ខេត្តព្រះសីហនុ៖ កាមេរ៉ាចំនួន ៥៣៣គ្រាប់ នឹងត្រូវតំឡើងនៅទីតាំង ៤៣៣ ដើម្បីបង្កើនសុវត្ថិភាព និងសន្តិសុខ
ចុះផ្សាយនៅថ្ងៃ៖
កាមេរ៉ាសុវត្តិភាពចំនួន ៥៣៣ គ្រាប់នឹងត្រូវបំពាក់នៅទីតាំង ៤៣៣ ក្នុងខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យចរាចរណ៍ និងបង្កើនសុវត្ថិភាពសន្តិសុខ។ ដំណើរការនៃការបំពាក់កាមេរ៉ាសុវត្ថិភាពទាំង៥៣៣ នេះ នឹងធ្វើឡើងនៅលើកំណាត់ផ្លូវទំាង ៣៤ខ្សែ ដែលបាននឹងកំពុងសាងសង់ថ្មី។ លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បញ្ជាក់ថាចំនួនកាមេរ៉ានេះ គឺសមល្មមទៅនឹងស្ថានភាពជាក់ស្តែងរបស់ខេត្តនាពេលបច្ចុប្បន្ន ប៉ុន្តែលោកថាបានកាន់តែច្រើនជាងនេះកាន់តែល្អ ព្រោះនឹងជួយឱ្យការគ្រប់គ្រងកាន់តែល្អិតល្អន់។ គួរជម្រាបជូនថា ការបំពាក់កាមេរ៉ាសុវត្ថិភាពចំនួនរាប់រយនាពេលនេះ គឺស្របពេលដែលសុវត្ថិភាពនិង សន្តិសុខនៅទីក្រុងឆ្នេរសមុទ្ររបស់កម្ពុជាមួយនេះ កំពុងប្រឈមនឹងបញ្ហាបន្តបន្ទាប់។
គោលដៅដែលត្រូវដាក់កាមេរ៉ាសុវត្តិភាពនេះមុនគេ គឺផ្តោតទៅលើទីតាំងដែល ងាយរងគ្រោះ ចំនួន២៣១ គោលដៅ គ្រប់ដណ្តប់នៅក្នុងខេត្តព្រះសីហនុ។ ក្នុងនោះក្រុងព្រះសីហនុ មានចំនួន១៥០ គោលដៅ ស្រុកព្រៃនប់ ៤៨គោលដៅ ស្រុកកំពង់សិលា១៣គោលដៅ និងស្រុកស្ទឹងហៅ ២០គោលដៅ។ លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងថា ការងារបំពាក់កាមេរ៉ានេះ គឺស្របគ្នាទៅនឹង ការធ្វើផ្លូវថ្មីទាំង ៣៤ ខ្សែ និង ការបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសារធារណៈផងដែរ។
តាមអ្នកនាំពាក្យសាលាខេត្តព្រះសីហនុដដែល ពេលនេះក្រុមការងាររៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្តិភាព ទើបតែបានបញ្ចប់ការសិក្សាលើទីតាំង និង បន្តរៀបចំជាផែនការមេ ដើម្បីដាក់ទៅកាន់ថ្នាក់ដឹកនាំខេត្ត និង អគ្គស្នងការនគរបាលជាតិ។
ជារួម គោលបំណងគឺដើម្បីធានា សុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសនៅតាមផ្លូវសាធារណៈ។ លើសពីនេះ គឺជួយឱ្យកងអន្តរាគមន៍បង្រា្កបបទល្មើសបានទាន់ពេលវេលានិងងាយស្រួលកំណត់អត្តសញ្ញាណបទលើ្មសដែលកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះ គឺស្របទៅតាមគោលដៅរបស់រដ្ឋាភិបាលដែលចង់ឱ្យខេត្តក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើបមួយ។
គួរជម្រាបជូនថា ការព្រួយបារម្ភអំពីសុវត្ថិភាពនៅក្នុងក្រុងព្រះសីហនុនាពេលថ្មីៗនេះ បានជំរុញឱ្យអាជ្ញាធរបង្កើតក្រុមជំនាញដែលមានគោលបំណងទប់ស្កាត់ ឧក្រិដ្ឋកម្មនានា ដែលត្រូវបានប្រព្រឹត្តដោយជនបរទេស ពិសេសជនជាតិចិន។ ជាក់ស្តែងនៅក្នុងខែសីហា ឆ្នាំ២០១៩ អគ្គស្នងការនគរបាលជាតិ បានបង្កើតក្រុមការងារ ដើម្បីវាយតម្លៃពីស្ថានភាពសន្តិសុខនៅក្នុងខេត្តនេះ។ បើតាមក្រសួងមហាផ្ទៃ ឧក្រិដ្ឋកម្មដែលកំពុងកើតឡើងនៅក្រុងព្រះសីហនុ រួមមាន៖ អំពើឃាតកម្ម ការជួញដូរគ្រឿងញៀន និងល្បែងស៊ីសង ជំរិតទារប្រាក់ និងការចាប់ជំរិត។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ