អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សម រង្ស៊ី ​នៅ​​ក្នុង​​កណ្តាប់​​​ដៃ​​លោក​​ហ៊ុន សែន

សំឡេង ០៤:៤៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីពេលកន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីពេលកន្លងទៅ។ @RFI
២៤ នាទី

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន នឹង​មិន​ស្នើ​ឲ្យ​មាន​ការលើក​លែង​ទោស​លោក​សម រង្ស៊ី នោះ​ទេ។ការណ៍​នេះ​មាន​ន័យ​ថា​លោក​ហ៊ុន សែន ជា​អ្នក​កាន់​កូនសោរ​សម្រាប់​បើកទ្វារ​ឲ្យ​លោក​សម រង្ស៊ី ​ចូល​ប្រទេស​កម្ពុជា​វិញ​បាន។ មួយ​វិញ​ទៀត​កត្តា​នេះ​ក៏​បញ្ជាក់​ពី​ក្រឡា​អុក​រៀប​ទុក​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​យក​ប្រៀប​លើ​គណបក្ស​ប្រឆាំង​ដែរ។ ​បទវិភាគរបស់គង់ សុឋានរិទ្ធ

ផ្សាយពាណិជ្ជកម្ម

នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ស្ងប់​បាន​តែ​មួយ​ស្របក់​ប៉ុណ្ណោះ ប៉ុន្តែ​ហាក់​ដូចជា​មាន​សញ្ញាណ​រំជើប​រំជួយ​បន្តិច​មក​វិញ​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ប្រកាស​មិន​ចុះ​ហត្ថ​លេខា​លើ​លិខិត​លើក​លែង​ទោស​សម្រាប់​លោក​សម រង្ស៊ី។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ័​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យា​ល័យ​​និតិសាស្ត្រ​និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយសារ​លោក​ចាញ់​ក្តី​លោក​ហោ ណាំហុង ឧបនាយក​រដ្ឋ​មន្ត្រី​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។ ជា​គោលការណ៍​ព្រះមហាក្សត្រ​អាច​លើក​លែង​ទោស​ទណ្ឌិត​ណា​ម្នាក់​តាម​សំណើរ​របស់​នាយក​រដ្ឋ​មន្ត្រី។ ដោយ​ឡែក​នា​ពេល​កន្លង​មក​លោក​សម រង្ស៊ី ធ្លាប់​ត្រូវ​តុលាការ​ខ្មែរ​ដាក់​ទោស​តែ​ត្រូវ​ព្រះមហាក្សត្រ​លើក​លែង​ទោស​មក​វិញ​ក្រោយ​ពី​មាន​សំណើរ​ពី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន។

ប៉ុន្តែ​ម្តង​នេះ​បើ​ទោះ​ជា​លោក​ហ៊ុន សែន​មិន​បាន​ប្រកាស​ចំ​ឈ្មោះ​លោក​សម រង្ស៊ី លោក​ហ៊ុន សែន បញ្ជាក់​ថា​លោក​នឹង​មិន​ចុះ​ហត្ថលេខា​លិខិត​ស្មើ​លើកលែង​ទោស​ម្តង​ទៀត​នោះ​ទេ​ដោយ​សារ​តែ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដើរ​ឃោសនា​ថា​នៅ​ពេល​ដែល​មេបក្ស​របស់​ខ្លួន​ជាប់​ទោស​ពន្ធនាគារ​នោះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង​កើនឡើង​មួយ​កម្រិត ហើយ​កំណើន​ប្រជា​ប្រិយ​ភាព​នេះ​នឹង​អនុញ្ញាតិ​ឲ្យ​បក្ស​របស់​ខ្លួន​ឈាន​ទៅ​ដឹក​នាំ​ប្រទេស​ក្នុង​ពេល​ខាង​មុខ។

ប្រសិន​បើ​គេ​ស្រង់​ចំណុច​នេះ​មក​ពិនិត្យ គឺ​មាន​ន័យ​ថា​ការ​លើក​លែង​ទោស​លោក​សម រង្ស៊ី ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ហ៊ុន សែន។ នេះ​ម្យ៉ាង។ ប៉ុន្តែ​ម្យ៉ាង​ទៀត​លោកហ៊ុន សែន ចង់​បញ្ជួស​ទៅ​នឹង​អ្នក​ឃោសនា​របស់​បក្ស​ប្រឆាំង​ដែល​ថា​ការផ្តន្ទា​ទោស​លើ​មេបក្ស​ខ្លួន​ពី​សំណាក់​តុលាការ​ខ្មែរ​នាំ​ឲ្យ​បក្ស​ប្រឆាំង​កើន​ប្រជាប្រិយភាព​នោះ។ ដូច្នេះ​លោក​នឹង​បណ្តោយ​ឲ្យ​មេបក្ស​ប្រឆាំង​ព្យួរ​ស្លាក​មាន​ទោស​ជាប់​ក តទៅ​ទៀត។

មួយ​វិញ​ទៀត​វា​ក៏​បង្ហាញ​ពីភាព​ប្រតិកម្ម​ឆាប់​រហ័ស​របស់លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ពេល​ដែល​មាន​គេ​និយាយ​ដល់​ការ​ឡើង​កាន់​អំណាច ខណៈ​ដែល​លោក​កាន់​កាប់​អំណាច​អស់​រយៈ​ពេល​​ជាង​៣០ ឆ្នាំ មក​ហើយ។ ជា​ពិសេស​ទៅ​ទៀត​ការ​បដិសេធ​ស្នើ​ការ​លើក​លែង​ទោស​លោក​សម រង្ស៊ី ទៅ​កាន់​ព្រះមហាក្សត្រ​ក៏​មាន​ន័យ​ដែរ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ស្រះ​បន្លា​ព័ទ្ធរបង​ពន្យា​ឱកាស​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ​សម្រាប់​លោក​សម រង្ស៊ី។ ការ​ពន្យា​ឱកាស​នេះ​ក៏​ជា​មធ្យោបាយ​កាត់​បន្ថយ​ឥទ្ធិពល​គណបក្ស​ប្រឆាំង​បាន​ខ្លះ​ផង​ដែរ​ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​ត្រូវ​ឃ្លាត​ពី​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពីមេបក្ស​របស់​ខ្លួន។

អវត្តមាន​របស់​លោក​​សម រង្ស៊ី ដោយ​សារការ​គេច​វេស​ពី​ការ​ផ្តន្ទាទោស​របស់​តុលាការ​គឺ​ជា​ក្រឡា​អុក​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​រក្សា​បាន​ភាព​មាន​ប្រៀប​លើ​គណបក្ស​ប្រឆាំង​។ ដ្បិត​គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​បន្ទាប​ឥរិយាបថ បន្ទន់​ខ្លួន​នៅ​ចំពោះ​មុខ​គណបក្ស​កាន់​អំណាច​ដើម្បី​អាច​ដោះ​ស្រាយ​វិបត្តិ​នៃ​មេបក្ស​របស់​ខ្លួនបាន​ដោយ​មិន​បាច់​ឆ្លង​កាត់​ការ​បំពេញ​ទោស​ក្នុង​ពន្ធនាគារ។​

ទោះ​ជា​បែប​នេះ​ក្តី​ ដំណើរ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ប្រៀប​ដូចជា​ទឹកជោរ ទឹកនាច​តាម​របត់​នៃ​ការ​ប្រទាញ​នៃ​គណបក្ស​មាន​ឥទ្ធិពល​ទាំងពីរ ហើយ​សារ​នៃ​អ្នក​នយោបាយ​ក្នុង​ប្រទេស​មិនមែន​ជា​ការ​សន្យា​ដាច់​ណាត់​នោះ​ទេ ពោល​គឺ​អ្វី​ៗ​អាច​នឹង​កើត​ឡើង​តាម​ការ​សម្រុះ​​សម្រួល។ ជួន​កាល​វា​អាច​កើត​ឡើង​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​តែ​ប៉ុណ្ណោះ។

យ៉ាងណា​ក៏​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ចំណេញ​ថ្នូរ​បែប​ណា​មួយ​ពី​ការ​សម្រប​សម្រួល​ដើម្បី​បើក​ផ្លូវ​សម្រាប់​លោក​សម រង្ស៊ី ត្រឡប់​ចូល​កម្ពុជា​វិញ​ ក្នុង​ពេល​ខាង​មុខ។ រីឯ​វិធី​ដោះ​ស្រាយ​វិបត្តិ​ជុំវិញ​មេបក្ស​ប្រឆាំង​នេះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ចរចា​ផ្ទៃ​ក្នុង​រវាង​អ្នក​នយោបាយ​​ខ្មែរ​នោះ​ទេ​ ដែល​ជា​មធ្យោបាយ​ប្រសើរ​បំផុត។ បើ​ពុំ​នោះ​ទេ​សហគម​អន្តរជាតិ នៅ​តែ​ជា​ចំណែក​សំខាន់​ក្នុង​ចម្រៀក​នយោបាយ​ខ្មែរ​ដដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ