អង្គការសង្គមស៊ីវិលជាង១០០ ទទូចឲ្យស៊ើបអង្កេតឃាតកម្ម កែម ឡី ឡើងវិញ ដោយមានអ្នកជំនាញអន្តរជាតិចូលរួម
ចុះផ្សាយនៅថ្ងៃ៖
បាំងតែ១ថ្ងៃទៀតទេ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំ នៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងសង្គមខ្មែរ។ នៅថ្ងៃនេះ ក្រុមសមាគមនិងអង្គការសង្គមស៊ីវិល ចំនួនជាង១០០ស្ថាប័ន បានមូរមាត់គ្នាថា ការស៊ើបអង្កេតចំពោះការបាញ់សម្លាប់លោក កែម ឡី គឺគ្មានតម្លាភាព និងមានមន្ទិលសង្ស័យច្រើន។ ពួកគេទាំងនោះ ស្នើឲ្យបើកការស៊ើបអង្កេត ឯករាជ្យជាថ្មីម្តងទៀត។
ក្រៅពីចាត់ទុកថា ដំណើរការស៊ើបអង្កេត និងការស្រាវជ្រាវរាវរកមុខឃាតកររបស់ប្រព័ន្ធតុលាការខ្មែរ ក្នុងករណីបាញ់សម្លាប់បណ្ឌិត កែម ឡី ថាគ្មានតម្លាភាព, ក្រុមសង្គមស៊ីវិល និងសមាគម ជាង១០០អង្គការ ថែមទាំងទទូចចង់ឲ្យមានការស៊ើបអង្កេតជាថ្មី ដែលមានការចូលរួមពីសំណាក់អ្នកជំនាញអន្តរជាតិ។
ការទទូចស្នើសុំដូច្នេះ គឺដោយសារតែពួកគេយល់ឃើញថា សំណុំរឿងបាញ់សម្លាប់បណ្ឌិតម្នាក់កណ្តាលទីក្រុងភ្នំពេញមួយនេះ គឺកំពុងតែមានលក្ខណៈស្ងៀមស្ងាត់។ ស្ងៀមស្ងាត់ក៏ព្រោះថា គេនៅតែពុំទាន់អាចវែកមុខរកឃើញអ្នកសមគំនិតជាប់ពាក់ព័ន្ធ ហើយសាលាជម្រះក្តី បានត្រឹមតែផ្តន្ទាទោសជនសង្ស័យតែម្នាក់គត់។ ការសម្រេចកាត់ទោសជនសង្ស័យតែម្នាក់នេះទៀត គឺគ្មានការជជីកសួរដេញដោល ហើយក៏គ្មានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅអ្វីនោះដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលមានរាយឈ្មោះអង្គការសមាគម ចំនួន១០៧ស្ថាប័ន។
តាមមតិយោបល់របស់ក្រុមសមាគមអង្គការទាំងនេះ, បើទោះបីបានកាត់ទោសមនុស្សម្នាក់ហើយក្តី ប៉ុន្តែយុត្តិធម៌សម្រាប់មរណភាពរបស់បញ្ញវ័ន្ត កែម ឡី គឺនៅមិនទាន់មាន នៅឡើយទេ។ ដូច្នេះចំពោះករណីឃាតកម្មមួយនេះ បើអំពើនិទ្ទណ្ឌភាពនៅតែបន្តមាន ហើយជនពាក់ព័ន្ធសមគំនិតនៅតែបន្តមានសេរីភាព នោះប្រជាពលរដ្ឋខ្មែរ ច្បាស់ជាបាត់បង់ទំនុកចិត្តទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាក់ជាពុំខាន។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
គួររម្លឹកជូនថា កាលពីឆ្នាំមុន ពេលកំពុងផឹកកាហ្វេ បណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងលួចបាញ់សម្លាប់ ចំនួន២គ្រាប់ ១គ្រាប់ចំក្បាល និង១គ្រាប់ទៀត ចំដើមដៃធ្លាយទៅដល់ក្រោមដោះ។ ឃាតកម្មនេះ កើតនៅក្នុងហាងលក់ទំនិញ នៃស្ថានីយប្រេងសាំង កាលតិច ជាប់ស្តុបបូកគោ នៅវេលាម៉ោងប្រហែល៨និង៤០ព្រឹក។
រំលងបានមួយឆ្នាំទៅហើយ មានឃាតករតែម្នាក់គត់ គឺឈ្មោះ ជួប សម្លាប់ ដែលបានសារភាពនិងដែលត្រូវតុលាការ សម្រេចកាត់ទោសឲ្យជាប់គុកអស់មួយជីវិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ