លោក ហ៊ុន សែន ប្រកាសត្រៀមចាត់វិធានការច្បាប់បន្តលើបុគ្គលដែលចង់ចូលមកចាប់លោកយកទៅកាត់ទោស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងមកពីប្រទេសជប៉ុនកាលពីថ្ងៃទី ៣០ ឧសភានេះថា លោកនឹងបន្តចាត់វិធានការច្បាប់ លើអតីតគណបក្សប្រឆាំង ដែលចង់ចូលមកចាប់លោកយកទៅផ្តន្ទាទោស។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី “អនាគតរបស់អាស៊ី” ជាទីដែលមានបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកពីសំណាក់អ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្នុងប្រទេសជប៉ុនផងដែរ។ យ៉ាងណាក៏ដោយ បើតាមលោកនាយករដ្ឋមន្ត្រី ដរាបណាគេមិនទាន់ប្រកាសចុះចាញ់សង្គ្រាមនេះទេ នោះលោកក៏មិនព្រមចុះចាញ់ដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ពីលើវេទិការសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី “អនាគតរបស់អាស៊ី” នៅឯសណ្ឋាគារអ៊ីមភៀរៀលប្រទេសជប៉ុន ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសខ្លាំងៗថា លោកនឹងចាត់វិធានការច្បាប់លើអតីតគណបក្សប្រឆាំង ឬបុគ្គលណា ដែលចង់ផ្តួលរំលំរូបលោកចេញពីតំណែង។ លោកថា លោកកំពុងរង់ចាំធ្វើសង្គ្រាមប្រឆាំងជាមួយបុគ្គលណា ដែលបះបោរពីក្រៅប្រទេស ដើម្បីទម្លាក់រូបលោក។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បើទោះបីជាថ្លែងមិនចំឈ្មោះក្តី ប៉ុន្តែគេអាចសន្និដ្ឋានបានថា គឺសំដៅទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី ដែលបច្ចុប្បន្នបានហៅខ្លួនឯងថា ជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសពីក្រៅប្រទេសម្តងហើយម្តងទៀតថា លោកកំពុងត្រៀមខ្លួនវិលមកកាន់ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ ២០១៩ នេះ។ ការវិលត្រលប់របស់លោក សម រង្ស៊ី មិនមែនធ្វើឡើងតែម្នាក់ឯងនោះទេ ដោយលោកនឹងគៀងគរពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង រួមទាំងអ្នកគាំទ្រលោកនៅក្នុងប្រទេស ដើម្បីទៅចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក សម រង្ស៊ី ថា លោកមិនមែនចូលមកឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួននោះទេ។
ប៉ុន្តែយ៉ាងណាក៏ដោយ តាមរយៈវេទិការសន្និសីទអន្តរជាតិ លើកទី២៥ ស្តីពី អនាគតរបស់អាស៊ី ពីទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ៣០ ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រាប់ពិភពលោកថា លោកកំពុងរងចាំសង្គ្រាមមួយ។ សង្គ្រាមដែលវា នឹងកើតឡើង តាមរយៈការប្រកាសរបស់ជនក្បត់ជាតិដែលស្រែកពីក្រៅប្រទេស។ លោកថា ដរាបណាគេ មិនទាន់ចុះចាញ់សង្គ្រាមនេះទេ នោះលោកក៏មិនទាន់ធ្វើអ្វីផ្សេងទៀតដែរ។ ហើយថា បើលោកប្រកាសខុសពីផ្លូវនេះ គេនឹងចាត់ទុកលោកថា លោកកំពុងចាញ់សង្គ្រាមនេះហើយ។ លោកមិនអាចចាញ់សង្គ្រាមនេះទេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតដដែល ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានថ្លែងការពារចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានានា លើអតីតគណបក្សប្រឆាំងនៅកម្ពុជាថា គឺជាការអនុវត្តច្បាប់។ បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាលក៏បានលើកឧទាហរណ៍ករណីរបស់កម្ពុជា ទៅនឹងព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសអូទ្រីស ដែលប្រធានគណបក្សនយោបាយមួយនៅក្នុងរដ្ឋាភិបាល បានសន្យាឲ្យប្រទេសរុស្ស៊ីទទួលបានប្រយោជន៍ពីប្រទេសរបស់ខ្លួន បើរុស្ស៊ីជួយឲ្យគណបក្សរបស់ខ្លួនឈ្នះឆ្នោត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ