កម្ពុជា

អ្នកត្រូវការ​អចលនទ្រព្យ​គួរ​បោះទុន​នៅពេលនេះ​ឬ?

ជាង​ពីរ​ឆ្នាំ​មក​ហើយ​ដែល​វិស័យ​អចលនទ្រព្យ នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដក​ខ្លួន​មិន​រួច
ជាង​ពីរ​ឆ្នាំ​មក​ហើយ​ដែល​វិស័យ​អចលនទ្រព្យ នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដក​ខ្លួន​មិន​រួច ©វណ្ណារ៉ា/RFI

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​និយាយ​ថា នេះ​គឺ​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវការ​អចលនទ្រព្យ​អាច​បោះទុន ​ទិញ​ហើយ​ ពីព្រោះ​​តម្លៃ​របស់​វា​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត។ ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ​​ក៏​អ្នកទិញ​នៅ​មិនទាន់​កម្រើក​នៅ​ឡើយ​ទេ។​​

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីភ្នំពេញ

ប្រសិន​បើ​គេ​មាន​ប្រាក់​គ្រប់គ្រាន់​ល្មម​នឹង​ទិញ​ផ្ទះសម្បែង​ដីធ្លី ​ដើម្បី​រស់នៅ​ ឬ​ដើម្បី​ធ្វើ​អាជីវកម្ម​នោះ​​ តើ​គេ​គួរ​ទិញ​នៅពេល​នេះ ​ឬ​គេ​គួរ​រង់ចាំ​បន្តិច​ទៀត ​ក្រែងលោ​ទីផ្សារ​វា​រឹតតែ​ចុះ​បន្ថែម​ទៀត។ នេះ​ជា​សំណួរ​ដែល​ប្រជាជន​មួយ​ចំនួន​ធំ​បាន​និង​កំពុង​ចោទ​ឡើង​គ្រប់ៗគ្នា។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​នេះ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​មួយ​ចំនួន​បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ពេល​វេលា​បច្ចុប្បន្ន​នេះ​​ គឺ​ជា​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​អ្នកមាន​បំណង​ទិញ​អចលនទ្រព្យ​ ពីព្រោះ​តម្លៃ​អចលទ្រព្យ​ជាទូទៅ​មាន​ការ​ធ្លាក់ចុះ​ជិត​ពាក់កណ្តាល​ ជាពិសេស​អចលទ្រព្យ​នៅ​ក្រៅ​ក្រុងភ្នំពេញ។ លោក សៀវ សុផល នាយក​ក្រុមហ៊ុន ​Time Property បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្នកមាន​បំណង​ទិញ​ផ្ទះ​លើក​ទីមួយ​ សម្រាប់​រស់នៅ ​គួរតែ​បោះទុន​ទិញ​នៅ​ពេលនេះ​ ពីព្រោះ ​ម្យ៉ាង​តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​ស្ទើរ​ដល់​បាត ​​​និង​ម្យ៉ាងទៀត ​​ធនាគារ​បាន​បើក​ឱកាស​អោយ​អ្នកខ្ចី​ទិញ​ផ្ទះ​ទីមួយ ​រហូត​ដល់​ទៅ​៧៥​ភាគរយ​នៃ​តម្លៃ​ផ្ទះ​ក៏​មាន​ដែរ។

លោក​ស៊ា ​ឆៃ​លីន​​ តំណាង​ភ្នាក់ងារ​អចលនទ្រព្យ​ Visal Real Estate បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អ្នក​សល់​ប្រាក់​នៅ​នឹង​ដៃ​ ហើយ​មាន​បំណង​ចង់​ទិញ​អចលនទ្រព្យ​នោះ​ ពួកគេ​គួរតែ​វិនិយោគ ​នៅ​ពេល​នេះ។​ ការ​បោះទុន​នៅពេល​ដែល​អចលនទ្រព្យ​អត់​តម្លៃ​នោះ​​ ពួកគេ​អាច​មាន​វាសនា​ចំណេញ ​នៅ​ពេលណា ​ដែល​ទីផ្សារ​អចលនទ្រព្យ​ងើប​ឡើង​វិញ។ ​​

បើ​ទោះ​បី​ជា​តម្លៃ​អចលទ្រព្យ​បាន​ធ្លាក់​ដល់​កម្រិត​ក៏​ដោយ​ក្តី​​ ក៏​អ្នកមាន​បំណង​ទិញ​ភាគ​ច្រើន​នៅ​តែ​មិនទាន់​មាន​ទំនុកចិត្ត​ទៅលើ​ទីផ្សារ​អចលនទ្រព្យ​នៅ​ឡើយ​ទេ។ ពួកគេ​មួយ​ចំនួន​បាន​គិត​ថា តម្លៃ​អចលនទ្រព្យ​អាច​នៅ​បន្ត​ចុះ​ថ្លៃ​ទៀត​​។ ដូច្នេះ ​ប្រសិន​បើ​គេ​ទិញនៅ​ពេល​នេះ ​ពួកគេ​អាច​ខាតបង់​ដូច​អ្នកទិញ​ពី​ពេល​មុន​ទៀត។ ដូច្នេះ​ ពួកគេ​ត្រូវ​តែ​រង់ចាំ​មើល​ទីផ្សារ​បន្តិច​ទៀត​សិន។

សូម​បញ្ជាក់​ថា អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ឡើង​ថ្លៃ​ខ្លាំង​ ចាប់​ពី​ឆ្នាំ​២០០០​មក​ ប៉ុន្តែ​វា​បាន​ដាំ​ក្បាល​ចុះ​ទៅ​វិញ​ កាល​ពី​ដើម​ឆ្នាំ​២០០៨ ​រហូត​មក​ដល់ពេល​នេះ​តែ​ម្តង។ ការ​ប៉ាន់ស្មាន​មួយ​ចំនួន​បាន​បញ្ជាក់​ថា ប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​បាន​កប់​នៅ​ក្នុង​ដី ​ដោយសារ​តែ​ដីធ្លី​ ផ្ទះសម្បែង​គ្មាន​ហាង​ឆេង​នោះ។

អ្នក​ជំនាញ​ដីធ្លី​ និង​អ្នក​សេដ្ឋកិច្ច​ខ្លះ​បាន​និយាយ​ថា ទីផ្សារ​អចលនទ្រព្យ​អាច​ងើប​ឡើង​វិញ​ នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ឬ​ពីរ​ឆ្នាំ​ទៀត​ខាងមុខនេះ។ ការ​ប៉ាន់ស្មាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សំអាង​ទៅ​លើ​កំណើន​សេដ្ឋកិច្ច ​ដែល​ទំនង​ជា​ចាប់​ផ្តើម​ងើប​ក្បាល​ឡើង​វិញ ​នៅ​ឆ្នាំ​២០១០​នេះ។ ប៉ុន្តែ​ការ​ពិត​វា​យ៉ាង​ណា​នោះ​ គ្មាន​នរណា​អាច​ដឹង​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI