ជប៉ុន ចំណាយថវិកាជិត៤ លានដុល្លារ សម្រាប់គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
អង្គការ JICA ជប៉ុននៅកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះ បានរៀបចំសន្និសីទសារព័ត៌មាន អំពី គម្រោងរៀបចំប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅកម្ពុជា។ ជាគម្រោងដែលមានរយៈពេល៣ឆ្នាំ អង្គការ JICA ជប៉ុន បានត្រៀមកញ្ចប់ថវិកាជិត៤លាន ក្នុងទិសដៅ ធ្វើឲ្យប្រសើរឡើងការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងប្រព័ន្ធព័ត៌មានវិទ្យា នៅកម្ពុជា។
នៅក្នុងសន្នីសីទសារព័ត៌មានស្តីពីសកម្មភាព របស់អង្គការJICA គម្រោងទំនើបកម្ម ប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅកម្ពុជា នៅថ្ងៃទី ៣០ មករានេះ លោក អូតា ម៉ាសាយ៉ា ប្រធានទីប្រឹក្សា JICAប្រចាំនៅកម្ពុជា បានបន្ថែមថា គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នេះ គឺដើម្បីធានាបាននូវគុណតម្លៃចលនទ្រព្យយានយន្ត និងរក្សានូវសុវត្ថិភាពចរាចរណ៏នៅកម្ពុជា ។ ចំណែក លោក តាណាកា កូតារ៉ូ អនុប្រធានតំណាងការិយាល័យ JICA វិញ បានកត់សម្គាល់ថា ខណៈចំនួនយានយន្តនៅកម្ពុជាមានការកើនឡើង ករណីនៃគ្រោះថ្នាក់ចរាចរណ៍ក៏កើនឡើងដូចគ្នា។
បន្ថែមពីការលើកឡើងរបស់តំណាងអង្គការ JICA ជប៉ុន លោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលស្គាល់ថា ប្រព័ន្ធគ្រប់គ្រងការចុះ បញ្ជីរថយន្តនិងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តនៅមិនទាន់ មានលក្ខណៈគ្រប់គ្រាន់នៅឡើយ ដែលជាហេតុបង្កឲ្យមានបញ្ហាទាក់ទងនិងសុវត្ថិភាពចរាចរណ៏និងបរិស្ថាន ។ មន្រ្តីជំនាញក្រសួងសាធារណៈ បន្តទៀតថា បច្ចុប្បន្ននេះ ការចុះបញ្ជីយានយន្តនៅកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា៖ ព័ត៌មានចុះបញ្ជីកន្លងមក មិនធ្វើបច្ចុប្បន្នកម្ម ប្រព័ន្ធប្រតិបត្តិការដែលមានសុវត្ថិភាពសម្រាប់ចុះបញ្ជីមិនត្រូវបានអនុវត្ត ចំណែកព័ត៌មានចុះបញ្ជីមិនត្រូវបានប្រើប្រាស់សម្រាប់ក្រសួងពាក់ព័ន្ធ ហើយទ្រព្យសម្បត្តិម្ចាស់យានយន្តក៏មិនត្រូវបានការពារនេះដែរ។
យ៉ាងណាក៏ដោយ លោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ ជឿជាក់ថា តាមរយៈដែលមានការគាំទ្រដោយរដ្ឋាភិបាលជប៉ុន ដែលមានរយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៦-ឆ្នាំ២០១៩ នេះ នឹងធ្វើឲ្យប្រសើរឡើងនូវ ប្រព័ន្ធ គ្រប់គ្រងការចុះបញ្ជីយានយន្ត, ការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត និងប្រព័ន្ធស្វ័យប្រវត្តិកម្មនៅកម្ពុជា ជាក់ជាមិនខាន ។
ក្រសួងសាធារណការ និងភាគីជប៉ុន រំពឹងទៀតថា តាមរយៈគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅកម្ពុជា ក៏នឹងជួយជម្រុញអគ្គនាយកដ្ឋានពន្ធដារអាចប្រមូលពន្ធផ្លូវបានត្រឹមត្រូវ លុបបំបាត់ការរត់ពន្ធយានយន្តខុសច្បាប់បានលឿន លុបបំបាត់បានលឿននូវយានយន្តមិនបានចុះបញ្ជី និងមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក៏ដូចជាការគ្រប់គ្រងការចុះបញ្ជីជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ