កម្ពុជា

សាលាឧទ្ធរណ៍​មិន​ឯកភាព​លើ​សំណើ​បង្អង់​នីតិវិធី​សំណុំ​រឿង​លោក​កឹម សុខា

លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ @Facebook

សភា​ស៊ើប​សួរ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ កញ្ញា​នេះ បាន​បើក​សវនាការ​ជា​អសាធាណៈ​លើ​បណ្តឹង​ជំទាស់​ដំណើរការ​ស៊ើប​សួរ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ របស់​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​កឹម សុខា។ សាលាឧទ្ធរណ៍​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​នេះ ដោយ​មិន​ឯកភាព​តាម​សំណើ​របស់​ក្រុម​មេធាវី​ដែល​ស្នើ​ឲ្យ​ពិនិត្យ និង​បង្អង់​នីតិវិធី​សំណុំ​រឿង​លោក​កឹម សុខា។

ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នេះ មាន​ន័យ​ថា ដំណើរ​ការ​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក​កឹម សុខា របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៩ កញ្ញា​ខាង​មុខ​នេះ នឹង​មិន​មាន​នីតិវិធី​ណាមួយ​រាំង​ស្ទះ​នោះ​ទេ។ ចំពោះ​ការ​សម្រេច​នេះ លោក​ចាន់ ចេន មេធាវី​មួយ​រូប​ ក្នុង​ចំណោម​ក្រុម​មេធាវី​ទាំង​ ៥​រូប របស់​លោក​ កឹម សុខា បាន​បញ្ជាក់​ថា ក្រុម​មេធាវី​នឹង​បន្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​កំពូល​ទៀត ដើម្បី​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ។

សូម​បញ្ជាក់​ថា ការ​ប្តឹង​ទៅ​កាន់​សាលាឧទ្ធរណ៍​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មើល​ឃើញ​ថា នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​លោក​កឹម សុខា ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​មាន​ភាព​លឿន​រហ័ស។ លឿន​រហ័ស​រហូត​ដល់​លោក​ស្រី ម៉េង សុភារី ដែល​ជា​មេធាវី​របស់​លោក​កឹម សុខា មួយ​រួប​ទៀត​កោត​សរសើរ និង​បាន​ចាត់​ទុក​ថា លឿន​ដូច​ផ្លេក​បន្ទោរ​ ដែល​លោក​ស្រី​ទើប​នឹង​បាន​ជួប​ប្រទះ​ក្នុង​ប្រវត្តិសាស្រ្ត​ជា​មេធាវី​ជាង​មួយ​ទសវត្សរ៍​មក​នេះ។

លោក​ស្រី​ម៉េង សុភារី បាន​សរសេរ​បរិយាយ​ពី​នីតិវិធី​លើ​លោក​កឹម សុខា នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ស្រី​កាល​ពី​ថ្ងៃ​ទី ២៦ សីហា​ថា ថ្ងៃ​ទី ២៣ សីហា តុលាការ​ចេញ​ដីកា​ដំណោះ​ស្រាយ​បញ្ជូន​រឿង​ទៅ​ជម្រះ​ហើយ​ថ្ងៃ​ទី ២៤ សីហា សំណុំ​រឿង​នេះ បាន​ដល់​ដៃ​ប្រធាន​តុលាការ ដើម្បី​ចាត់​តាំង​ចៅ​ក្រម​ជម្រះ។ នៅ​ថ្ងៃ​ទី ២៤ សីហា ដដែល ប្រធាន​តុលាការ​បាន​ចាត់​តាំង​ចៅ​ក្រម​ជម្រះ​រួច​រាល់ ហើយ​នៅ​ថ្ងៃ​ដដែល​នេះ​ទៀត​សោត តុលាការ​បាន​កំណត់​ពេល​វេលា​បើក​សវនាការ ហើយ​តំណាង​អយ្យការ​បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ចូលរួម​សវនាការ​តែ​ម្តង។

សម្រេច​សម្រួល​ទៅ លោក​កឹម សុខា ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រៀបចំ​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​៩ កញ្ញា ក្នុង​សប្តាហ៍​នេះ។ លោក​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «បដិសេធ​ក្នុង​ការ​ចូល​ខ្លួន» គឺ​ជា​បទ​ចោទ​ ដែល​ធ្វើ​ឡើង ក្រោយ​ពី​លោក​កឹម សុខា បាន​បដិសេធ​ពីរ​លើក​ក្នុង​ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្ស៊ី​ក្នុង​សំណុំ​រឿង​សញ្ជា​កម្ម​ ដែល​មាន​កញ្ញា​ស្រី​មុំ ជា​ជន​រង​គ្រោះ។

យ៉ាងណា​ក៏​ដោយ មក​ដល់​ពេល​នេះ​ ក្រុម​មេធាវី​លោក​កឹម សុខា មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ថា​តើ​ទាំង​មេធាវី និង​កូន​ក្តី​នឹង​ចូលរួម​សវនាការ​ឫ​ក៏​អត់​នោះ។ ក៏​ប៉ុន្តែ​លោក​មេធាវី​ចាន់ ចេន បាន​គូស​បញ្ជាក់​ថា ក្រុម​មេធាវី និង​លោក​កឹម សុខា នឹង​គោរព​ទៅ​តាម​ច្បាប់​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI