កម្ពុជា

លោក កឹម សុខា ចូល​សួរ​សុខ​ទុក្ខ និង​ស្អំ​ចិត្ត​សមាជិក​បក្ស​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ

លោកកឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​
លោកកឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​នេះ លោក កឹម សុខា ប្រធាន​ស្តីទី គណបក្ស​សង្រ្គោះ​​ជាតិ បាន​ដឹក​នាំ​ក្រុម​តំណាង​រាស្រ្ត​ជា​ច្រើន​រូប ចូល​សួរ​សុខ​ទុក្ខ​តំណាង​រាស្រ្ត និង​សកម្មជន​របស់​ខ្លួន ដែល​កំពុង​ជាប់​ឃុំ​ខ្លួន នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​១ ក្នុង​សង្កាត់​ដង្កោរ ខណ្ឌ​ដង្កោរ រាជ​ធានី​ភ្នំពេញ។ ហាក់​ប្រុង​ប្រយត្ន​ឆ្លើយ​ឆ្លង​នឹង​អ្នក​កាសែត លោក កឹម សុខា បាន​ថ្លែង​ត្រឹម​ពីរ​ពាក្យ​ថា «បរិយាកាស​ល្អ» ក្រោយ​អ្នក​សារព័ត៌មាន​ព្យាយាម​ជា​លើក​ទីពីរ​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ ដោយ​លោក​បង្វែរ​សំណួរ​នៅ​សល់​ទៅ​កាន់​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ​ផ្សេង​ទៀត។​

ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា ប្រធាន​ស្តីទី​បក្ស​សង្រ្គោះ​ជាតិ នៅ​វេលា​ម៉ោង​ជាង ១០​ព្រឹក ថ្ងៃ​ទី​០៨ ខែ​ធ្នូ នេះ បាន​ដើរ​ចេញ​ពី អគារ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​១ ក្នុង​សង្កាត់​ដង្កោរ ខណ្ឌ​ដង្កោរ រាជ​ធានី​ភ្នំពេញ។ មណ្ឌល​ដែល​លោក កឹម សុខា និង​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ផ្សេង​ទៀត បាន​មក​ដើម្បី​សាក​សួរ​សុខ​ទុក្ខ តំណាង​រាស្រ្ត និង​សកម្មជន របស់​ខ្លួន ទាំង​ ១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ។

ក្នុង​សំលៀក​ពាក់​អាវ​ស ខោ​ខ្មៅ លោក កឹម សុខា ញញឹម​ស្ងួត សំដៅ​មក​រក​រថយន្ត​របស់​លោក ដែល​កំពុង​បញ្ឆេះ​ចាំ ហើយ​រួត​បិទ​សំណាញ់​ខ្មៅ ដោយ​មិន​រវល់​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត កំពុង​រង់ចាំ​ព្រោង​ព្រៀត​នៅ​មុខ​ច្រក​ចូល​មណ្ឌល ដែល​ដាក់​ខណ្ឌ​ដោយ​បារ៉ាស់ របស់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ និង​ទាហាន​ជា​ច្រើន​នាក់​ក្នុង​ឯក​សណ្ឋាន។

គឺ​លោក អ៊ូ ច័ន្ទ​ឬទ្ធិ តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​ឆ្លើយ​តប​សំណួរ​របស់​អ្នក​កាសែត​ជំនួស​លោក កឹម សុខា។ បើ​តាម​លោក អ៊ូ ច័ន្ទឬទ្ធិ វត្ត​មាន​ពេល​នេះ គឺ​លោក កឹម សុខា និង​តំណាង​រាស្រ្ត​អម​ដំណើរ ១១​រូប​ផ្សេង​ទៀត បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ សកម្មជន​បក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ និង​ផ្តល់​ព័ត៌មាន​ចុង​ក្រោយ ពិសេស​អំពី​ជំនួប «បញ្ហា​ជាតិ» រវាង​មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា នា​ពេល​ថ្មី​ៗ​នេះ។ លោក​បញ្ជាក់​ថា សកម្មជន​កំពុង​ជាប់​ឃុំ បាន​សម្តែង​ក្តី​រីករាយ និង​ឯកភាព​ចំពោះ​ថ្នាក់​ដឹកនាំ លោក កឹម សុខា ដែល​បាន​លើក​បញ្ហា សកម្មជន​បក្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ ទាំង​ ១៥​រូប ទៅ​ចរចា​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ឲ្យ​បាន​ដោះលែង​ពួក​គេ​នៅ​ចុង​ឆ្នាំ​ ២០១៦​នេះ។

ចេញ​ពី​មណ្ឌល​កែប្រែ​ភ្លាម លោក កឹម សុខា ក៏​បាន​ស្កាត់​ទៅ​ជួប លោក ស៊ាង ចែត មេឃុំ​ស្រក មក​ពី​គណបក្ស​សម​ រង្ស៊ី នៃ​ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម ដែល​កំពុង​រងចាំ នៅ​វត្ត​អង្គ​មេត្រី ​(កៀក​នឹង ពន្ធនាគារ នេះ​ដែរ) ដើម្បី​សូត្រ​មន្ត​រំដោះ​គ្រោះ និង​លើក​រាសី​ទាំង​អស់​គ្នា។ លោក ស៊ាង ចែត ត្រូវ​បាន​តុលាការ ដោះ​លែង​ចេញ​ពី​ពន្ធនាគារ នៅ​ម៉ោង ៩ ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ តាម​ព្រះ​រាជ​ក្រឹត្យ លើក​លែង​ទោស របស់​ព្រះ​មហាក្សត្រ ដែល​ធ្វើ​ឡើង​តាម​សំណើ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា កាល​ពី ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ លោក​ ស៊ាង​ ចែត​ ដែល​ត្រូវ​តុលាការ ផ្តន្ទា​ទោស ដាក់​ពន្ធនាគារ​រយៈ​ពេល​ ៥​ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​ ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​ធ្នូ ​បន្ទាប់​ពី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​មេសា ឆ្នាំ​២០១៦ តាម​ចម្លើយ របស់​កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បរិហារ​ថា ជា​អ្នក​ហាម​នាង មិន​ឲ្យ​ប្រាប់​ការ​ពិត ដល់​សមត្ថកិច្ច អំពី​ទំនាក់​ទំនង​រវាង​នាង និង​លោក កឹម សុខា។ ​

មុន​ពេល​ចាក​ចេញ​ពី​វត្ត​អង្គ​មេត្រី លោក ឡុង រី អង្គរក្ស និង​តំណាង​រាស្រ្ត បក្ស​សង្រ្គោះ​ជាតិ បាន​ហុច​កញ្ចប់​ថវិកា ក្នុង​ស្រោម​សំបុត្រ​ពណ៌​ស រៀបចំ​ជា​ស្រេច ជូន​លោក កឹម សុខា ដើម្បី​ប្រគល់​ជូន ស៊ាង ចែត មេឃុំ​ស្រក លោក ស៊ាង ចែត មុន​ពេល​ដើរ​សំដៅ​រក​រថយន្ត​បញ្ជេះ​ចាំ​ជា​ស្រេច។ គឺ​ទី​នេះ​ហើយ ដែល​លោក កឹម សុខា ដាច់​ចិត្ត​បង្ហើប​មាត់ បន្លឺ​ពាក្យ​ថា «បរិយាកាស​ល្អ» ក្រោយ​អ្នក​សារព័ត៌មាន​ព្យាយាម​ជា​លើក​ទីពីរ​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​របស់​ប្រធាន​ស្តីទី​បក្ស​សង្រ្គោះ​ជាតិ ក្រោយ​ជំនួប​សម្ងាត់​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​ម្សិល​មិញ។

គួរ​ជម្រាប​ថា លោក ស៊ាង ចែត នៅ​តែ​អះអាង​ថា ខ្លួន​លោក​ជា មនុស្ស​ស្អាត​ស្អំ ហើយ​នឹង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ធ្វើ​ជា​មេឃុំ​ស្រក បន្ត​ទៀត ខណៈ​ពលរដ្ឋ​មូលដ្ឋាន​នៅ​តែ​ត្រូវ​ការ​រូប​លោក ហើយ​តំណែង​ជា​មេឃុំ​ស្រក មិន​ទាន់​រុះរើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI