ជប៉ុនផ្តល់ជំនួយឥតសំណងប្រហែល៥លានដុល្លារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងធនធានមនុស្សរបស់កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងសរុបប្រហែល៥លានដុល្លារអាមេរិក ទៅលើគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។ ការចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងផ្តល់ជំនួយនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់នៅរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ។
កិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២គឺការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនស្មើប្រមាណ១.៨លានដុល្លារអាមេរិក។ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា ដែលមានទឹកប្រាក់ ៣៣៩លានយ៉េន ស្មើប្រមាណជាង ៣លានដុល្លារអាមេរិក។ នេះជាគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់លោក។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការបំពេញបេសកកម្មការងារនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៨ ដល់ ៣១ ឧសភានេះ គឺទទួលបានជោគជ័យ ដោយបានពង្រឹងនូវមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជិតស្និទ្ឋជប៉ុន។
នៅចំពោះមុខអ្នកវិនិយោគជប៉ុន និងអន្តរជាតិ ជាច្រើនរូប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន ដោយគិតចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន មានចំនួន១៣៧គម្រោង ក្នុងនោះមានទុនវិនិយោគសរុបចំនួន ២,៥ពាន់លានដុល្លារ។
ក្រុមហ៊ុនជប៉ុនទាំងនេះ ភាគច្រើនផ្តោតទៅលើការផលិតគ្រឿងបង្គុំអគ្គិសនីនិងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខាបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
បើតាមលោក ហ៊ុន សែន ក្រៅពីគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំទាំងតូចប្រមាណ១៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ ជប៉ុន បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាចំនួន២,៨ពាន់លានដុល្លារ ស្មើនឹងប្រមាណ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ