កម្ពុជា

លោក​ហ៊ុន សែន៖ ការ​បែង​ចែក​ឱ្យ​ដាច់​រវាង​ក្រសួង​បរិស្ថាន និង​កសិកម្ម​ជា​កំណែ​ទម្រង់​ការ​ចាំ​បាច់​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa
ដោយ៖ ស៊ុន មេសា
១៥ នាទី

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​នេះ ​បាន​ចូលរួម​ពិធី​សម្ពោធ​ក្រសួង​បរិស្ថាន​ថ្មី និង​ពិធី​បើក​សន្និបាទ​ក្រសួង​បរិស្ថាន។ ប្រមុខ​រដ្ឋាភិបាល​រូប​នេះ បាន​សម្រេច​ឱ្យ​មាន​ការ​ផ្ទេរ​ឱ្យ​ដាច់​ស្រាច់​នៅ​ការ​ទទួល​ខុស​ត្រូវ​រវាង​ក្រសួង​បរិស្ថាន និង​ក្រសួង​កសកម្ម។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី នេះ​គឺ​ជា​កំណែ​ទម្រង់​ចាំ​បាច់​សម្រាប់​រដ្ឋាភិបាល​របស់​លោក។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពេល​នេះ​ត​ទៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​នឹង​មាន​ភារៈកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំពោះ​ការ​គ្រប់​គ្រង​ដី​សម្បទាន និង​ការ​ថែរក្សា​ធនធាន​ធម្មជាតិ។ ថ្លែង​ដោយ​កាយវិការ​ចង្អុល​ទៅ​កាន់​មន្ត្រី​ក្រោម​បញ្ជា លោក​នាយក​រដ្ឋ​មន្ត្រី៖

ប្រមុខ​រដ្ឋាភិបាល​រូប​នេះ​បាន​បន្ថែម​ថា ក្រសួង​បរិស្ថាន​នឹង​ត្រូវ​ផ្ទេរ​រាល់​គម្រោង​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដំណាំ​កសិកម្ម​ទៅ​ឱ្យ​ក្រសួង​កសិកម្ម​គ្រប់​គ្រង ហើយ​ក្រសួង​កសិកម្ម​វិញ​ក៏​ត្រូវ​ផ្ទេរ​រាល់​កិច្ចការ​ងារ​ថែរក្សា​ការ​ពារ តំបន់​អភិរក្ស​មក​ឱ្យ​ក្រសួង​បរិស្ថាន​វិញ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​រៀប​ចំ​កែប្រែ​ឈ្មោះ​ក្រសួង​បរិស្ថាន​បច្ចុប្បន្ន​ទៅ​ជា​ក្រសួង​ធនធាន​ធម្មជាតិ ​និង​បរិស្ថាន។ ជា​ការ​កែប្រែ​ដែល​ប្រមុខ​រដ្ឋាភិបាល​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិសាល​ភាព​ការងារ និង​សម​ស្រប​តាម​និន្នាការ​ក្នុង​តំបន់។

លោក​សៅ សុភាព​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​បន្ថែម​ថា​ការ​ផ្ទេរ​ស្ថាប័ន​រវាង​ក្រសួង​ទាំង​ពីរ​នេះ​នឹង​ជួយ​សម្រួល​ការងារ​ថែ​រក្សា​ធនធាន​ធម្មជាតិ​ដែល​គួរ​តែ​នៅ​ក្រោម​ក្រសួង​បរិស្ថាន និង​ការងារ​អភិវឌ្ឍន៍​គួរ​តែ​នៅ​ក្រោម​ក្រសួង​កសិកម្ម​ដើម្បី​បម្រើ​ដល់​បុព្វហេតុ​នៃ​ការ​អភិរក្ស​ថែរក្សា​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។ លោក​សៅ សុភាព ក៏​បាន​ទទួល​ស្គាល់​ថា​កន្លង​មក​ ក្រសួង​មាន​ភាព​លំបាក​ក្នុង​កិច្ចការ​ងារ​របស់​ខ្លួន​ព្រោះ​តែ​ជាន់​ដែន​សមត្ថកិច្ច​គ្នា។​ ទន្ទឹម​នឹង​នេះ ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ថា ក្រសួង​របស់​លោក​នឹង​ត្រូវ​ផ្ទេរ​ចំនួន​១​នាយក​ដ្ឋាន​ដែល​ធ្វើ​ការងារ​លើ​ផ្នែក​អភិវឌ្ឍន៍។ដោយ​ឡែក លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម នៅ​មិន​ទាន់​ហ៊ាន​ឆ្លើយ​ថា​ក្រសួង​របស់​លោក​ត្រូវ​ផ្ទេរ​នាយកដ្ឋាន ឬ​រដ្ឋ​បាល​ណា​ខ្លះ​មក​ឱ្យ​ក្រសួង​បរិស្ថាន​នោះ​ទេ​ព្រោះ​ថា​ត្រូវ​រង​ចាំ​ប្រជុំ​សិន។

ដោយ​ឡែក​លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​គាំទ្រ​ចំពោះ​ការ​ផ្ទេរ​មុខងារ និង​ភារៈកិច្ច​របស់​ក្រសួង​ទាំង​ពីរ​នេះ ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់ និង​ដាច់​ដោយ​ឡែក​ពីគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI