សមាគមនិយោជកបារម្ភខ្លាចអ្នកវិនិយោគចាកចេញ ខណៈសហជីពបន្តទាមទារតម្លើងប្រាក់ខែឲ្យកម្មករ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីក្តីបារម្ភរបស់ខ្លួនថា អ្នកវិនិយោគអាចនិងបិទរោងចក្រ ប្រសិនសហជីពគាំទ្រកម្មករនៅទេបន្តទាមទារតម្លើងប្រាក់ឈ្នួលច្រើនហួសហេតុពេក។ ប៉ុន្តែការលើកឡើងនេះត្រូវបានតំណាងសហជីពកម្មករកម្ពុជាពន្យល់ថា នេះគ្រាន់តែជាលេសរបស់ក្រុមនិយោជក ដែលមិនចង់តម្លើងប្រាក់ឈ្នួលឲ្យកម្មករតែប៉ុណ្ណោះ ។
ការពិភាក្សាស្តីពីបញ្ហាតំម្លើងប្រាក់ឈ្នួលអប្បបរមាឲ្យកម្មករ ក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងផុលផុះនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ គ្រប់សមាសភាពត្រីភាគី បានធ្វើការងាររៀងៗខ្លួនទៅលើបញ្ហានេះ ដើម្បីបង្ហាញជំហរក្នុងការតម្លើងប្រាក់ឈ្នួល។
នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី ២២ កញ្ញានេះ លោកវ៉ាន់ សូអៀង ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង សមាគមរោងចក្រកាត់នៅកម្ពុជា GMAC បានបង្ហាញពីក្តីបារម្ភថា កម្ពុជាអាចនឹងបាត់បង់ការវិនិយោគលើវិស័យកាត់ដែរ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់របស់សេដ្ឋកិច្ច ប្រសិនណាបើការទាមទារតម្លើងប្រាក់ខែគោលរបស់កម្មករ នៅតែបន្តឡើងជាលំដាប់នោះ។
ភាគីខាងនិយោជកបានបង្ហាញពីកត្តាអវិជ្ជមានជាច្រើននៅក្នុងវិស័យកាត់ដេរកម្ពុជាប្រៀបធៀបនិងបណ្តាប្រទេសដែលជាគូប្រជែងនៅក្នុងវិស័យនេះ ដែលមានដូចជាប្រទេសវៀតណាម ភូមា បង់ក្លាដេស និងឥណ្ឌូនេស៊ីជាដើម។ ចំណុចអវិជ្ជមានទាំងអស់នោះរួមមានកម្ពុជាចង់ទាមទារតំលៃពលកម្មថ្លៃ ទាំងខ្លួនផលិតបានផលិតផលទាប មានថ្ងៃឈប់សម្រាកច្រើន និងធ្វើការតិចម៉ោងជាងបណ្តាប្រទេសជាដៃគូប្រកួតប្រជែងក្នុងតំបន់។
លើសពីនេះទៅទៀតកម្ពុជាខ្វះខាតក្រុមហ៊ុនផ្គត់ផ្គង់សំភារៈបន្ថែមដល់បណ្តារោងចក្រទាំងអស់ ជាហេតុធ្វើឲ្យការនាំចូលមានតំលៃថ្លៃ។ ក៏ប៉ុន្តែការលើកឡើងនេះត្រូវបាន លោកអាត់ ធន់ ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលើកឡើងថា នេះគ្រាន់តែជាលេសរបស់ក្រុមនិយោជកតែប៉ុណ្ណោះដែលមិនចង់តំលើងប្រាក់ឈ្នួលឲ្យកម្មករ។ លោកបានបញ្ជាក់ថា កន្លងមកក្រសួងការងារ ធ្លាប់បានបើកការប្រជុំត្រីភាគីជាច្រើនលើកមកហើយ ហើយក្នុងនោះក៏បានបង្ហាញពីប្រាក់ចំណេញរបស់រោងចក្រនីមួយៗផងដែរ។ ហើយទាក់ទងនឹងការបង់ប្រាក់ជូនដល់ បេឡាជាតិរបបសន្តិសុខសង្គមវិញលោកអាត់ ធន់បានបង្ហើបឲ្យដឹងថា នៅកម្ពុជាម្ចាស់រោងចក្រត្រូវបង់តែ០,៨% តែប៉ុណ្ណោះនៅកម្ពុជា ខណៈដែលនៅវៀតណាមត្រូវបង់រហូតដល់ ១,៩% ហើយក្រៅពីនេះក៏នៅមានកត្តាជាច្រើនផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថានៅរសៀលថ្ងៃពុធ ទី ២៣ កញ្ញាស្អែកនេះ តំណាងសហជីពកម្មករទាំងអស់និងប្រជុំសម្រេចជ្រើសរើស ប្រាក់ខែគោលមួយ ដើម្បីយកទៅជជែកជាមួយនិងតំណាងរដ្ឋាភិបាល និងនិយោជកនៅពេលខាងមុខ។ តួរលេខបណ្តោះអាសន្នដែលក្រុមសហជីពបានរកឃើញគឺមានពីរ ១៧៨ ដុល្លា និង២០៧ដុល្លា ប៉ុន្តែលទ្ធផលពិតប្រាកដនឹងសម្រេចបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃស្អែកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ