ថ្ងៃនារីអន្តរជាតិធ្វើឡើងដោយក្រុមសង្គមស៊ីវិល ត្រូវបានអាជ្ញាធររឹតបន្តឹង
ក្រុមសហជីព សមាគម និងអង្គការសង្គមស៊ីវិល ប្រមាណ៤០០នាក់នៅព្រឹកនេះ បានរៀបចំទិវានារីអន្តរជាតិ ដោយប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីដាក់ញត្តិឲ្យរដ្ឋាភិបាលអន្តរាគមដោះស្រាយបញ្ហាមួយចំនួន ដែលពួកគេកំពុងជួបប្រទះ។ ការប្រមូលផ្តុំនេះ ត្រូវបានរឹតបន្តឹងមិនឲ្យមានការហែក្បួន ដោយអាជ្ញាធរក្រុងភ្នំពេញ។
ចុះផ្សាយនៅថ្ងៃ៖
ក្រុមសហជីព សមាគម និងអង្គការសង្គមស៊ីវិល ភាគច្រើនជាស្ត្រីបានប្រើប្រាស់ឆ័ត្រ និងក្រណាត់ជួតក្បាលពណ៌ទឹកក្រូច ហើយកាន់បដាក្នុងន័យអំពាវនាវឲ្យមានការគោរពសិទ្ធិស្ត្រី និងដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ស្ត្រី ក្នុងឱកាសទិវានារីអន្តរជាតិ៨មីនាខួបទី១០៨ក្នុងឆ្នាំ ២០១៩។
សកម្មភាពនេះ ត្រូវបានកម្លាំងអាជ្ញាធរប្រមាណ២០០នាក់ឈរពាំងមិនឲ្យពួកគាត់ចេញមកលើផ្លូវ ហើយដោយឡែកមួយក្រុមទៀត ដែលស្ថិតខាងក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិ ត្រូវបានអាជ្ញាធរបិទទ្វារមិនឲ្យចេញមកខាងក្រៅ។ បន្តែក្រោយពីមានការចរចារវាងតំណាងសាលាក្រុងភ្នំពេញ និងអ្នករៀបចំកម្មវិធី អ្នកចូលរួម ដែលនៅខាងក្រៅរបងពហុកីឡដ្ឋាន បានសម្រេចចូលទៅខាងក្នុងបរិវេណពហុកីឡដា្ឋនជាតិវិញ។
លោកស្រី ប៊ុន រចនា នាយិកាអង្គការក្លាហានដែលបានចូលរួមក្នុងទិវានារីអន្តរជាតិនេះ បានថ្លែងថា លោកស្រីមិនមានការខកចិត្តអ្វីទេ ចំពោះការរារាំងមិនឲ្យមានការហែក្បួន ប៉ុន្តែលោកស្រីសង្ឃឹមថាថ្ងៃក្រោយនឹងមានការយោគយល់គ្នារវាងអ្នករៀបចំកម្មវិធី និងអាជ្ញាធរកាន់តែច្រើនជាងពេលនេះ។ លោកស្រីបន្តថា បន្ទាប់ពីមានការរារាំងពីអាជ្ញាធរ ក៏មានការជួយសម្របសម្រួលខ្លះ ដែលអាចចាត់ទុកថាជាការសម្បទានពីអាជ្ញាធរក្នុងឱកាសនារីអន្តរជាតិ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ ដែលបានឃ្លាំមើលការប្រារព្ធទិវានារីអន្តរជាតិនាថ្ងៃនេះបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ទោះបីការប្រារព្វទិវានារីអន្តរជាតិ ត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិក៏ដោយ ប៉ុន្តែខុសពីឆន្ទៈរបស់អ្នករៀបចំកម្មវិធី ដែលចង់ហែញត្តិដាក់នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកបន្ថែមថានេះគឺជាការរំលោភលើសិទ្ធិសេរីភាពក្នុងការជួបជុំ និងការដង្ហែក្បួនដោយសន្តិវិធី ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា សាលាក្រុងភ្នំពេញអនុញ្ញាត និងសាទរឲ្យប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ក៏ប៉ុន្តែត្រូវធ្វើនៅទីតាំង ឯកជនឬស្នាក់ការរបស់សមាគម និងអង្គការទាំងនោះ ដោយមិនឲ្យមានការហែក្បួន ដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជាដើម។ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ការរារាំងមិនឲ្យមានការហែក្បួននាព្រឹកថ្ងៃទី០៨ ខែមីនានេះ គឺដោយសារតែមានការឯកភាពជាមួយអ្នករៀបចំកម្មវិធី។
សូមបញ្ជាក់ថាញតិ្តដែលត្រូវដាក់ទៅទីស្តីការគណៈរដ្ឋមន្ត្រីមានបញ្ហារបស់ស្ត្រីចំនួន៧។ នេះបើតាមលោកស្រី ប៊ុន រចនា នាយិកាអង្គការក្លាហាន។ លោកស្រីបន្ថែមថាបញ្ហាទាំងនោះរួមមានៈ បង្កើតកន្លែងមើលក្មេងនៅកន្លែងការងារ, ស្នើឲ្យមានការកែទម្រង់លើវិស័យដឹកជញ្ជូនសម្រាប់ស្ត្រីធ្វើការក្នុងវិស័យកាត់ដេរ, បង្កើតជម្រកសុវត្ថិភាពសម្រាប់ស្ត្រី ដែលរងគ្រោះដោយអំពើហិង្សា, លុបបំបាត់នូវការរើសអើងគ្រប់ទម្រង់លើស្រ្តី, បង្កើតយន្តការការពារស្ត្រី ដែលធ្វើការងារតាមផ្ទះ, និងបង្កើតយន្តការការពារសម្រាប់ពលករចំណាកស្រុក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ