លោក Rodrigo Duterte រងការរិះគន់ថាគ្មានសុជីវធម៌ ចំពោះការពាក់អាវមូរដៃ ចូលគាល់ព្រះមហាក្សត្រ និងជួបនាយករដ្ឋមន្ត្រីខ្មែរ!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទស្សនកិច្ចលើកទី១ របស់ប្រធានាធិបតីហ្វីលីពីន នៅកម្ពុជា បានបញ្ចប់ហើយនៅល្ងាចនេះ។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ចំនួន ២ថ្ងៃនេះ លោក Rodrigo Duterte បានចូលគាល់ព្រះមហាក្សត្រខ្មែរ និងបានជួបជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុងជំនួបទាំងពីរនេះ គឺប្រមុខរដ្ឋហ្វីលីពីន ពាក់អាវសមូរដៃ ហើយត្រូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកការទូត និងពលរដ្ឋមួយចំនួន ថាជាការស្លៀកពាក់មិនសមរម្យ។
លោកប្រធានាធិបតី Rodrigo Duterte បានពាក់អាវប្រពៃណីហ្វីលីពីន ពណ៌ស ដោយមូរដៃអាវ ដើម្បីចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រឹកថ្ងៃទី ១៤ធ្នូ ហើយពេលរសៀល ប្រមុខរដ្ឋហ្វីលីពីន រូបនេះ បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសម្លៀកបំពាក់ដដែល។ ចំពោះការស្លៀកពាក់បែបនេះ អ្នកជំនាញពិធីការទាំងខ្មែរ និងបរទេស សុទ្ធតែបានរិះគន់ចំៗពាសពេញបណ្តាញទំនាក់ទំនងសង្គម ថាជាការខ្វះសុជីវធម៌។
អ្នកជំនាញពិធីការជាន់ខ្ពស់ ជនជាតិបារាំងម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបញ្ចេញយោបល់ថា ក្នុងនាមប្រមុខរដ្ឋមន្ត្រីមួយរូប គេមិនអាចចេះតែស្លៀកពាក់សាមញ្ញធម្មតាតែគ្រប់កាលៈទេសៈនោះទេ។ ការធ្វើដូច្នេះ គឺខ្វះសីលធម៌ ហើយរឹងរឹតតែមិនសមរម្យទៅទៀត ជាពិសេសនៅពេលចូលគាល់ព្រះមហាក្សត្រយ៉ាងដូច្នេះ។ អ្នកជំនាញពិធីការដដែលបញ្ជាក់ថា បើគាត់ចង់បង្ហាញពីអាវសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ក៏មិនអីទេ បើសិនជា គាត់គ្រាន់តែកុំមូរដៃអាវ និងបិទឡេវអាវឲ្យសមរម្យនោះ។
ចំណែកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានលើកឡើងក្នុង Facebook របស់ខ្លួនថា ការពាក់អាវបែបនេះ មិនសមទេ ហើយជាការមិនឲ្យតម្លៃដល់អ្នករៀបចំទទួលខ្លួន។ លោក ខឹម វាសនា គូសបង្ហាញថា នេះមិនមែនជាសកម្មភាពនៃបុគ្គល ដែលមានចរិតសាមញ្ញនោះទេ តែគឺជាសកម្មភាពជម្លើយ។
ទោះយ៉ាងនេះក្តី បណ្ឌិត សុខ ទូច ដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ របស់រាជបណ្ឌិត្យកម្ពុជា យល់ឃើញថា នេះជាចរិតផ្ទាល់ខ្លួនរបស់លោក Duterte ទៅវិញទេ។ ក៏ប៉ុន្តែបណ្ឌិតរូបនេះ កត់សម្គាល់ផងដែរថា បើសិនជាលោក Duterte បានចង់អ្វីពីគេវិញនោះ គឺលោកសម្របខ្លួនតាមខ្លះ ដូចជាកាលពីពេលទៅជួបជាមួយនឹងប្រធានាធិបតីចិន គឺ Duterte បានស្លៀកពាក់សមរម្យដោយមានអាវធំ និងក្រវ៉ាត់កត្រឹមត្រូវ។
ជាការកត់សម្គាល់ លោក Duterte តែងតែពាក់អាវយឺត និងអាវប្រពៃណីពណ៌សនិងមូរដៃអាវ។ ហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវក្នុងខែកញ្ញា នាពេលកន្លងទៅ ក៏លោក Rodrigo Duterte ស្លៀកពាក់បែបនេះដែរ សូម្បីតែក្នុងជំនួបដាច់ដោយឡែកជាមួយ លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន ក៏លោក Duterte ស្លៀកពាក់សាមញ្ញអ៊ីចឹងដែរ។ លើកលែងតែម្តងគត់ គឺក្នុងថ្ងៃទី២ កិច្ចប្រជុំអាស៊ាននេះ ដែលលោកពាក់អាវធំពណ៌ខ្មៅ និងក្រវ៉ាត់កឆ្នូតតិចៗ។
ប្រធានាធិបតីហ្វីលីពីនរូបនេះ ត្រូវបានគេហៅថា ជាមនុស្សមាត់ឆៅ ត្បិតលោកបានប្រើពាក្យអសុរោះជាសាធារណៈជាញឹកញឹក។ លោកធ្លាប់ជេរប្រធានានាធិបតី Obama ហើយជេររហូតទៅដល់សម្តេចប៉ាប់ ហ្វ្រង់ស័រ ថែមទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ