានចាត់ទុកសម្លេងបែកធ្លាយនេះថា ជាល្បិចរបស់អតីតគណបក្សប្រឆាំងប៉ុណ្ណោះ។ ជាជំហររបស់គណបក្សកាន់អំណាច គឺគ្មានការចរចាឡើយ។
សម្លេងបែកធ្លាយនេះ ត្រូវបានគេស្គាល់ថា ជាសម្លេងរបស់លោក ម៉ែន សុថាវរិន្ទ្រ អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានទម្លាយដោយបុរសម្នាក់ឈ្មោះ ជា និច្ច។ តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍ព្រះអាទិត្យ លោក ម៉ែន សុថាវរិន្ទ្រ បានទទួលស្គាល់ថា ជាសម្លេងរបស់លោកមែន។ ក៏ប៉ុន្តែ សម្លេងនេះ ត្រូវបានថតដោយបុរសម្នាក់ឈ្មោះ ជា និច្ច ដែលគេមិនដឹងថា មានតួនាទីអ្វីនៅក្នុងគណបក្សកាន់អំណាច ឬ ក្នុងអតីតគណបក្សប្រឆាំងនោះឡើយ។
យ៉ាងណាក្តី បើផ្អែកតាមសម្លេងដែលបែកធ្លាយនេះ លោក ម៉ែន សុថាវរិន្ទ្រ ដែលគេដឹងថា ជាមនុស្សដែលស្និទ្ជជាមួយលោក សម រង្ស៊ី បានពិភាក្សាគ្នាជាមួយលោក ជា និច្ច ដើម្បីរៀបចំជំនួបចរចាមួយរវាងលោក សម រង្ស៊ី ជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនិងលោក សម រង្ស៊ី។ ជំនួប ដែលគួរតែធ្វើឡើងនៅកន្លែងណាមួយ ដោយមានការចូលរួមពីភាគីអន្តរជាតិផង។ បើផ្អែកតាមសម្លេងបែកធ្លាយនេះ ជំនួបនោះ គឺត្រូវធ្វើឲ្យបានមុនគណៈកម្មការអឺរ៉ុបធ្វើសេចក្តីសម្រេចចិត្តលើកិច្ចព្រមព្រៀងអនុគ្រោះពន្ធ EBA។
ប៉ុន្តែយ៉ាងណាក៏ដោយ ភ្លាមៗនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចេញមកទាត់ចោលព័ត៌មាននេះ និងបានចាត់ទុកថា ជាព័ត៌មានប្រឌិត ដែលរៀបចំឡើងដោយក្រុមមនុស្សដែលចេញមកតែពីអតីតគណបក្សប្រឆាំងតែមួយគត់។ លោក សុខ ឥសាន បានចាត់ទុកសម្លេងបែកធ្លាយនេះថា គ្រាន់តែជាល្បិចរបស់អតីតគណបក្សប្រឆាំងដើម្បីចង់ចរចាឲ្យបានចូលស្រុកវិញតែប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យរូបនេះ កុំថាឡើយការជួបចរចា សូម្បីតែឈ្មោះរបស់លោក សម រង្ស៊ី ក៏គណបក្សកាន់អំណាចរបស់លោក មិនចង់រំលឹកទៅដល់ផង។
គួរជំរាបជូនថា ការបញ្ចេញសម្លេងបែកធ្លាយនេះ គឺស្របពេលដែលគណៈកម្មការអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចិត្តមួយនៅថ្ងៃទី ១២ កុម្ភៈ សប្តាហ៍ក្រោយនេះ ថាតើ ត្រូវដកហូតប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA (Every thing But Arms) ពីកម្ពុជា ឬក៏ត្រូវព្យួរផ្នែកខ្លះ។ សហគមន៍អឺរ៉ុប ដែលបានប្រកាសចាប់ផ្តើមអនុវត្តនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា រួមទាំងការរំលោភលើសិទ្ធិមនុស្សនិងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែកាលពីថ្ងៃទី ១២ ធ្នូ រដ្ឋាភិបាលកម្ពុជាបានដាក់របាយការណ៍ចុងក្រោយរបស់ខ្លួនដោយសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចចិត្តមួយ ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងការសម្រេចចិត្ត ដោយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ