កម្ពុជា-សង្គម

​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង៖ ក្រសួង​ការងារ​គួរ​បង្កើត​ការងារ​ក្នុង​ស្រុក​ដើម្បី​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​

ពលករ​ខ្មែររាប់រយនាក់ (រូបតំណាង)
ពលករ​ខ្មែររាប់រយនាក់ (រូបតំណាង) @the nation

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ការងារ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​សមាជិក​ប្រឹក្សា​នេះ​មក​ពី​គណបក្ស​ខ្មែរ​ក្រោក​បាន​យក​បញ្ហា​មួយ​ចំនួន​រួម​មាន ពលករ​ចំណាក​ស្រុក កង្វះ​ការងារ​ជូន​ពល​រដ្ឋ និង​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រើ ប័ណ្ណ បសស​។ បើ​តាម លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក្រសួង​ការងារ​គួរ​បង្កើត​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ជា​ជាង​បង្កើន​ការ​បញ្ជួន​ពលករ​ចេញ​ក្រៅ​ប្រទេស​។ 

ផ្សាយពាណិជ្ជកម្ម

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ថា បញ្ហា​ចំបង​ដែល​បាន​លើក​ឡើង​ដូចជា បញ្ហា​ពលករ​ចំណាក​ស្រុក​ដែល​មាន​ចំនួន​ច្រើន​ជា​ហេតុ​នាំ​ឲ្យ​បាត់​បង់​ចលករ​ពលកម្ម​ក្នុង​សង្គម «ពិសេស​គឺ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ» ។ តាម​ក្រសួង​ការងារ ពលករ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ថៃ​មាន​ចំនួន​ជាង​១លាន​១សែន​នាក់ ខណៈ​ប្រាក់​ឈ្នួល​ទាប​បំផុត​ទទួល​បាន​៣០០​ដុល្លារ​ក្នុង​មួយ​ខែ។

ប៉ុន្តែ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ជំរុញ​ទៅ​ក្រសួង​ការងារ​ឲ្យ​បង្កើត​ការងារ​ក្នុង​ស្រុក​និង​ពង្រីក​ការ​បណ្តុះ​បណ្តាល​ជំនាញដល់​ពលរដ្ឋខ្មែរ​ឲ្យធ្វើ​ការងារ​ក្នុង​ស្រុក​ជា​ជាង​ខិត​ខំ​បញ្ជួន​ពលករ​ចេញ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​។

បើ​ទោះ​ជា​ពលករ​ចំណាក​អាច​រក​ប្រាក់​ចំណូល​មក​វិញ​បាន​ប្រមាណ​២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក៏​ដោយ តែ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​លើក​ឡើង​ថា​ប្រទេស​ដែល​ទទួល​ពលករ​ខ្មែរ​ទាំង​នោះ​ក៏​បាន​ប្រាក់​ចំណេញ​យ៉ាង​ក្រាស់​ក្រែល​ពី អាជីវកម្ម​របស់​ពួក​គេ​ដែរ​។ ដូច​នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្កើន​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ថែម​ទៀត​។

ចំណែក ប្រសិទ្ធ​ភាព​នៃ​ការ​ប្រើ​ប័ណ្ណ បសសវិញ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​លើក​ឡើង​ពី​ការ​រើស​អើង​របស់​គ្រូពេទ្យ​មួយ​ចំនួន​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​បណ្ណ​នេះ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ការងារ​មាន​វិធាន​ការ​ជាក់​ស្តែង​។ ប៉ុន្តែ​ខាង​ក្រសួង​បាន​លើក​ហេតុ​ផល​ថា ដោយ​សារ​តែ​អ្នក​ប្រើ​ប្រាស់​បណ្ណ​ បសស សម្រុក​នាំ​គ្នា​ទៅ​រក​ពេទ្យ​ល្បី​ឈ្មោះ​ច្រើន​ពេក​ទើប​ធ្វើ​ឲ្យ​សេវា​កម្ម​យឺត​យ៉ាវ​។

បើតាម​របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ​ឆ្នាំ២០១៨ កម្មករនិយោជិត២០០​នាក់​បាន​ស្លាប់ ខណៈ​អ្នករងរបួស​មានជាង៣ម៉ឺន៤ពាន់នាក់(៣៤,៦០៨) ដោយសារគ្រោះថ្នាក់ការងារ។ ប៉ុន្តែតួលេខអ្នក​ស្លាប់ និង​ការចំណាយ​សំណង​ហានិភ័យ​ការងារ​ក្នុង​ឆ្នាំ​២០១៨ បាន​ថយចុះ​ចំនួន ១៩.៤៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​អ្នកស្លាប់​២២២​នាក់ ក្នុងចំណោម​អ្នករងគ្រោះថ្នាក់៤ម៉ឺន៧ពាន់នាក់ (​៤៧,៤៩៦ នាក់​)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI