កម្ពុជា-សង្គម

​ឆ្នាំ​២០១៩​៖ អាមេរិក​បញ្ចុះ​ចំណាត់​ថ្នាក់​កម្ពុជា​រឿង​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​

មនុស្សដែលត្រូវបានជួញដូរខុសច្បាប់នៅប្រទេសជិតខាង (រូបតំណាង)
មនុស្សដែលត្រូវបានជួញដូរខុសច្បាប់នៅប្រទេសជិតខាង (រូបតំណាង) @RFI

ក្រសួង​ការ​បរទេស​អាមេរិក នៅថ្ងៃទី២០ មិថុនា បាន​ចេញ​របាយការណ៍​មួយ​ស្តីពី ការ​ជួញ​ដូរ​មនុស្ស​នៅ​លើ​ពិភពលោកប្រចាំ​ឆ្នាំ​២០១៩ ដែល​ក្នុងនោះ ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។ តាម​រយៈ​របាយការណ៍​នេះ អាមេរិក​បាន​អះអាង​ថា វិធាន​ការ​របស់​អាជ្ញាធរ​កម្ពុជា​ចំពោះ​ការ​បង្រ្កាប និង​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​។ ដូច្នេះ​ហើយ អាមេរិក​បាន​បញ្ចុះ​ចំណាក់​ថ្នាក់​កម្ពុជា​មួយ​ចំណាត់​ថ្នាក់​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ឆ្នាំ​២០១៩​នេះ ក្រសួង​ការ​បរទេស​អាមេរិក​បានបញ្ចុះ​ចំណាត់​ថ្នាក់​កម្ពុជា​លើ​ការ​ទប់​ស្កាត់​ការ​ជូញ​ដូរ​មនុស្ស​ពី​កម្រិត​លេខ២ (Tier2) មក​កម្រិត​លេខ២​ដូចគ្នា តែ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​ឃ្លាំមើល (Tier 2 Watch list)។ ការ​បន្ថយ​ចំណាត់​ថ្នាក់​នេះ គឺ​ក្រសួង​ការបរទេស​អាមេរិក​មើល​ឃើញ​ថា រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​​ពេញ​លេញ​ទៅ​តាម​ស្តង់​ដារ​នៃ​ការ​លុប​បំបាត់​អំពើ​ជួញ​ដូរ​មនុស្ស​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​។

បើ​តាម​ក្រសួង​ការ​បរទេស​អាមេរិក អាជ្ញាធរ​កម្ពុជា​មិនបាន​បង្ហាញ​ឱ្យ​ឃើញ​ពីការ​កើន​ឡើង​នៃ​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​លុប​បំបាត់​អំពើ​ជួញ​ដូរ​មនុស្ស​។ ក្រសួង​ការ​បរទេស​អាមេរិក បាន​គូស​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​មិន​បាន​ប្រមូល និង ចែក​រំលែក​ព័ត៌មាន​សំខាន់ៗ​នៃ​ការ​អនុវត្ត​ច្បាប់​លើ​បញ្ហា​នេះ​បាន​គ្រប់​គ្រាន់​។ ចំណែក បញ្ហា​ពុក​រលួយ​នៅ​តែ​បន្ត​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ នីតិ​វិធី​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋ ជា​ពិសេស​ការ​ផ្តល់​សេវា​ដល់​ជន​រង​គ្រោះ​។

បើ​ទោះ​បី​ចំណាត់​ថ្នាក់​កម្ពុជា​លើ​ការ​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​នេះ​មិន​សូវ​ល្អ​ក៏​ពិត​មែន តែ​ក៏​មិន​ទាន់​ដល់ថ្នាក់​អាក្រក់​ខ្លាំង​នោះ​ដែរ​។ ក្រសួង​ការ​បរទេស​អាមេរិក បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​ខិត​ខំ​របស់​ខ្លួនដែរ​ក្នុងការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​នេះ មាន​ជា​អាទិ៍ ការ​បន្ត​បញ្ជូន​អ្នក​ជួញ​ដូរ​មនុស្ស​ទៅ​កាន់​តុលាការ និង បាន​កាត់​ទោស​តាម​ច្បាប់ បង្កើន​ការ​បណ្តុះ​បណ្តាល​លើការ​អនុវត្ត​ច្បាប់ ព្រម​ទាំង​ចាត់​វិធាន​ការ​លើក​ស្ទួយ​ការ​យល់ដឹង និង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព​។

គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​ការ​វាយ​តម្លៃ​អំពី​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ក្រសួង​ការ​បរទេសអាមេរិក បាន​ចែក​ចេញ​ជា​៤ចំណាត់​ថ្នាក់​។ ចំណាត់​ថ្នាក់​លេខ១ (Tier 1) សម្រាប់​ប្រទេស​ណា​ដែល​បាន​អនុវត្ត​បាន​ពេញ​លេញ​ទៅ​តាម​ស្តង់​ដារ​នៃ​ច្បាប់​ការពារ​ជន​រង​គ្រោះ​ពី​ការ​ជួញ​ដូរមនុស្ស​របស់​អាមេរិក។ ចំណាត់​លេខ២ (Tier 2) គឺ​សម្រាប់​ដាក់​ឱ្យ​ប្រទេស​ណា​ដែល​អនុវត្ត​មិន​ទាន់​បាន​ពេញ​លេញ​ទៅ​តាម​ស្តង់ដារ ប៉ុន្តែ​កំពុង​បង្ហាញ​ការ​ខិត​ខំ​ទៅ​រក​ស្ដង់​ដារ​។ ចំណាត់​ថ្នាក់​លេខ២​តែ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​ឃ្លាំ​មើល (Tier 2 Watch List) គឺ​ស្រដៀង​គា្ន​នឹង​ចំណាត់​ថ្នាក់​លេខ​២ដែរ តែ​គ្រាន់​តែ​បន្ថែម​នូវ​ការ​តាម​ដាន​ត្រួួត​ពិនិត្យ​ពី​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​បាន​តាម​ស្តង់​ដារ​នៅ​ឆ្នាំ​បន្ទាប់​។ ដោយ​ឡែក ចំណាត់​ថ្នាក់​លេខ៣ (Tier3) គឺ​សម្រាប់​ប្រទេស​ណា​ដែល​អនុវត្ត​មិន​បាន​ពេញ​លេញ​ទៅ​តាម​ស្តង់​ដារ​នៃ​ច្បាប់​ការពារ​ជន​រង​គ្រោះ​ពី​ការ​ជួញ​ដូរមនុស្ស ហើយ​គ្មាន​ការ​បង្ហាញ​ពី​ការ​ខិត​ខំ​អនុវត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI