កម្ពុជា

លោក ហ៊ុន សែន ព្រមាន​ប្រើ​វិធាន​ការ​ច្បាប់​លើ​អ្នក​វិភាគ ក្រោយ​ពី​ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​អំណាច​ខ្មែរ

លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១៤ សីហា​នេះ បាន​ព្រមាន​ប្រើ​វិធានការ​ច្បាប់​ប្រឆាំង​នឹង​អ្នក​ធ្វើ​អត្ថាធិប្បាយ ដែល​បាន​ទាញ​ភ្ជាប់​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ឡាវ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា ជា​សេនារីយោ​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ទាញ​យក​ប្រជាប្រិយ​ភាព នៅ​មុន​ការ​បោះ​ឆ្នោត។ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ការ​ប្រមាថ​មក​លើ​កង​ទ័ព និង​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ គឺ​មិន​អាច​អត់​អោន​ឲ្យ​បាន​ទេ។

ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​នឹង​អ្នក​ធ្វើ​អត្ថាធិប្បាយ​ទាំង​ឡាយ​ណា ដែល​បាន​ទាញ​ភ្ជាប់​ព្រឹត្តិការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា-ឡាវ នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ថា គឺ​ជា​ការ​រៀប​ចំ​ឡើង ដើម្បី​ទាញ​យក​ប្រជាប្រិយ​ភាព​របស់​គណបក្ស​កាន់​អំណាច នៅ​មុន​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​ថ្ងៃ​ទី ១៤ សីហា​នេះ​ថា ការ​លើក​ឡើង​បែប​នេះ មិន​អាច​ទទួល​យក​បាន​ទេ។

ក្រៅ​ពី​ការ​ព្រមាន​បែប​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ​ក៏​បាន​រំលឹក​ឡើង​វិញ ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា នៅ​ក្នុង​ការ​បញ្ចប់​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ភាគី​ថៃ កាល​ពី​អំឡុង​ឆ្នាំ​២០០៨ ជា​ឆ្នាំ​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ភាគី​ថៃ​នៅ​ឯ​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ជា​ឆ្នាំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​កៅអី​រដ្ឋសភា​ចំនួន​៩០​អាសនៈ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​ភាគី​ថៃ​កាល​ណោះ រួម​ទាំង​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ភាគី​ឡាវ​នៅ​ពេល​ថ្មីៗ​នេះ​ថា ​មិន​មែន​ជា​ការ​កេង​ចំណេញ​នយោបាយ​នោះ​ទេ។

គួរ​ជំរាប​ជូន​ថា ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា ទើប​តែ​បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា ពី​បទ​ប្រមាថ​មក​លើ​កង​ទ័ព និង​ធ្វើ​ឲ្យ​បែក​បាក់​សាមគ្គី​នៅ​ក្នុង​ចំណោម​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា។ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ការ​លើក​ឡើង​របស់​លោក សួន សេរីរដ្ឋា គឺ​ជា​បទ​ល្មើស​ជាក់​ស្តែង និង​មិន​អាច​អត់​អោន​ឲ្យ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI