កម្ពជា

មេ​​សហជីព​ ស្វាគមន៍​​គម្រោង​​បង្កើត​​តុលាការ​​ការងារ​​របស់​​ក្រសួង​​ការងារ​

ក្រុម​សហាជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​
ក្រុម​សហាជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ RFI/ Siv Channa

មេដឹកនាំ​សហជីពធំៗនៅ​កម្ពុជា បាន​ស្វាគមន៍ និង គាំទ្រ​លើ​គម្រោង​ចង់​បង្កើត​តុលាការ​ការងារ​របស់​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ការគាំទ្រ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ប្រកាស​ថា ​នៅ​ដើម​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​ក្រសួង​​នឹង​​បង្កើត​ឲ្យ​មាន​​តុលា​ការ​ការងារ​ ដើម្បី​​ដោះស្រាយ​​វិវាទ​​ការងារ​​ដែល​​កើតឡើង​​រវាង​​កម្មករ​ និង​ ថៅកែ​​រោងចក្រ ​ប្រកប​ដោយ​​ប្រសិទ្ធភាព​ ។

ផ្សាយពាណិជ្ជកម្ម

មេ​សហជីពធំៗនៅ​កម្ពុជា​ទាំង​សហជីព​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល និង សហជីព​ឯករាជ្យ បានប្រកាស​ស្វាគមន៍​ចំពោះ​គម្រោង​ការបង្កើត​តុលាការ​ការងារ​របស់​ក្រសួង​ការងារ​កម្ពុជា។ លោក​ជួន មុំ​ថុល ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​មានប្រសាសន៍ ថា​ការបង្កើត​តុលាការ​ការងារ នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្មករនិយោជិត ព្រោះថា តុលាការ​នេះ​មិន​តម្រូវ​ឲ្យ​ភាគី​មាន​វិវាទ​បង់ប្រាក់ និង ជួល​មេធាវី ដើម្បី​ជួយ​ការពារ​ក្តី​នោះទេ។

ដូចគ្នា​ដែរ លោក​ប៉ាវ ស៊ីណា ប្រធាន​ស​ម្ព័​ន​សហជីព​ចលនា​កម្មក​រ​កម្ពុជា បាន​បញ្ជាក់ថា តុលាការ​ការងារ​ដែល​គ្រោង​នឹង​បង្កើតឡើង​នេះ នឹង​ផ្តល់​យុត្តិធម៌​ពេញលេញ​ដល់​កម្មករនិយោជិត មិន​ដូច​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នាពេល​បច្ចុប្បន្ននេះ​នោះឡើយ។

យ៉ាងណាក៏ដោយ ប្រធាន​សហជីព​រូបនេះ បាន​លើកឡើងថា គម្រោង​ដាក់​ឲ្យ​ដំណើរការ​តុលាការ​ការងារ​នៅឯ​ដើមឆ្នាំ២០១៧នោះ គឺមាន​ភាពយឺតយ៉ាវ ព្រោះ​ក្រុម​សហជីព​បានស្នើ​បង្កើត​តុលាការ​ការងារ​នេះ​តាំងពី​យូរយារ​មកហើយ។ នេះ បានធ្វើ​ឲ្យ​លោក​ប៉ាវ ស៊ីណា យល់ឃើញថា តុលាការ​ការងារ​នេះ​គួរតែបង្កើត​ឲ្យ​បាន​មុន​ច្បាប់​ស្តីពី​សហជីព​ត្រូវបាន​អនុម័ត។

រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា  លោក​អ៊ិត សំហេង​កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសថា នៅ​ដើមឆ្នាំ២០១៧ខាងមុខ ក្រសួង​នឹង​បង្កើតឱ្យមាន​តុលា​ការងារ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ដែល​កើតឡើង​រវាង​កម្មករ និង ថៅកែ​រោងចក្រ ប្រកបដោយ​ប្រសិទ្ធភាព ។ លោក​សង្កត់ធ្ងន់ថា នៅពេលនេះ ក្រសួង និង ភាគី​ពាក់ព័ន្ធ​កំពុង​សិក្សា​លើ​ទិដ្ឋភាព​បច្ចេកទេស និង​ដក​ពិសោធន៍​ពី​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ដោយ​សិក្សា​អំពី​ប្រព័ន្ធតុលាការ​ការងារ​នេះ​នៅតាម​ប្រទេស​ទាំងនោះ ដើម្បី​យកមក​អនុវត្ដ​ន៍​ឲ្យ​បាន​សមស្រប​ទៅនឹង​បរិបទ​នៅក្នុង​ប្រទេស​កម្ពុជា។

ទោះបី​ការបង្កើត​តុលាការ​ការងារ បង្ហាញ​ពី​ភាព​វិជ្ជមាន​ដល់ក​ម្មករ និយោជិត​ក៏ពិតមែន ប៉ុន្តែ​ទន្ទឹមគ្នានេះ លោក​ប៉ាវ ស៊ីណា បានស្នើ​ឲ្យ​ក្រសួង​ការងារ​បង្កើត​តុលាការ​នេះ​ឲ្យ​មាន​ឯករាជ្យភាព និង តម្លាភាព ដោយ​មិន​ស្ថិតក្រោម​ឥទ្ធិពល​ពី​សំណាក់​ស្ថាប័ន​ណាមួយ​នោះទេ ដើម្បី​អាច​ផ្តល់​យុត្តិធម៌​ពេញលេញ និង ពិតប្រាកដ​ដល់ក​ម្មក​រ​និយោជិត​កម្ពុជា។
ចំណែក​លោក​ជួន មុំ​ថុល វិញ បានស្នើ​ឲ្យ​ក្រសួង​ការងារ​រៀបចំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​បង្កើត​តុលាការ​ការងារ​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ភាគី​ពាក់ព័ន្ធ​អាច​បញ្ចេញ​មតិយោបល់​ក្នុងការ​ធ្វើ​ឲ្យ​តុលាការ​នេះ ដំណើរការ​បង្កើតឡើង​ក្នុងស្ថានភាព​ល្អប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI