លោក ហ៊ុន សែន នឹងទៅចូលរួមប្រជុំកំពូលមេគង្គ-ជប៉ុន ខណៈខ្មែរនៅទីនោះប្រកាសធ្វើបាតុកម្ម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ចាប់ពីថ្ងៃទី៦ ដល់ ១០ ខែតុលា នៅទីក្រុងតូក្យូ តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ នេះជាលើកទី១ហើយ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសជប៉ុន ក្រោយគណបក្សរបស់លោកឈ្នះអាសនៈទាំងអស់របស់រដ្ឋសភាខ្មែរ។ ជាមួយគ្នានេះ ក៏មានក្រុមពលរដ្ឋខ្មែរនៅប្រទេសជប៉ុនប្រកាសធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ដូចពេលដែលលោកទៅប្រជុំនៅអង្គការសហប្រជាជាតិ កាលពីចុងខែកញ្ញាផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សានិងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ ការលើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងថ្លែងសុន្ទរកថាមួយ ដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ហើយលោក ហ៊ុន សែន ក៏នឹងថ្លែងផ្តោតពីគន្លឹះលើការទាក់ទាញវិនិយោគិនជប៉ុនមកធ្វើធុរកិច្ចក្នុងតំបន់មេគង្គផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
គឺជាលើកទី១ហើយ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសជប៉ុនក្រោយគណបក្សរបស់លោកឈ្នះឆ្នោត ទទួលបានអាសនៈទាំង១២៥របស់រដ្ឋសភាខ្មែរ នីតិកាលទី៦នេះ។
តាមសេចក្តីប្រកាសព័ត៌មាន ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជប៉ុននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសជប៉ុន។
ប៉ុន្តែ ស្របពេលដែលប្រមុខរដ្ឋាភិបាលខ្មែរទៅកាន់ប្រទេសជប៉ុន ក្រោយការបោះឆ្នោត ដែលមិនមានវត្តមានអតីតគណបក្សសង្រ្គោះជាតិចូលរួមនេះ ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបានប្រកាសធ្វើបាតុកម្មជាលើកទី៣របស់ខ្លួននៅ ថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ២០១៨។ ជាបាតុកម្មដែលមានការដើរក្បួននៅក្នុងទីក្រុងតូក្យូប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមដឹកនាំបាតុកម្ម។
នៅក្នុងសេចក្តីប្រកាសដដែលនេះ អ្នករៀបចំបាតុកម្មបានបញ្ជាក់ថា គោលបំណងនៃបាតុកម្មគឺមិនទទួលស្គាល់លោក ហ៊ុន សែន ថាជានាយករដ្ឋមន្រ្តីខ្មែរ និងមិនទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលក្រុមអ្នកតវ៉ា ចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ។
សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតនៅកម្ពុជា ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនទាន់បង្ហាញជំហរទទួលស្គាល់នោះ ប៉ុន្តែលោក ហ៊ុន សែន បានចេញទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉ក។ នៅទីនោះ គឺមានពលរដ្ឋខ្មែរមួយក្រុមបានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក តែមួយក្រុមទៀតបានទទួលស្វាគមន៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ