កម្ពុជា

សហជីព​និង​អ្នក​សេដ្ឋកិច្ច​ហៅ​ការ​អំពាវនាវ​របស់​នាយក​រដ្ឋ​មន្ត្រី​ ដែល​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​ គឺ​គ្មាន​ប្រសិទ្ធ​ភាព!

លោក​ហ៊ុន សែន ​អំពាវនាវជាថ្មីទៀតឲ្យម្ចាស់ផ្ទះជួលទាំងអស់កុំដំឡើងថ្លៃផ្ទះជួល
លោក​ហ៊ុន សែន ​អំពាវនាវជាថ្មីទៀតឲ្យម្ចាស់ផ្ទះជួលទាំងអស់កុំដំឡើងថ្លៃផ្ទះជួល @Samdech Hun Sen, Cambodia Prime Minister

ភ្លាមៗ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ទាំង​អស់​កុំ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នោះ ទាំង​សហជីព​ និង​អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា នេះ​ជា​ការ​អំពាវនាវ​គ្មាន​ប្រសិទ្ធិភាព​ ព្រោះ​រដ្ឋ​គ្មាន​យន្តការ​អនុវត្ត​ឲ្យ​បាន​ច្បាស់​លាស់។

ផ្សាយពាណិជ្ជកម្ម

លោក គង់ អាទិត្យ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​រិះ​គន់​ថា បើ​គ្រាន់​តែ​អំពាវនាវ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​តែ​ម្ចាស់​ផ្ទះ​ជួល​ មិន​អនុវត្ត​ផង​វា​គឺ​ជា​ការ​អំពាវនាវ​មួយ​គ្មាន​ប្រសិទ្ធភាព។ ដូច្នេះ​ប្រមុខ​រដ្ឋាភិបាល​គួរ​តែ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ធ្វើ​ស្ថិតិ​ឲ្យ​បាន​ច្បាស់​នៅ​តំបន់​រោងចក្រ​ថា ការ​អំពាវនាវ​របស់​គាត់​មាន​ប្រសិទ្ធកម្រិត​ណា។

លោក គង់ អាទិត្យ មើល​ឃើញ​ថា រដ្ឋាភិបាល​អាច​ដោះ​ស្រាយ​បញ្ហា​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ដំឡើង​ថ្លៃ​ផ្ទះ​បាន​ តាម​រយៈ​ការ​ចរចា​ជា​មួយ​ម្ចាស់​ផ្ទះ​ជួល។ បន្ថែម​ពី​លើ​នេះ​ទៀត លោក គង់ អាទិត្យ ទាយ​ទុក​ជា​មុន​នៅ​ឆ្នាំ​ ២០១៧​ខាង​មុខ​នេះ​ចលនា​នៃ​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នឹង​ចាប់​ផ្ដើម​កើត​មាន​ ព្រោះ​ឆ្នាំ​២០១៧​ជា​ឆ្នាំ​ ដែល​ប្រាក់​ខែ​កម្មករ​ត្រូវ​បាន​ដំឡើង។
 
ផ្ទុយ​មក​វិញ​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​សង់ត្រាល់ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ធ្វើ​អ្វី​មួយ​តែងតែ​គ្មាន​ប្រសិទ្ធ​ភាព​ប្រៀប​បាន​ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ចំ​មុខ​ជំងឺ។ បន្ថែម​ពី​លើ​ការ​អំពាវនាវ​នេះ​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​នៅ​ក្នុង​ការ​សាង​សង​ផ្ទះ​សម្រាប់​ជួល​ឲ្យ​កម្មករ ឬ​និស្សិត​ដូច​បណ្ដា​ប្រទេស​ផ្សេង​ ដែល​គេ​មាន​រួច​ហើយ។ ហើយ​ម្យ៉ាង​ទៀត​លោក តុលា មើល​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​ពេល​ខ្លះ​បាន​ទៅ​ទារ​លុយ​ពី​ម្ចាស់​ផ្ទះ​ជួល​ ដែល​ចំណុច​នេះ​លោក​ចាត់​ទុក​ថា ការ​អំពាវនាវ​របស់​នាយក​រដ្ឋ​មន្ត្រី​រឹត​តែ​គ្មាន​ប្រសិទ្ធ​ភាព។

សម្រាប់​លោក មឿន តុលា យល់ថា បើ​កាល​ណា​រដ្ឋាភិបាល​នៅ​តែ​បន្ត​ស្រែក​ដូច្នេះបញ្ហា​កុំ​ឲ្យ​ឡើង​ថ្លៃ​ផ្ទះ​ជួល​នៅ​តែ​គ្មាន​ប្រសិទ្ធភាព។  ព្រោះ​កម្ពុជា​ប្រទេស​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ ទីផ្សារ​សេរី​បើ​កាល​ណា​មាន​តម្រូវ​ការ​ច្រើន​ការ​ផ្គត់ផ្គង់​តិច​នោះ បញ្ហា​តម្លៃនឹង​ឡើង​ថ្លៃ​ទៅ​តាម​នឹង​ហើយ។

លោក ចាន់ សុផល អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​យល់​ឃើញ​ថា ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​ ជា​ចំណុច​មួយ​ល្អ​នៅ​ក្នុង​ការ​រំលេច​ចេញ​នូវ​ការ​ចំណាយ​ ដែល​ចេះ​តែ​កើន​ឡើង​សម្រាប់​កម្មករ​រោងចក្រ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក ចាន់ សុផល មើល​ឃើញ​ថា​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ទីផ្សារ​សេរី​រដ្ឋាភិបាល​មិន​អាច​កំណត់​ថ្លៃ​លើ​ផ្ទះ​ជួល​បាន​ទេ។ គឺ​អាច​ទុក​ឲ្យ​ម្ចាស់​ផ្ទះ​ជា​អ្នក​ចរចា​ដោយ​ផ្ទាល់​ជាមួយ​កម្មករ​រក​ចំណុច​ឯក​ភាព​រួម។ ប៉ុន្តែ​រដ្ឋាភិបាល​អាច​លើក​ទឹក​ចិត្ត​ឬ​បង្ក​ឲ្យ​មាន​រូបភាព​នៃ​ការ​សាង​សង​ផ្ទះ​ជួល​ឲ្យបាន​ថែម​ទៀត​តាម​រយៈ​ការ​ឧបត្ថម្ភ​ទុន​ទៅ​ឲ្យ​ពលរដ្ឋ​ណា​ ដែល​មាន​បំណង​បង្កើត​ផ្ទះជួល​ប្រសិន​បើ​ពួក​គេ​យល់​ថា ការ​ធ្វើ​បែប​នេះ​នាំ​ឲ្យ​មាន​ការ​ចំណេញ។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ប្រាក់​ខែ​អប្បបរមា​របស់ កម្មករ​-កម្មការិនី ក្នុង​វិស័យ​កាត់ដេរ និង​ស្បែក​ជើង នឹង​ឡើង​ដល់ ១៥៣ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI