កម្ពុជា

លោក​កឹម សុខា៖ រដូវ​ភ្ជុំបិណ្ឌ​នេះ​លោក​ចង់​ជួប​ជុំ​គ្រួសារ និង​គ្រួសារ​នយោបាយ​ខ្មែរ

លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ Faceboook

ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​មួយ ដោយ​លោក​បាន​លើក​ឡើង​ថា ក្នុង​រដូវ​ភ្ជុំ​ខាង​មុខ​នេះ លោក​ចង់​ជួប​ជុំ​ក្រុម​គ្រួសារ​នយោបាយ​ខ្មែរ​ឡើង​វិញ រួម​ទាំង​ការ​ដោះ​លែង​អ្នក​ទោស​មួយ​ចំនួន​ផង។ គណបក្ស​កាន់​អំណាច​វិញ នៅ​តែ​រក្សា​ជំហរ​ដដែល ហើយ​បញ្ជាក់​ថា​ការ​លើក​ឡើង​នេះ​ជា​រឿង​ហួស​ហេតុ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វីដេអូ​ ដែល​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា បាន​ឲ្យ​ដឹង​ថា​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​លោក​កឹម សុខា មិន​មែន​គ្រាន់​តែ​ចង់​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ចង់​ជួបជុំ​ក្រុម​គ្រួសារ​នយោបាយ​ខ្មែរ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ជាតិ​ជាមួយ​គ្នា។​

ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សង្គម​ស៊ីវិល ដែល​កំពុង​ជាប់​ពន្ធនាគារ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ទៀត​ថា​ លោក​ចង់​ឲ្យ​មាន​ការ​ដោះលែង សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ថ្នាក់​ដឹកនាំ​គណបក្ស សកម្មជន​សង្គម​ស៊ិវិល សកម្មជន​ដីធ្លី និង​មន្ត្រី​គ.ជ.ប ជា​ដើម នៅ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ។

លោក​កឹម សុខា​ជឿ​ថា​ក្នុង​ឋានៈ​ជា​ថ្នាក់​ដឹកនាំ ដែល​មាន​ព្រហ្មវិហារធម៌ នោះ​មិនចាំបាច់​និយាយ​វែកញែក​អ្នក​ណា​ខុស​ច្បាប់ ឬ​ត្រូវ​ច្បាប់​ទេ ព្រោះ​វែកញែក​អស់​ហើយ។ លោក​បន្ថែម​ថា​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​គេ​និយាយ​ពី​គុណ​ធម៌​របស់​មនុស្ស ដូច្នេះ​លោក​សុំ​ឲ្យ​វិញ្ញាណ​អ្នក​ដឹកនាំ​ជំនាន់​មុន​មក​សណ្ឋិត​អ្នក​ដឹកនាំ​បច្ចុប្បន្ន ដើម្បី​ឲ្យ​អ្នក​ដឹកនាំ​បច្ចុប្បន្ន​មាន​មេត្តាធម៌ ហើយ​ដោះលែង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ថ្នាក់​ដឹកនាំ​គណបក្ស សកម្មជន​សង្គម​ស៊ិវិល សកម្មជន​ដីធ្លី និង​មន្ត្រី​គ.ជ.ប​ជា​ដើម នៅ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ។

លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក កឹម សុខា ថា​ជា​រឿង​ហួស​ហេតុ​ពេក ព្រោះ​មនោ​សញ្ចេតនា និង​ច្បាប់​គឺ​ជា​រឿង​ដោយ​ឡែក​ពី​គ្នា។ លោក​បន្ថែម​ថា​ការ​លើក​ឡើង​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​ទាំង​នោះ ជា​ការ​រំលោភ​ច្បាប់។ បើ​តាម​លោក​សុខ ឥសាន កន្លង​មក​គណបក្ស​ប្រឆាំង​តែងតែ​វាយ​ប្រហារ​រដ្ឋាភិបាល​ជុំវិញ​វប្បធម៌​និទណ្ឌភាព តែ​ពេល​នេះ​គណបក្ស​ប្រឆាំង​កំពុង​តែ​យក​វប្បធម៌​និទណ្ឌភាព​មក​ជំនួស​ឲ្យ​នីតិរដ្ឋ​ទៅ​វិញ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ទោះបី​ជា​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា​នេះ ក៏​ការ​ដោះលែង​អ្នក​ទោស​ទាំង​នោះ​មិន​អាច​ទៅ​រួច​នោះ​ទេ។

គួរ​រំលឹក​ជូន​ថា​ស្ថានការណ៍​នយោបាយ​កម្ពុជា​ត្រូវ​បាន​អន្តរជាតិ​មួយ​ចំនួន​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន បន្ទាប់​ពី​មាន​ដីកា​ជា​បន្ត​បន្ទាប់​បាន​ធ្លាក់​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន រួម​ទាំង​មន្ត្រី​គ.ជ.ប​ម្នាក់​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI