កម្ពុជា-នយោបាយ

អ្នក​ឃ្លាំ​មើល៖បើ​យក​អាសនៈ​បក្ស​ជាប់​ឆ្នោត​ទៅ​ឲ្យ​បក្ស​ផ្សេង​វា​អយុត្តិធម៌

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច

ភ្លាមៗ​បន្ទាប់​ពី​រដ្ឋសភា បាន​អនុម័ត​ច្បាប់​ចំនួន​៤​ទាក់​ទង​នឹង​ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ យក​ទៅ​ចែក​ឲ្យ​បក្ស​ដទៃ​ទៀត​នោះ​ ប្រតិកម្ម​នានា​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ មាន​សុទិដ្ឋិនិយម​ថា ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណបក្ស​កាន់​អំណាច​តែ​ឯង​នេះ​ទំនង​ជា​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ជា​ទូទៅ​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

​អត្ថបទ​ដោយ៖​ អ៊ឹង ប៊ុនថន

លោក សម​ គន្ធាមី នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា និចហ្វិច យល់​ថា ប្រសិន​ជា​គេ​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ដែល​សំដៅ​ដល់​គណបក្ស​សង្រ្គោះ​ជាតិ​នោះ ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត លោក​ថា​វា​អយុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​ព្រោះ​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​តាំង​ពី​យូរ​មក​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា លោក សម គន្ធាមី មាន​សុទិដ្ឋិនិយម​ថា ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណបក្ស​កាន់​អំណាច​តែ​ឯង​នេះ ទំនង​ជា​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ជា​ទូទៅ​នោះ​ទេ ហើយ​គណបក្ស​សង្រ្គោះ​ជាតិ ក៏​ទំនង​ជា​មិន​ត្រូវ​បាន​គេ​រំលាយ​នោះ​ដែរ។

ចំណែកអនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​កំពុង​នៅ​ក្រៅ​ប្រទេស បាន​សរសេរ​ហ្វេសប៊ុក​របស់​លោក​ថា ការ​អនុម័ត​ច្បាប់​វិសោធនកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ​គឺ​មិន​អាច​យក​មក​អនុវត្ត​នៅ​ក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា និង​អាណត្តិ​ទី​៤ នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​បាន​ឡើយ ព្រោះ​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ។

លោក អេង ឆៃអ៊ាង បន្ត​ថា​ប្រសិន​បើ​អ្នក​ណា​យក​ច្បាប់​វិសោធនកម្ម​ច្បាប់​នេះ ទៅ​អនុវត្ត​ក្នុង​បែង​ចែក​អាសនៈ​រដ្ឋសភា និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​នយោបាយ​មួយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃ គឺ​ជា​ការ " ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ" យ៉ាង​កម្រោល ហើយ​អ្នក​ទទួល​យក​អាសនៈ​ពី​អំពើ​ប្លន់​នេះ មាន​ឈ្មោះ ​ថា " ទទួល​ផល​ចោរកម្ម" ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា លោក អេង ឆៃអ៊ាង លើក​ឡើង​ដោយ​កំហឹង​ដោយ​ថា​គណបក្ស​ប្រឆាំង​បាត់​បង់​អ្វីៗ​អស់​ហើយ។ លោក​អះ​អាង​ថា​ការ​ធ្វើ​ច្បាប់​នៅ​ពេល​នេះ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់​និង​ស្រប​តាម​ស្ថានភាព​នយោបាយ។

សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តី​ពី​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​រដ្ឋសភា បាន​អនុម័ត​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ។

ឯ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​២០១៧ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៥ ។នេះ​បើ​តាម លោក អេង ឆៃអ៊ាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI