IPU បារម្ភថាបក្សប្រឆាំងអាចនឹងត្រូវរំលាយ និងមិនបានចូលរួមបោះឆ្នោតខាងមុខ
សហភាពអន្តរសភាហៅកាត់ IPUនៅថ្ងៃបិទសន្និបាតទី ១៣៦របស់ខ្លួនដែលធ្វើឡើងនៅទីក្រុងដាកា (Dhaka) ប្រទេសបង់ក្លាដេសកាលពីម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយជំរុញឲ្យមានការបង្កើនការស៊ើបអង្កេតលើការបំពានសិទ្ធិលើអ្នកតំណាងរាស្រ្ត។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហភាពអន្តរសភាព្រួយបារម្ភពីវាសនាគណបក្សសង្រ្គោះជាតិនៅកម្ពុជាដោយថា បក្សប្រឆាំងនេះ អាចនឹងត្រូវគេរំលាយ និងមិនបានចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះបាន។
ចុះផ្សាយនៅថ្ងៃ៖
សហភាពអន្តរសភាដែលតំណាងឲ្យ ១៧១ប្រទេស បានសម្តែងការព្រួយបារម្ភពីយាយីកាន់តែមានខ្លាំងឡើងៗទៅលើសមាជិករបស់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ សហភាពអន្តរសភា ក៏បានរំឮកឡើងវិញថា តាំងពីឆ្នាំ ២០១៤មក សមាជិកបក្សប្រឆាំងចំនួន ១៥នាក់ បានក្លាយជាមុខសញ្ញានៃការចាប់ខ្លួន ការធ្វើទុក្ខបុកម្នេញ និងព្យួរឈ្មោះពីរដ្ឋសភាថែមទៀត។ ជាមួយគ្នានេះដែរ សហភាពអន្តរសភាក៏បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពដែលគណបក្សប្រឆាំងតែមួយគត់នៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិអាចនឹងត្រូវគេរំលាយ និង មិនអនុញ្ញាតឲ្យចូលរួមនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិក៏បានសម្តែងការព្រួយបារម្ភពីវាសនាគណបក្សសង្រ្គោះជាតិដូចនឹងសហភាពអន្តរសភាដែរ។ ការព្រួយបារម្ភនោះ គឺនៅត្រង់ថា នៅពេលនេះ គណបក្សប្រឆាំងកំពុងតែជួបឧបសគ្គខ្លះៗដោយក្រសួងមហាផ្ទៃមិនទាន់ទទួលស្គាល់ក្បាលម៉ាស៊ីនរបស់គណបក្សពេញលេញនៅឡើយទេ។
កាលពីល្ងាចថ្ងៃពុធ ក្រសួងមហាផ្ទៃកម្ពុជា បានយល់ព្រមទទួលស្គាល់លោកកឹម សុខា ជាប្រធានថ្មីរបស់បក្សសង្គ្រោះជាតិ ប៉ុន្តែមិនព្រមទទួលស្គាល់បេក្ខភាពអនុប្រធានថ្មីទាំងបីនាក់នោះទេ។ មូលហេតុ គឺព្រោះថា ការជ្រើសតាំងលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោកអេង ឆៃអ៊ាង តាមរយៈសមាជវិសាមញ្ញ កាលពីថ្ងៃទី ២មីនានោះ គឺវាមិនស្របទៅតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដោយសារតែការជ្រើសតាំងនេះហួសរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃដែលលោកសម រង្ស៊ី បានលាលែងចេញពីប្រធានបក្ស។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចបញ្ជាក់បានទេថាតើបញ្ហាជ្រើសរើសអនុប្រធានថ្មីរបស់គណបក្សសង្រ្គោះជាតិដល់ទៅបីនាក់ដែលក្រសួងមហាផ្ទៃចោទថា មិនស្របទៅនឹងលក្ខន្តិកគណបក្សនេះ អាចធ្វើឲ្យក្រសួងមហាផ្ទៃមិនទទួលស្គាល់សុពលភាពគណបក្សសង្រ្គោះជាតិ ឬយ៉ាងណានោះឡើយ។ តែទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ លើកឡើងថា រហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិមិនមានសញ្ញាណាមួយថា មិនអាចចូលរួមការបោះឆ្នោតបាននោះទេ។ សម្រាប់គណបក្សសង្រ្គោះជាតិវិញ លោកយឹម សុវណ្ណ បានប្តេជ្ញាថា គណបក្សប្រឆាំងនឹងខិតខំដោះស្រាយឧបសគ្គទាំងអស់នេះ ដើម្បីឈានទៅចូលរួមបោះឆ្នោតឃុំសង្កាត់ឲ្យបាននាពេលខាងមុខនេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ