កម្ពុជា-នយោបាយ

លោក​កឹម សុខា ទៅ​ក្រៅ​ប្រទេស ១០​ថ្ងៃ ប៉ុន្តែ​មិន​ជួប​លោក​សម រង្ស៊ី​ទេ

លោក​​​កឹម សុខា ទៅ​​ក្រៅ​​ប្រទេស ១០​​ថ្ងៃ ប៉ុន្តែ​​មិន​​ជួប​​លោក​សម រង្ស៊ី​ទេ
លោក​​​កឹម សុខា ទៅ​​ក្រៅ​​ប្រទេស ១០​​ថ្ងៃ ប៉ុន្តែ​​មិន​​ជួប​​លោក​សម រង្ស៊ី​ទេ @Facebook

លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី ០៥ មេសា​នេះ បាន​ដឹក​នាំ​មន្ត្រី​ជិត​ស្និទ​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​ញូហ្សេលែន និង​ប្រទេស​អូស្រ្តាលី រយៈ​ពេល ១០​ថ្ងៃ។​ ដំណើរ​ទស្សនៈ​កិច្ច​នេះ​ជា​លក្ខណៈ​ឯកជន​របស់​បក្ស​ដើម្បី​ជួប​អ្នក​គាំទ្រ និង​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

លោក​កឹម សុខា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​ជា​លើក​ទី​ ១​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនៈ​រយៈ​ពេល ១០​ថ្ងៃ​នៅ​អូស្រ្តាលី និង​ញូហ្សេលែន​នេះ អម​ដំណើរ​ដោយ​លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស និងកូន​ស្រី​ច្បង កញ្ញា​កឹម មនោវិទ្យា លោក​កឹម សុខា​នឹង​ជួប​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​ប្រទេស។ ក្រៅ​ពី​នេះ លោក​កឹម សុខា​ក៏​គ្រោង​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​អេង ឆៃអ៊ាង​នៅ​ថ្ងៃ​ទី ០៥ មេសា​នេះ។ អនុប្រធាន​បក្ស​រូប​នេះ បាន​បន្ត​ទៀត​ថា លោក​កឹម សុខា គឺ​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ១៨​ខាង​មុខ។

ដំណើរ​ទស្សនៈ​កិច្ច​របស់​ប្រមុខ​បក្ស​ប្រឆាំង​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ភាព​ចម្រូង​ចម្រាស់​ស្តី​ពី​បេក្ខភាព​ប្រធាន​គណបក្ស​របស់​លោក​កឹម​ សុខា និង​អនុប្រធាន​បី​រូប​ផ្សេង​ទៀត​ដែល​រួម​មាន​លោក​អេង ឆៃអ៊ាង លោក​ស្រី​មួរ សុខហួរ និង​លោក​ប៉ុល ហំម។ ភាព​ចម្រូង​ចម្រាស់​គឺ​ដោយ​សារ​តែ​ក្រសួង​មហាផ្ទៃ​មិន​ព្រម​ផ្តល់​សុពលភាព​ដល់​ក្បាល​ម៉ាស៊ីន​គណបក្ស​ថ្មី​ដោយ​សំអាង​មូល​ហេតុ​ថា​ខុស​លក្ខន្តិកៈ​ត្រង់​ប្រការ ៤៧​របស់​ខ្លួន​ឯង។ ប៉ុន្តែ​ក្រោយ​សង្គ្រាម​ប៉ាការ​បាន​ផ្ទុះ​ឡើង​មួយ​រយៈ​ពេល​ខ្លី គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន​លក្ខន្តិកៈ​ថ្មី​ជូន​ក្រសួង​មហាផ្ទៃ​ដើម្បី​ទទួល​ស្គាល់។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​សម្រេច​ផ្តល់​សុពលភាព​ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​របស់​បក្ស​ប្រឆាំង​នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ។

សម្រាប់​ដំណើរ​ទស្សនៈកិច្ច​នេះ​ឯកជន​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​គ្មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​នោះ​ទេ​។ ការ​ជ្រើស​រើស​ប្រទេស​ក្នុង​ទ្វីប​អូសេអានី​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​អ្នក​គាំទ្រ ហើយ​ក៏​ដើម្បី​ផ្លាស់​ប្តូរ​យោបល់​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​ពីរ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​មិន​ដល់​ ២​ខែ​ទៀត​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI