កម្ពុជា-នយោបាយ

សហគមន៍​អន្តរជាតិ៖ សាល​ដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​អយុត្តិធម៌

សហគមន៍​អន្តរជាតិ​ សម្តែង​ការ​ស្រងាក​ចិត្ត និង​ថ្កោល​ទោស​ចំពោះ​សេចក្តី​សម្រេចក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ
សហគមន៍​អន្តរជាតិ​ សម្តែង​ការ​ស្រងាក​ចិត្ត និង​ថ្កោល​ទោស​ចំពោះ​សេចក្តី​សម្រេចក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ @RFI

ក្រោយ​ពី​តុលាការ​កំពូល បាន​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃ​ទី ១៦​វិច្ឆិកា ឆ្នាំ ២០១៧​មក សហគមន៍​អន្តរជាតិ ដូច​ជា​ប្រទេស​ផ្តល់​ជំនួយ​ធំៗ និង​អង្គការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់។ ជា​សេចក្តី​ថ្លែងការណ៍ សម្តែង​ការ​ស្រងាក​ចិត្ត និង​ថ្កោល​ទោស​ចំពោះ​សេចក្តី​សម្រេច​នេះ ហើយ​ថា​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន កំពុង​តែ​បង្វិល​ប្រទេស​ឆ្ពោះ​ទៅ​រក​អំណាច​ផ្តាច់​ការ ដែល​ពិបាក​ក្នុង​ការ​បន្ត​ភាព​ជា​ដៃ​គូ​អភិវឌ្ឍ​ជាមួយ​ទៀត​ណាស់។

ផ្សាយពាណិជ្ជកម្ម

សហគមន៍​អន្តរជាតិ និង​ជា​ប្រទេស​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​ដល់​កម្ពុជា​ទាំង​នោះ រួម​មាន សហរដ្ឋ​អាមេរិក​ ចក្រ​ភព​អង់​គ្លេស ប្រទេស​អូស្ត្រាលី អង្គការ​ Global Witness និង​អង្គការ Amnesty International។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះ​របត់​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​នៅ​កម្ពុជា​នេះ។ អាមេរិក មិន​ទទួល​ស្គាល់​សាលដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ហើយ​ថា​ទង្វើ​នេះ បញ្ជាក់​យ៉ាង​ច្បាប់​ទៅ​កាន់​ពិភព​លោក​ថា «ការ​ដាក់​កម្រិត​របស់​រដ្ឋាភិបាល​មក​លើ​សង្គម​ស៊ីវិល ការ​សង្កត់​សង្កិន​មក​លើ​សារព័ត៌មាន និង​ការ​ហាត់​ឃាត់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជាង ១០០​នាក់ ពី​ការ​ធ្វើ​សកម្មភាពនយោបាយ បាន​រុញ​ច្រាន​ការ​អភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា ឲ្យ​ដើរ​ថយ​ក្រោយ​យ៉ាង​គំហុក និង​បាន​ដាក់​ឲ្យ​កំណើន​សេដ្ឋកិច្ច និង​កិត្តិនាម​អន្តរជាតិ​របស់​ខ្លួន ស្ថិត​នៅ​ក្នុង​ភាព​គ្រោះ​ថ្នាក់»។

លើស​ពី​នេះ សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​រដ្ឋាភិបាលកម្ពុជា ដោយ​ជា​ជំហាន​ទី ១ គឺ​ការ​ផ្តាច់​ការ​គាំទ្រ​សម្រាប់​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) និង​រដ្ឋបាល​នៃ​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ ២០១៨​ខាង​មុខ។ ហើយ​អាមេរិក ​ចាត់​ទុក​ថា ប្រសិន​បើ​ស្ថិត​នៅ​ក្នុង​ផ្លូវ​នេះ គឺ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ នឹង​មិន​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់ មាន​សេរី និង​យុត្តិធម៌​នោះ​ឡើយ។ អាមេរិក ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​ប្រែ​នូវ​ចំណាត់​ការ​ថ្មីៗ​នេះ ហើយ​ត្រូវ​ដោះ​លែង លោក​កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​ឡាយ ដំណើរ​ការ​ស្រប​ច្បាប់​វិញ។​

មិន​សូវ​ខុស​គ្នា​ប៉ុន្មាន ព្រឹទ្ធសភា​អាមេរិក តាម​រយៈ​ព្រឹទ្ធ​សមាជិក លោក Jonh McCain និង​លោក Dick Durban បាន​លើក​ឡើង​ថា ទោះ​បី​ជា​អាមេរិក និង​សហគមន៍​អន្តរជាតិ​ផ្សេង​ទៀត បាន​ខិត​ខំ​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រព័ន្ធ​របស់​លទ្ធិ​នេះ នៅ​តែ​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ ក្រោយ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។ ព្រឹទ្ធសភា​អាមេរិក ទទូច​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ស្ថានភាព​នយោបាយ ហើយ​ប្តេជ្ញា​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ដើម្បី​ពង្រឹង​តំលៃ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិញ។

សម្រាប់​សហភាព​អឺរុប​វិញ! តាម​រយៈ​អ្នក​នាំ​ពាក្យ​ ​សហភាព​អឺរុប បាន​លើក​ឡើង​ថា សកម្មភាព​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ជា​ដំណើរ​ប្រឆាំង​ទៅ​នឹង​សេរី​ពហុបក្ស លទ្ធិ​ប្រជាធិបតេយ្យ និង​ភាព​ជា​ដៃ​គូ​ជាង ២​ទសវត្ស​រវាង​សហគមន៍​អន្តរជាតិ ដែល​មាន​សហភាព​អឺរុប​ផង​ដែរ​ ជាមួយ​នឹង​​កម្ពុជា។ សហភាព​អឺរុប មើល​ឃើញ​ថា នេះ​គឺ​ជា​ការ​រំលោភ​លើ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង។ ​សហភាព​នេះ សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ។

ចក្រ​ភព​អង់គ្លេស ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្តែង​ការ​ស្រងាក​ចិត្ត ចំពោះ​ការ​ប្រកាស​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ! លោក Mark Field រដ្ឋមន្ត្រី​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ ហើយ​ថា​សកម្មភាព​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នា​ឆ្នាំ ២០១៨​ខាង​មុខ។ អង់គ្លេស ទទូច​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា និង​​កែ​ប្រែ​ការ​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ឡើង​វិញ​ បើ​ពុំ​ដូច្នោះ​ទេ​គេ​អាច​ពិចារណា​លើ​ភាព​ជា​​ដៃ​គូ​ជាមួយ​កម្ពុជា​ជា​បន្ត​ទៀត។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ លោក​ស្រី Julie Bishop បាន​លើក​ឡើង​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ន័យ​ថា​សម្លេង​ឆ្នោត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ការ​បោះ​ឆ្នោត នឹង​លែង​ត្រូវ​បាន​ទទួល​ស្គាល់​ទៀត​ហើយ។

ងាក​មក​អង្គការ​អន្តរជាតិ​ធំៗ​វិញ! ប្រធាន​គ្រប់​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​​ Amnesty International បាន​និយាយ​ថា នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ហាម​ប្រាម​តំណាង​រាស្ត្រ​របស់​បក្ស​នេះ​ជាង ១០០​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ រយៈ​ពេល ៥​ឆ្នាំ​ គឺ​ជា​រឿង​អយុត្តិធម៌។ អង្គការ​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​តែ​បង្ហាញ​ចំណាត់​ការ​យ៉ាង​រឹង​មាំ​មួយ ចំពោះ​សកម្មភាព​ដែល​មិន​អាច​ទទួល​យក​បាន​នេះ។

រីឯ លោក Emma Burnett តំណាង​អង្គការ​ Global Witness បាន​និយាយ​ថា ជំនួយ​ជា​​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍន៍​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ជួប​នូវ​ភាព​បរាជ័យ ដោយ​សារការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI