ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រព័ន្ធផ្សព្វផ្សាយកំពុងតែមានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយ ទាំងកាសែត វិទ្យុ និងទូរទស្សន៍ព្រមទាំងគេហទំព័រព័ត៌មានផង ហាក់ដូចជាមិនទាន់បានប្រើប្រាស់ឥទ្ធិពលដែលខ្លួនមានឲ្យបានគ្រប់គ្រាន់ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅឡើយ។ គ្រោះថ្នាក់ចរាចរណ៍ដែលសព្វថ្ងៃនេះ បានក្លាយទៅជាបញ្ហាប្រឈមធ្ងន់ធ្ងរ ដោយបានសម្លាប់មនុស្សខ្មែរច្រើនឡើងៗជារៀងរាល់ថ្ងៃ។
របាយការណ៍ពីក្រុមការងារគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា មានមនុស្សចំនួន២ពាន់២២៦នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៤កន្លងទៅ។ ចំនួននេះ កើនឡើងជាង២០០នាក់ បើធៀបទៅនឹងឆ្នាំ២០១៣ និងកើនឡើងជាង៣០០នាក់ បើធៀបទៅនឹងឆ្នាំ២០១២។ ឆ្នាំ២០១៣ ដែលមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៩៥០នាក់ និងឆ្នាំ២០១២ ដែលមានមនុស្សស្លាប់ចំនួន១៩០៩នាក់។
តាមរយៈទិន្នន័យរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គេសង្កេតឃើញថាចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនថយចុះទេ។ ផ្ទុយទៅវិញ វាមានតែកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីចំនួនកើនឡើង លក្ខណៈនៃការស្លាប់នៅលើដងផ្លូវ ក៏កាន់តែសាហាវឡើងៗផងដែរ។
នៅក្នុងបរិបទយ៉ាងដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយជាពិសេសទូរទស្សន៍ ហាក់ដូចជាកំពុងតែសប្បាយរីករាយក្នុងការផ្សព្វផ្សាយព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ទាំងនេះខ្លាំងណាស់។ នៅតាមប៉ុស្តិ៍ខ្លះ គ្រាន់តែព័ត៌មានគ្រោះថ្នាក់ចរាចរណ៍មួយ ពិធីករធ្វើអត្ថាធិប្បាយក្លែមចុះក្លែមឡើងមួយព្រឹកមិនចប់។ ការផ្សព្វផ្សាយពីព័ត៌មានគ្រោះថ្នាក់ចរាចរណ៍មិនមានអ្វីទាស់ខុសទេប៉ុន្តែក្រៅពីការអត្ថាធិប្បាយទៅមកដដែលៗដើម្បីតែបន្លាចអ្នកមើល និងចែកគ្នាហួសចិត្តសារព័ត៌មានហាក់ដូចជាមិនទាន់ធ្វើសកម្មភាពគ្រប់គ្រាន់នៅឡើយទេ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដែលកាន់តែធ្ងន់ធ្ងរឡើងដូចសព្វថ្ងៃនេះ។
មែនទែនទៅ បើនិយាយដល់គ្រោះថ្នាក់ចរាចរណ៍ គេមិនអាចមិននិយាយបានទេ អំពីការបើកបរក្នុងពេលស្រវឹង។ នៅក្នុងការងារនេះ សារក្រើនរំលឹកមួយចំនួន ត្រូវបានផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាហូហែរ។ សារក្រើនរំលឹកដែលគេឃើញញឹកញាប់រួមមាន ពេលស្រវឹងកុំបើកបរ ការពារជីវិតអ្នកពាក់មួយកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរាណ៍ជាដើម។
ជាការពិត សារខ្លីៗទាំងនេះ គឺពិតជាអាចពញ្ញាក់ស្មារតីរបស់ពលរដ្ឋទូទៅបាន។ ប៉ុន្តែសួរថាតើវាអាចដាស់ស្មារតីប្រុងប្រយ័ត្នបានកម្រិតណា នៅពេលដែលការផ្សព្វផ្សាយពីស្រាបៀរមាននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដូចសព្វថ្ងៃនេះ? ទន្ទឹមនឹងការទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មស្រាបៀរ សួរថាតើប្រព័ន្ធផ្សព្វផ្សាយបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនគ្រប់គ្រាន់ហើយឬនៅ ដើម្បីលើកកម្ពស់ការយល់ដឹងជាសារធារណៈអំពីសុវត្ថិភាពនៅតាមផ្លូវថ្នល់?
ជាការពិត មុននឹងសួរថាតើប្រព័ន្ធផ្សព្វផ្សាយអាចធ្វើអ្វីបានខ្លះ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍ ជាដំបូង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានត្រូវតែទទួលស្គាល់នូវការពិតមួយចំនួនជាមុនសិន។ ប្រព័ន្ធផ្សព្វផ្សាយត្រូវទទួលស្គាល់ពីឥទ្ធិពលរបស់ខ្លួននៅក្នុងសង្គម គឺត្រូវតែទទួលស្គាល់ថា រាល់ការផ្សព្វផ្សាយរបស់ខ្លួន តិចឬច្រើន គឺជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់អ្នកស្ដាប់និងអ្នកទស្សនានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ហើយប្រព័ន្ធផ្សព្វផ្សាយដដែលនេះ ត្រូវតែជឿជាក់ថា ខ្លួនអាចធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានមួយ នៅក្នុងសង្គមផងដែរ។
បន្ទាប់ពីទទួលស្គាល់និងជឿជាក់ដូច្នេះហើយ ប្រព័ន្ធផ្សព្វផ្សាយនឹងអាចផ្លាស់ប្ដូរខ្លួនឯង ដើម្បីឈានទៅផ្លាស់ប្ដូរសង្គមបាន។ ជាឧទាហរណ៍៖ ជាជាងធ្វើអត្ថាធិប្បាយថែមល្បោយពីព័ត៌មានឡានទំនើបបើកបុកម៉ូតូដែលជិះបញ្ច្រាស់ផ្លូវ ប្រព័ន្ធផ្សព្វផ្សាយគួរតែបញ្ជ្រាបការយល់ដឹងផងដែរថា ការជិះបញ្ច្រាស់ផ្លូវ គឺខុសច្បាប់ចរាចរណ៍ ហើយប្រជាពលរដ្ឋគួរតែចៀសវាងទង្វើខុសឆ្គងយ៉ាងដូច្នេះ។
ជាជាងផ្សព្វផ្សាយព័ត៌មានភ័យរន្ធត់ដដែលៗថា កុងទីន័រចុះពីលើស្ពានដាច់ហ្វ្រាំងបុករះរថយន្តម៉ូតូបួនដប់គ្រឿង ប្រព័ន្ធផ្សព្វផ្សាយគួរតែសួរនាំទៅកាន់ស្ថាប័នពាក់ព័ន្ធ ពីវិធានការដែលបានធ្វើឬនឹងធ្វើដើម្បីចៀសវាងគ្រោះថ្នាក់យ៉ាងដូច្នេះ។ ស្ថាប័នពាក់ព័ន្ធ បើទោះជាមិនទាន់មានវិធាការណាមួយច្បាស់លាស់ក៏ដោយ ចង់មិនចង់ក៏ត្រូវធ្វើសកម្មភាពអ្វីមួយដែរ នៅចំពោះមុខសំណួររបស់អ្នកកាសែត។
និយាយពីសារក្រើនរំលឹក ដែលគេឧស្សាហ៍ប្រទះឃើញនៅតាមប្រព័ន្ធផ្សព្វផ្សាយខ្មែរ។ សារខ្លីៗអស់ទាំងនេះ ថ្វីត្បិតតែអាចពញ្ញាក់ស្មារតីអ្នកស្ដាប់និងទស្សនាបានខ្លះ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ ហើយសារទាំងនេះ ក៏មិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប្រកបដោយប្រសិទ្ធភាពដែរ។ ជាក់ស្ដែង សារស្ដីពីការពាក់មួកសុវត្ថិភាព។
ការបើកបរពាក់មួកសុវត្ថិភាព មិនមែនមានសុវត្ថិភាពទាំងស្រុងទេ ប្រសិនខ្វះការគោរពច្បាប់ចរាចរណ៍។ ដូចគ្នាដែរតើសារដាស់តឿនកុំឲ្យបើកបរពេលស្រវឹងប៉ុន្មានវិនាទីមានប្រសិទ្ធភាពកម្រិតណា ខណៈដែលស្ប៉តផ្សព្វផ្សាយពីស្រាបៀរគិតនាទីមាននៅសឹងតែគ្រប់ប៉ុស្តិ៍យ៉ាងដូច្នេះ?
ជាថ្មីម្ដងទៀត សារខ្លីៗអំពីចរាចរណ៍ដែលត្រូវបានផ្សព្វផ្សាយសព្វថ្ងៃនេះ នៅមិនទាន់គ្រប់គ្រាន់ទេ។ បន្ថែមពីលើសារអប់រំទាំងនេះ ប្រព័ន្ធផ្សព្វផ្សាយគួរតែបង្កើនការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍។ ច្បាប់ចរាចរណ៍ គឺបង្កើតឡើងដើម្បីផ្ដល់សុវត្ថិភាព។ ដូច្នេះ នៅពេលពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សុវត្ថិភាពលើដងផ្លូវនឹងកើតឡើងយ៉ាងពិតប្រាកដ។
សរុបមកវិញ ប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពល និងអាចរួមចំណែកដើម្បីផលប្រយោជន៍សង្គម ច្រើនជាងអ្វីដែលកំពុងធ្វើសព្វថ្ងៃ ដោយមិនខាតបង់ប្រាក់ចំណូលរបស់ខ្លួនទៀតផង។ ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈកម្មវិធីយល់ដឹងពីច្បាប់ចរាចរណ៍ សំខាន់ខ្លាំងណាស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍។
ទន្ទឹមគ្នានេះ ស្ថាប័នពាក់ព័ន្ធក៏មិនត្រូវព្រងើយកន្តើយនឹងការអនុវត្តច្បាប់ចរាចរណ៍ផងដែរ ព្រោះថា ប្រសិនបើគ្មានការអនុវត្តទេ សុវត្ថិភាពចរាចរណ៍ក៏គ្មានដែរ បើទោះបីជាកម្ពុជាមានច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលល្អប្រសើរជាងមុនយ៉ាងណាក៏ដោយ។ ចំណែកប្រជាពលរដ្ឋទូទៅ ក៏ត្រូវបង្កើនស្មារតីគោរពច្បាប់ចរាចរណ៍របស់ខ្លួនផងដែរ ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ជាបញ្ហាប្រឈមរបស់មនុស្សគ្រប់គ្នា មិនមែនរបស់នរណាម្នាក់ដោយចំពោះនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ