នាយករដ្ឋមន្ត្រីជប៉ុនសង្ឃឹមថាកម្ពុជាបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ
លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃចន្ទ ទី៨ ខែតុលា បានរំពឹងថា ប្រទេសកម្ពុជានឹងបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ។ ជាការរំពឹងទុករបស់នាយករដ្ឋមន្ត្រីជប៉ុន ខណៈលោកខាងលិច បន្តរិះគន់ពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ក្នុងឱកាសសន្និសីទកាសែតរួមគ្នាជាមួយសមភាគីរបស់លោក គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០៨ ខែតុលា លោក ស៊ិនហ្ស៊ូ អាបេ តាមរយៈអ្នកបកប្រែ លើកឡើងថាប្រទេសជប៉ុនរំពឹងទុកថាកម្ពុជានឹងមានការអភិវឌ្ឍយ៉ាងរឹងមាំបន្ថែមទៀត តាមរយៈការរួបរួមគ្នារបស់ប្រជាជនកម្ពុជាទាំងអស់ ហើយបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យក្នុងប្រទេស។
លោកនាយករដ្ឋមន្ត្រីជប៉ុន បន្ថែមថាប្រទេសជប៉ុន នឹងអញ្ជើញតំណាងអ្នកនយោបាយវ័យក្មេងនៃគណបក្សនយោបាយក្នុងប្រទេសកម្ពុជា និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ទៅប្រទេសជប៉ុន ដើម្បីពិនិត្យមើលដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។ បន្ថែមពីនេះ ជប៉ុនក៏មានគោលដៅពង្រឹងតម្លាភាព និងភាពត្រឹមត្រូវនៃដំណើរការរបស់ស្ថាប័នយុត្តិធម៌កម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានកាន់អំណាចរយៈពេល៣៣ឆ្នាំមកហើយ បានឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីជាថ្មីទៀត នៅក្នុងការបោះឆ្នោត កាលពីខែកក្កដា កន្លងទៅ។ ជាការបោះឆ្នោត ដែលមិនមានវត្តមានអ្នកសង្កេតការណ៍របស់ជប៉ុនចូលរួមនោះទេ ទោះបីជាប្រទេសនេះ បានឧបត្ថមដល់គ.ជ.បក៏ដោយ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងរងការរិះគន់ពីលោកខាងលិច និងប្រឈមវិធានការទណ្ឌកម្មជាបន្តបន្ទាប់ ជាពិសេសពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ឆ្លើយតបនឹងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសសន្និសីទកាសែតជាមួយលោក នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងឆ្លើយតបថា លោកពេញចិត្តចំពោះការលើកឡើងរបស់ លោក ស៊ិនហ្ស៊ូ អាបេ ដែលគ្រោងអញ្ជើញតំណាងអ្នកនយោបាយវ័យក្មេងនៃគណបក្សនយោបាយក្នុងប្រទេសកម្ពុជា និងមន្ត្រី គ.ជ.ប ទៅប្រទេសជប៉ុន។
លោក ហ៊ុន សែន ថានេះ គឺជាវិធីសាស្ត្រនៃការកសាងលទ្ធិប្រជាធិបតេយ្យសម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើសុំប្រទេសជប៉ុនឲ្យបន្តជួយដល់ការបោះឆ្នោតរបស់កម្ពុជាបន្ថែមទៀត ព្រោះការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត នឹងមិនបញ្ចប់ដូចឆ្នាំ២០១៨នេះទេ។
សូមជម្រាបជូនថាជំនួបដាច់ដោយឡែកនៃមេដឹកនាំកម្ពុជា និងជប៉ុន បានធ្វើឡើងមួយថ្ងៃមុនកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានការចូលរួមពីមេដឹកនាំប្រទេសឡាវ ភូមា ថៃ និងវៀតណាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ