មន្ទីរសុខាភិបាលត្បូងឃ្មុំនិងស្វាយរៀងប្ដឹងគ្រូពេទ្យជិត៦០០នាក់ទៅតុលាការ ក្នុងសំណុំរឿងព្យាបាលជំងឺគ្មានច្បាប់អនុញ្ញាត
ចុះផ្សាយនៅថ្ងៃ៖
យ៉ាងហោចណាស់គ្រូពេទ្យភូមិជិត៦០០នាក់ ត្រូវបានមន្ទីរសុខាភិបាលក្នុងខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀងប្ដឹងឡើងតុលាការ ក្នុងសំណុំរឿងដូចគ្នាគឺគ្រូពេទ្យទាំងនោះព្យាបាលជំងឺតាមភូមិគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត។ ក្នុងនោះខេត្តត្បូងឃ្មុំត្រូវបានមន្ទីរសុខាភិបាលប្ដឹងឡើងតុលាការមានចំនួន១៤៨រូប ខណៈស្វាយរៀងមានចំនួន៣៩៤រូប។
តុលាការខេត្តត្បូងឃ្មុំបានបិទបញ្ចប់ការសាកសួរទៅលើគ្រូពេទ្យមួយចំនួន ស្ថិតក្នុងស្រុកមេមត់ និងស្រុកអូរាំងឱ រួចហើយនៅថ្ងៃទី២៧ខែឧសភាម្សិលមិញ។ អ្នកនាំពាក្យតុលាការខេត្តត្បូងឃ្មុំបានអះអាងប្រាប់វិទ្យុបារាំងRFI នៅថ្ងៃអង្គារនេះថា សំណុំរឿងគ្រូពេទ្យក្នុងស្រុកអូរាំងឱត្រៀមប្រកាសសាលក្រមនៅថ្ងៃទី២០មិថុនា ខណៈសំណុំរឿងគ្រូពេទ្យក្នុងស្រុកមេមត់ត្រៀមប្រកាសនៅថ្ងៃទី១២ខែមិថុនាដូចគ្នា ក្នុងបទចោទតែមួយ«បើកសេវាឯកជនដោយខុសច្បាប់តាមមាត្រា៦និង១៣នៃច្បាប់ស្ដីពីការគ្រប់គ្រងវិជ្ជាជីវៈឯកជននិងវិស័យវេជ្ជសាស្ត្រ»។ បើតាមគម្រោងតុលាការនឹងកោះហៅគ្រូពេទ្យទាំងនោះម្ដងមួយស្រុករហូតដល់គ្រប់ស្រុកក្នុងខេត្តត្បូងឃ្មុំ ដើម្បីសាកសួរអំពីអាជីវកម្មខុសច្បាប់របស់ពួកគេ។
ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំលោក កែវ វណ្ណៈ បានគូសបញ្ជាក់ថា សំណុំរឿងគ្រូពេទ្យ១៤៨នាក់ ដែលត្រូវតុលាការកោះហៅក្នុងសំណុំព្យាបាលជំងឺតាមភូមិគ្មានច្បាប់អនុញ្ញាតបានកើតមានតាំងតែពីឆ្នាំ២០១៥មកម្លេះ។ ប៉ុន្តែដោយសារពួកគេមិនស្ដាប់តាមការអប់រំនិងណែនាំទើបមន្ទីរប្ដឹងគ្រូពេទ្យទាំងនោះទៅតុលាការក្នុងឆ្នាំ២០១៧។ ប៉ុន្តែជានីតិវិធី តុលាការបានធ្វើការកោះហៅពួកគេនៅក្នុងឆ្នាំ២០១៩នេះ។ លោកប្រធានមន្ទីរបានអះអាងថា តាំងពីឆ្នាំ២០១៥មកដល់ពេលនេះ មន្ទីរបានធ្វើការបោសសម្អាតគ្រូពេទ្យដែលព្យាបាលជំងឺតាមភូមិគ្មានច្បាប់អនុញ្ញាត្ត។
ចំណែកនៅខេត្តស្វាយរៀង ប្រធានមន្ទីរសុខាភិបាលខេត្តក៏បានបញ្ជូនឈ្មោះគ្រួពេទ្យចំនួន៣៩៣រូប ដែលប្រកបរបរដើរព្យាបាលជំងឺពលរដ្ឋដោយគ្មានច្បាប់អនុញ្ញាត្តទៅសាលាដំបូងខេត្តស្វាយរៀងដែរ។ សូមបញ្ជាក់ជូនថា ដើម្បីទទួលបានភាពច្បាប់ក្នុងការប្រកបរបរវិជ្ជាជីវៈផ្នែកសុខាភិបាល គ្រូពេទ្យក៏ដូចជាកន្លែងព្យាបាលជំងឺ ត្រូវមានសញ្ញាបត្របញ្ជាក់លើវិជ្ជាជីវៈ ឲ្យច្បាស់លាស់ចេញពីសាលាដែលពួកគេទទួលបានការបណ្ដុះបណ្ដាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ