កម្ពុជា-វៀតណាម ឯកភាពពន្លឿនការបោះបង្គោលព្រំដែន ដែលនៅសេសសល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសវៀតណាម ហើយតាមគម្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃទី ២១ធ្នូនេះ។ អ្វីជាការកត់សម្គាល់ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរសម្រេចបានលទ្ធផលមួយចំនួន ពិសេសការឯកភាពគ្នាក្នុងការពន្លឿនការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសក្បែខាងកម្ពុជានេះ យ៉ាងហោចណាស់មានឯកសារផ្លូវការចំនួន៣ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ក្នុងនោះ រួមមាន ទី១,ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ ទី២,សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតគ្នា និងទី៣ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសាសនាប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyễn Xuân Phúc) កាលពីថ្ងៃទី២០ធ្នូ។ នេះបើយោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ ២១ ធ្នូ ឆ្នាំ២០១៦នេះ។
ក្រៅពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង៣នេះ ភាគីទាំងពីរក៏បានប្តេជ្ញាអនុវត្តឲ្យបានពេញលេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីប្រកាសរួមកម្ពុជា-វៀតណាម ឆ្នាំ១៩៩៩, ឆ្នាំ២០០៥, ឆ្នាំ២០១១, ឆ្នាំ២០១៤, និងឆ្នាំ២០១៦ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក រួមទាំងការធានាថា នឹងមិនអនុញ្ញាតិឱ្យមានកងកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគំរាមកំហែងដល់សន្តិសុខប្រទេសមួយទៀតឡើយ។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការពន្លឿនការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់។ បញ្ហាព្រំដែនដែលជារឿងរសើប ត្រូវបានភាគីទាំងពីរ សម្រេចការបោះបង្គោលខណ្ឌសីមាបានជាង៨៣%ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ។ ក្នុងន័យនេះ មេដឹកនាំនៃប្រទេសទាំងពីរ បានបញ្ជាក់ពីការអះអាងសារជាថ្មី នូវការគោរពនិងការអនុវត្តឱ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំងពីរ។
លើការផ្តោះប្តូរពានិជ្ជកម្មវិញ ភាគីទាំងពីរក៏បានបន្តប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យបាន៥ពាន់លានដុល្លាក្នុងពេលខាងមុខ។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសវៀតណាមលើកនេះ គឺធ្វើឡើងចំពេលដែលប្រទេសទាំងពីរត្រៀមរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ (២៤មិថុនា) នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដោយក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានវីរជនយុទ្ធជនពលី និងវិមានសពលោក ហូ ជីមិញ អតីតមេដឹកនាំវៀតណាម និងក៏បានជួបជាមួយប្រធានរដ្ឋវៀតណាម លោកត្រាន់ដាយក្វាង, ប្រធានរដ្ឋសភា លោកស្រី ង្វៀនធី គឹមងិន និងអគ្គលេខាបក្សកុំម្មុយនីសវៀតណាម លោក ង្វៀង ហ្វ៊ូជុង ផងដែរ។ តាមគម្រោង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញនៅល្ងាចថ្ងៃនេះ បន្ទាប់ពីលោកបញ្ចប់ដំណើរទស្សនកិច្ចចុងក្រោយ នៅទីក្រុងហូជីមិញ នៅរសៀលថ្ងៃទី ២១ ធ្នូ ឆ្នាំ២០១៦នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ