កម្ពុជា

រដ្ឋមន្ត្រី​ប្រទេស​​មហា​​អនុ​តំបន់​​មេគង្គ រៀប​ចំ​​កិច្ច​ប្រជុំ​​ប្រឆាំង​​ការ​ជួញ​ដូរ​​មនុស្ស​

បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​អន្តោប្រវេសន៍​ នៅលើពិភពលោក។
បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​អន្តោប្រវេសន៍​ នៅលើពិភពលោក។ ©Reuters

រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ រួមមាន​កម្ពុជា ចិន ឡាវ ភូមា ថៃ និង​វៀតណាម នៅ​ថ្ងៃទី ៣០មេសា​ស្អែក​នេះ នឹង​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៤ នៅ​ទីក្រុង​ភ្នំពេញ។ ជា​កិច្ច​ប្រជុំ​ដែល​រៀបចំឡើង រៀងរាល់ ៣​ឆ្នាំ​ម្តង និង​ដើម្បី​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។ កិច្ចប្រជុំ ក៏​ធ្វើ​ឡើង​ស្រប​ពេលដែល​សហគម​អន្តរជាតិ កំពុង​តែ​បង្កើន​ការ​ព្រួយ​បារម្ភ ពី​បញ្ហា​ការ​ជួញដូរ​មនុស្ស មុន​ពេល​សមាហរណកម្ម​អាស៊ាន នឹង​ឈាន​ចូល​មក​ដល់​នៅ​ចុង​ឆ្នាំ ២០១៥​នេះ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​មហា​អនុតំបន់​មេគង្គ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ហៅ​កាត់​ថា (COMMIT ខម​មី​ត) លើក​ទី​៤ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ៣០មេសា រដ្ឋមន្ត្រី​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ​ទាំង​៦ នឹង​អនុម័ត​លើ​ផែនការ​សកម្មភាព​ថ្នាក់​តំបន់​លើក​ទី​៤ ពី​ឆ្នាំ ២០១៥-២០១៨ ព្រម​ទាំង​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​លុបបំបាត់​រាល់​ទំរង់​នៃ​ការ​ជួញដូរ​មនុស្ស ក្នុង​តំបន់​តាមរយៈ​ការ​ឯកភាព​គ្នា លើ​សេចក្តី​ថ្លែងការណ៍​រួម​របស់ ខម​មី​ត។

ខ្លឹមសារ​ដែល​ជា​ប្រធានបទ​សម្រាប់​កិច្ច​ប្រជុំ គឺ «ការ​ប្តេជ្ញា​ចិត្ត​ថ្នាក់​តំបន់ ដើម្បី​បញ្ឃប់​អំពើ​ជួញដូរ​មនុស្ស​តាម​ការ​រួបរួមគ្នា និង​បង្កើត​គំនិត​ថ្មី»។ ហើយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រ​ឆាំង​អំពើ​ជួញដូរ​មនុស្ស នឹង​ដឹកនាំ​កិច្ច​ប្រជុំ​នោះ ។

កិច្ច​ប្រជុំ​ស្តីពី​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេលដែល​សហគម​អន្តរជាតិ អង្គការ​សង្គម បាន​នឹង​កំពុង​ដាក់​ក្តីបារម្ភ​ថា សមាហរណកម្ម​អាស៊ាន នា​ពេល​ខាង​មុខ​ដ៏​ខ្លី នឹង​ធ្វើ​ឲ្យ​ការ​ចំនួន​នៃ​ការជួញដូរ​មនុស្ស​កាន់​តែ​កើនឡើង។

លោក​យ៉ា ណា​វុ​ធ នាយក​ប្រតិបត្តិ​អង្គការ​ខា​រ៉ា​ម​កម្ពុជា ដែល​ធ្វើ​ការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស បាន​ប្រាប់​វិទ្យុ​បារាំង​ថា ទោះ​បី​ជា​មាន​ការ​ទប់ស្កាត់ និង​យុទ្ធនាការ​ផ្សេង​ៗ ប៉ុន្តែ​អង្គការ​លោក​បាន​សង្កេត​ឃើញ​ថា ការ​ជួញដូរ​មនុស្ស​ក្នុង​តំបន់ មិន​មាន​ការ​ថមថយ​នោះ​ទេ។ ការ​កើន​ឡើង​នេះ ដោយសារ​តែ​ក្រុម​ឧក្រិដ្ឋជន មាន​យុទ្ធវិធីថ្មីៗ ក្នុងការ​អូសទាញ​ជន​រងគ្រោះ​ទាំងនោះ។ តាម​លោក​យ៉ា ណា​វុ​ធ បញ្ហា​ក្នុងស្រុក ដូចជា​ការបាត់បង់​ដីធ្លី ភាព​ក្រីក្រ និង​ភាព​គ្មាន​ការងារ​ធ្វើ ក៏​នៅ​តែ​ជា​មូលហេតុ​ចម្បង ក្នុង​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ចាក​ចេញពី​ស្រុកកំណើត​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ផងដែរ។

តាម​អង្គការ​ពលកម្ម​អន្តរជាតិ ILO មាន​មនុស្ស​ប្រហែល ២១​លាន​នាក់​ជា​ជន​រងគ្រោះ​នៃ​ពលកម្ម​ដោយ​បង្ខំ ឬ ការ​កេងប្រវ័ញ្ច​លើផ្លូវ​ភេទ​ទូទាំង​ពិភពលោក ដោយ​ក្នុង​នោះ​ស្ត្រី និង​ក្មេងស្រី មាន​៥៥​ភាគរយ ឬ​ស្មើនឹង​ជាង ១១លាន​នាក់ និង​កុមារ​ប្រមាណ ២៦​ភាគរយ គឺ​ជា​ជន​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI