ព្រឹទ្ធសមាជិកអាមេរិករំលឹកលោកហ៊ុន សែន អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ពីទីក្រុងវ៉ាស៊ីនតោន ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកចំនួន ៧រូប បានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសម្តែងសេចក្តីព្រួយបារម្ភជាថ្មីទៀត អំពីបញ្ហាសិទ្ធិមនុស្ស ការរំលោភបំពានច្បាប់ ការជួញដូរមនុស្ស និងបញ្ហាសំខាន់ៗមួយចំនួនទៀត។ ការសម្តែងក្តីព្រួយបារម្ភនេះ ធ្វើឡើងកាលពីថ្ងៃម្សិលមិញ គឺនៅមុនពេលដែលលោកនាយករដ្ឋមន្រ្តីអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិក នាពាក់កណ្តាលខែកុម្ភៈនេះ។
នៅក្នុងលិខិតដែលមាន ៥កថាខណ្ឌរបស់ខ្លួន ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកទាំង៧រូប ចង់ឃើញចំណងមិត្តភាពកម្ពុជា-អាមេរិក កាន់តែស្អិតរមួត ប៉ុន្តែក៏បានបង្ហាញការខ្វល់ខ្វាយផងដែរ អំពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ដោយនិយាយដល់ភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ និងព្រឹត្តិការណ៍នៃការវាយប្រហារទៅលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមុខរដ្ឋសភា លិខិតនោះបានរំលឹកគណបក្សប្រជាជនកម្ពុជា ឲ្យគោរពឆន្ទៈប្រជាពលរដ្ឋ និងអនុញ្ញាតិអោយតំណាងរាស្ត្រគណបក្សប្រឆាំងអាចបំពេញការងាររបស់ខ្លួនដោយសេរី និងមិនមានការភ័យខ្លាច។
ព្រឹទ្ធសមាជិក ក៏បានស្នើផង អោយរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បញ្ឈប់ការរំលោភដីធ្លី បញ្ឈប់ការបណ្តេញចេញដោយខុសច្បាប់ និងស្នើអោយតុលាការនាំខ្លួនជនដែលពាក់ព័ន្ធនឹងការរំលោភដីធ្លីខុសច្បាប់មកផ្តន្ទាទោស។
ជាមួយគ្នានេះដែរ អ្នកទាំង៧ ទទូចយ៉ាងខ្លាំងអោយកម្ពុជាប្រឆាំងនឹងការជួញដូរមនុស្ស ដោយអនុវត្តកម្មវិធីទូទាំងប្រទេសមួយ ដើម្បីកំណត់ក្រុមជនងាយរងគ្រោះ បង្កើនសេវាគំាពារជនគ្រោះ និងប្រឹងប្រែងនាំយកអ្នកជួញដូរមនុស្សមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ដោយគាំទ្រលិខិតរបស់តំណាងរាស្ត្រអាមេរិកកាលពីឆ្នាំ២០១៥ ព្រឹទ្ធសមាជិកទាំង៧ស្នើអោយរដ្ឋាភិបាលកម្ពុជា អនុញ្ញាតិអោយតំណាងរាស្ត្របក្សប្រឆាំងអាចវិលត្រឡប់មកកម្ពុជាវិញ ដោយមិនមានការភ័យខ្លាចពីការចាប់ខ្លួន និងការផ្តន្ទាទោស បញ្ឈប់ការរំលោភបំពាន និងគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស ព្រមទាំងស្នើអោយមានការដោះលែង លោក មៀច សុវណ្ណារ៉ា ដែលជាជនជាតិអាមេរិកាំង និងសកម្មជនសិទ្ធមនុស្សផងដែរ។
ទាក់ទងនឹងលិខិតនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និយាយថា ការស្នើរបស់ព្រឹទ្ធសមាជិកទាំងនោះ គឺធ្វើឡើងដោយផ្អែកទៅតាមរបាយការណ៍តែប៉ុណ្ណោះ។ លោកថា ពួកគេយល់មិនច្បាស់ពីស្ថានភាពពិតប្រាកដនៅកម្ពុជានោះទេ។ ការស្នើសុំនេះ មិនមានឥទ្ធិពលមកលើកម្ពុជានោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ