កម្ពុជា

ក្រសួង​មហាផ្ទៃ​​បដិសេធ​​ព័ត៌មាន​​បញ្ជូន​​ជន​ភៀស​ខ្លួន​​អូស្ត្រាលី​​មក​កាន់​​កម្ពុជា​​នៅ​​ថ្ងៃ​ស្អែក​

ក្រសួង​មហាផ្ទៃ​​បដិសេធ​​ព័ត៌មាន​​បញ្ជូន​​ជន​ភៀស​ខ្លួន​​អូស្ត្រាលី​​មក​កាន់​​កម្ពុជា​​នៅ​​ថ្ងៃ​ស្អែក​
ក្រសួង​មហាផ្ទៃ​​បដិសេធ​​ព័ត៌មាន​​បញ្ជូន​​ជន​ភៀស​ខ្លួន​​អូស្ត្រាលី​​មក​កាន់​​កម្ពុជា​​នៅ​​ថ្ងៃ​ស្អែក​ RFI/ Siv Channa

ប្រតិកម្ម​ទៅនឹង​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី​នៅក្នុង​សប្តាហ៍​នេះ​ដែលថា អូស្ត្រាលី​នឹង​ប​ញ្ចូ​ន​ជនភៀសខ្លួន​ពី​កោះ​នេ​រុ មកកាន់​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះនោះ ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា មិនមែនជា​ពិត​នោះទេ។ មិនមែនជា​ការពិត ព្រោះថា​មកដល់ពេលនេះ​ក្រសួង​មហាផ្ទៃ​មិនទាន់​ទទួលបាន​ព័ត៌មាន​ជា​ផ្លូវការ​ណាមួយ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​នៅឡើយ​ទេ​ជុំវិញ​ការបញ្ជូន​ជនភៀសខ្លួន​ទាំងនោះ។

ផ្សាយពាណិជ្ជកម្ម

កម្ពុជា និង​អូស្ត្រាលី មិនទាន់​ព្រមព្រៀងគ្នា​បញ្ជូន​ជនភៀសខ្លួន​ពី​កោះ​នេ​រុ មកកាន់​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ទី២០ មេសា​នោះទេ។ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ក្រសួងមហាផ្ទៃ​មិនទាន់​ទទួលបាន​ព័ត៌មាន​ជា​ផ្លូវការ​ណាមួយ​ជុំវិញ​កា​រប​ញ្ចូ​ន​ជនភៀសខ្លួន​នេះ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​នៅឡើយ។

លោក​ខៀវ សុភ័គ៖ “ បាទ ! រហូតមក​ពេល​ហ្នឹង​យើង​អត់​ទាន់​មានឈ្មោះ​យ៉ាងម៉េច​ផង ជា​ផ្លូវការ​គឺ​គ្មាន គ្មាន​អ្នកណា​អី​មក​ដឹង ហើយ​យើង​ជឿថា មិនអាច​ទៅរួច​ទេ ហើយ​ម្សិលមិញ​ក៏​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បដិសេធ​ហើយ ជា​ព័ត៌មាន​ដែល​គាត់​បាន​ភ័នច្រឡំ​ហើយ​គាត់​សូមទោស​ហើយ ព្រោះ​ឥឡូវ​យើង​បញ្ជូន​យ៉ាងម៉េច ការព្រមព្រៀង បើ​យើង​អ្នកទទួល​មិនដឹង​អ្នកណា​ផង មក​ម៉េច​ផង ក្រសួងការបរទេស​ក៏​គ្មាន ក្រសួងមហាផ្ទៃ​ក៏​គ្មាន បញ្ជូន​យ៉ាងម៉េច​កើត"។

ការបញ្ជាក់​របស់​ក្រសួងមហាផ្ទៃ​នៅពេលនេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​កាសែត​The Guardian របស់​អូស្ត្រាលី កាលពី​ថ្ងៃទី១៥ មេសា បាន​រាយការណ៍​ដោយ​ផ្អែក​តាម​លិខិត​ពត៌មាន​ដែល​មន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ចែកជូន​ឲ្យ​ជនភៀសខ្លួន​នៅលើ​កោះ​នេ​រុ ឲ្យ​ដឹងថា ជនភៀសខ្លួន​ដែល​ស្ម័គ្រចិត្ត នឹងត្រូវ​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២០ មេសា។ ជនភៀសខ្លួន​ទាំងនោះ​នឹង​ទទួលបាន ការជួយ​ស្វែងរក​ការងារ​ធ្វើ ការ​ស្នាក់នៅ សេវា​សុខាភិបាល និង អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ​ខ្មែរ ក្នុង​រយៈពេល៧ឆ្នាំ។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន​អូស្ត្រាលី​ABCបានចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៦ មេសា ថា ជនភៀសខ្លួន​នៅ​អូស្ត្រាលី ចំនួន១០នាក់ នឹង​ឡើង​យន្តហោះ​មកកាន់​កម្ពុជា​ជា​លើកទីមួយ។ បើតាម ABCដដែល ជនភៀសខ្លួន​ទាំងនោះ នឹង​ទទួលបាន​នូវ​សេវា​ស្នាក់នៅ អាចជា​បន្ទប់​នៅក្នុង​ផ្ទះសំណាក់ ឫ​ជា​ផ្ទះ​វិឡា។

បើទោះបី​មន្ត្រី​កម្ពុជា បាន​បដិសេធ​នូវ​ដំណឹង​នេះ​ក៏ដោយ ក៏ប៉ុន្តែ​ជនភៀសខ្លួន​មួយចំនួន​ដែល​កំពុងស្នាក់នៅ​ក្នុង​កោះ​នេ​រុ នៃ​ប្រទេស​អូស្ត្រាលី បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​គម្រោង​បញ្ជូន​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ទី២០ មេសា។ នេះ​បើតាម​ការចុះផ្សាយ​ឲ្យ​ដឹង​របស់​កាសែត​Daily Mail របស់​អង់គ្លេស​កាលពី​ថ្ងៃទី១៨ មេសា​ម្សិលមិញ។ ថ្វីបើ​ជនភៀសខ្លួន​ទាំងនោះ​ទំនង​មិនអាច​បញ្ជូន​មកកាន់​ក​ម្ពុ​ជា​នៅ​ថ្ងៃ​ចន្ទ​ក៏ពិតមែន ក៏ប៉ុន្តែ​លោក​ខៀវ សុភ័គ បាន​គូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ​នឹង​ប​ញ្ចូ​ន​មន្ត្រី​ជំនាញ​របស់ខ្លួន​ទៅកាន់​កោះ​នេ​រុ​នៅថ្ងៃនេះ​តែម្តង ឫ​ក៏​នៅ​ថ្ងៃស្អែក ដើម្បី​ទៅ​សាកសួរ​ពី​ការស្ម័គ្រចិត្ត​របស់​ជន​ភៀសខ្លួន​ទាំងនោះ​មកកាន់​កម្ពុជា។

សូម​រំលឹក​ជូន​បន្តិច​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ទទួលយក​ជន​ភៀស​ពី​ប្រទេស​អូស្ត្រាលី​ចំនួន១ពាន់​នាក់មក​ស្នាក់នៅ​កម្ពុជា​កាល​ចុងខែ​កញ្ញា ឆ្នាំ២០១៤ ដោយ​លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង លោ Scott Morrison រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង មន្ត្រី​គណបក្សប្រឆាំង បាន​តវ៉ា​ជំទាស់​ចំពោះ​កិច្ចព្រមព្រៀង​នេះ ដោយ​លើក​ហេតុផល​ថា ស្ថានភាព​របស់​កម្ពុជា​នៅពេលនេះ មិនទាន់​អាច​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ​បានទេ។ តែ​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​អះអាងថា ការទទួល​ជនភៀសខ្លួន​ទាំងនោះ គឺ​ផ្អែកទៅលើ​គោលការណ៍​ស្ម័គ្រចិត្ត​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI