លោកហ៊ុន សែន សាទរការតម្លើងប្រាក់ខែគោលរបស់កម្មករ ទោះបីសហជីពមិនទាន់ពេញចិត្ត
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំត្រីភាគី ក្នុងការកំណត់ប្រាក់ឈ្នួលថ្មីរបស់កម្មករ-កម្មការិនីរោងចក្រកាត់ដេរកាលពីថ្ងៃព្រហស្បត្តិ៍ ទី៨តុលា ម្សិលមិញ។ លោក ហ៊ុន សែន បានចាត់ទុកថា ការតម្លើងប្រាក់ខែគោលដល់១៤០ដុល្លារនេះ គឺសមល្មមបានច្រើនជាងមុន បូករួមនឹងប្រាក់បន្ថែមម៉ោងផ្សេងៗទៀត។ ប៉ុន្តែភាគីសហជីពខ្លះនៅតែអះអាងថា មិនទាន់សមរម្យនៅឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកវេទិកានៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រទី៩តុលានេះ ដើម្បីថ្លែងកើតសរសើរចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំប្រជុំត្រីភាគីឈានទៅដល់កិច្ចព្រមព្រៀងការកំណត់ប្រាក់ឈ្នួលថ្មីរបស់កម្មករ-កម្មការិនីសម្រាប់ឆ្នាំ២០១៦ខាងមុខ។
គួរជំរាបជូនថា កាលពីថ្ងៃទី៨តុលា កិច្ចប្រជុំត្រីភាគី រួមមានភាគីសហជីព ភាគីនិយោជក និងភាគីក្រសួងការងារ បានឈានដល់កិច្ចព្រមព្រៀងថ្មីក្នុងការតម្លើងប្រាក់ខែគោលជូនដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់និងដេរស្បែកជើង ពី១២៨ដុល្លារនៅឆ្នាំ២០១៥ ដល់១៤០ដុល្លារសម្រាប់ឆ្នាំ២០១៦ខាងមុខ។
តាមពិតទៅ ការចរចាបានធ្វើឡើងយ៉ាងតឹងតែងរវាងភាគីថៅកែ និងភាគីសហជីពដែលតំណាងឲ្យផលប្រយោជន៍របស់កម្មករចាប់តាំងពីខែកក្កដាមក។ ប៉ុន្តែកិច្ចប្រជុំទើបតែបានឈានដល់កិច្ចព្រមព្រៀងកាលពីថ្ងៃទី៨តុលា ក្រោយពីមានការអាកាត់ចុងក្រោយ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើបន្ថែម៥ដុល្លារ លើការតម្លើងរបស់ភាគីនិយោជក១៣៥ដុល្លារ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថ្ងៃសុក្រនេះ លោកហ៊ុន សែន បានថ្លែងថា ការតម្លើងនេះ បើទោះបី មិនទាន់ពេញចិត្តរបស់សហជីព និងការចង់បានរបស់កម្មករក៏ដោយ ក៏ប៉ុន្តែវាអាចទទួលយកបានពីគ្រប់ភាគី។
គួរជំរាបជូនដែរថា រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា នឹងតម្លើងប្រាក់ខែគោលជូនកម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង ឲ្យបាន១៦០ដុល្លារ នៅត្រឹមឆ្នាំ២០១៨ខាងមុខ។
ក្រៅពីបញ្ហាប្រាក់ខែរបស់កម្មករ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ក្នុងការសម្របសម្រួលឲ្យមានការបញ្ចុះតម្លៃប្រេងសាំងឲ្យធ្លាក់ចុះ១០០រៀលក្នុង១លីត្រ។ បើតាមលោកនាយករដ្ឋមន្រ្តី ការណ៍នេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ